ទីភ្នាក់ងារម្ហូបអាហារនិងឱសថ (FDA) របស់សហរដ្ឋអាមេរិកបានអនុញ្ញាតជាផ្លូវការឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson កាលពីថ្ងៃសៅរ៍។ វ៉ាក់សាំងរបស់ក្រុមហ៊ុននេះតម្រូវឲ្យចាក់តែមួយដូសតែប៉ុណ្ណោះ។
ការអនុញ្ញាតនេះបើកផ្លូវឲ្យមានការចាក់វ៉ាក់សាំងនេះដល់សាធារណជនឲ្យបានលឿនបំផុតនៅថ្ងៃច័ន្ទស្អែក។
វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson មានប្រសិទ្ធភាពចំនួន ៨៥% មិនឲ្យអ្នកជំងឺកូវីដ១៩ មានអាការៈធ្ងន់ធ្ងរ ចូលព្យាបាលក្នុងមន្ទីរពេទ្យ និងស្លាប់ដោយសារជំងឺនេះ។ នេះបើយោងតាមទិន្នន័យពីការសិក្សាមួយដែលបានធ្វើឡើងនៅក្នុងទ្វីបចំនួន ៣ ។
វ៉ាក់សាំងនេះអាចបង្ការជំងឺកូវីដ១៩ នៅតាមបណ្ដាប្រទេសនានា រួមទាំងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលកំពុងតែមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ វិវត្តថ្មីផងដែរ។
វ៉ាក់សាំងដែលតម្រូវឲ្យចាក់តែមួយដូសនេះគឺជាអ្វីដែលក្រុមមន្ត្រីសុខាភិបាលបានរង់ចាំយ៉ាងអន្ទះសារជាយូរមកហើយ ដែលពួកគេចង់ពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងជំងឺកូវីដ១៩ វិវត្តថ្មីនេះ។
គិតត្រឹមល្ងាចថ្ងៃសៅរ៍ ពលរដ្ឋអាមេរិកាំងជាង ២៨ លាន ៥ សែននាក់បានឆ្លងជំងឺកូវីដ១៩ ហើយពលរដ្ឋជាង ៥ សែន ១ ម៉ឺននាក់បានស្លាប់ដោយសារជំងឺនេះ។ នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានស្ងើចសរសើរអំពី «ដំណឹងដ៏ល្អនេះសម្រាប់ពលរដ្ឋអាមេរិកាំងទាំងអស់» នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍។ លោកក៏បានជំរុញផងដែរកុំឲ្យពលរដ្ឋអាមេរិកាំងមានការធ្វេសប្រហែស។
លោកប្រធានាធិបតី Biden បានថ្លែងថា៖ «ប៉ុន្តែខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺនេះនៅវែងឆ្ងាយតទៅទៀត»។
លោកបានបន្ថែមថា៖ «ខ្ញុំជំរុញពលរដ្ឋអាមេរិកាំងទាំងអស់ឲ្យបន្ដលាងដៃ រក្សាគម្លាតពីគ្នា និងពាក់ម៉ាស់ជាប់ជានិច្ច។ ដូចដែលខ្ញុំបាននិយាយជាច្រើនលើកច្រើនសាររួចមកហើយ ស្ថានភាពនេះនៅតែអាចកាន់តែអាក្រក់ជាងមុនទៅទៀត ដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ វិវត្តថ្មី ហើយស្ថានភាពដែលប្រសើរឡើងនៅពេលបច្ចុប្បន្ននេះទំនងជានឹងអាចផ្លាស់ប្ដូរទៅជាអាក្រក់ជាងមុនបាន»៕