ព្រឹទ្ធសភា​អាមេរិក​​​​​ពិចារណា​ថវិកា​ជំនួយ​​វិបត្តិ​កូវីដ ​​​១,៩​លាន​លាន​ដុល្លារ​របស់​បក្ស​ប្រជាធិបតេយ្យ

រូបឯកសារ៖ ទង់ជាតិសហរដ្ឋអាមេរិករាប់រយត្រូវបានដោតនៅក្នុងសួនឧទ្យាន National Mall ដើម្បីគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកបាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ចាប់ផ្តើម​ជជែក​ដេញដោល​សេចក្តី​ព្រាង​ច្បាប់​ជំនួយ​គ្រា​វិបត្តិកូវីដ១៩ ​ដែល​មាន​ទឹកប្រាក់ ​១,៩​ លាន​លាន​ដុល្លារ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

គណបក្ស​ប្រជាធិបតេយ្យ​បាន​កែប្រែ​ខ្លះ​ក្នុងច្បាប់​នោះ​នៅ​នាទី​ចុង​ក្រោយ ​ក្នុងគោលបំណង​ធ្វើឲ្យ​ប្រាកដ​ថា ពួកគេ​អាច​ជំរុញ​ឲ្យ​ច្បាប់​អាទិភាពមួយនេះ​របស់​លោក​ប្រធានាធិបតី Joe Biden បាន​ឆ្លង​ផុត​សភា​ដែល​ខ្វែងគំនិត​គ្នា។

ក្រុម​ប្រជាធិបតេយ្យ​សង្ឃឹម​ថា ​ព្រឹទ្ធសភានឹង​អនុម័តកញ្ចប់​ជំនួយ​នេះ​មុន​សប្តាហ៍​ក្រោយ ដើម្បី​ឱ្យ​ឆាប់​បានបញ្ជូន​ទៅឲ្យ​លោក​ប្រធានាធិបតី Biden ចុះ​ហត្ថលេខា។

ពួកគេ​កំពុង​ប្រឈម​ការ​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំងពីគណបក្ស​សាធារណរដ្ឋដែល​ជំទាស់​ថា ប្រាក់​ជំនួយដ៏​ច្រើន​នៃ​សេចក្តី​ព្រាងច្បាប់​នោះ​មើលរំលង​នូវ​សញ្ញា​ល្អថា ទាំង​ការ​រាតត្បាត​ជំងឺនិង​សេដ្ឋកិច្ច កំពុង​ចាប់​ធូរ​ស្បើយ​វិញ​ហើយ៕