ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ចូលរួម​រំលែក​ទុក្ខ​អ្នក​ស្លាប់​កន្លះ​លាន​នាក់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​អ្នកស្រី Jill Biden ដែល​ជា​ភរិយា បាន​គោរព​វិញ្ញាណក្ខន្ធ​ដែល​អ្នក​ស្លាប់​ចំនួន​កន្លះលាន​នាក់​​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ឯ​សេតវិមាន ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​អ្នកស្រី Jill Biden ដែល​ជា​ភរិយា បាន​គោរព​វិញ្ញាណក្ខន្ធ​ដែល​អ្នក​ស្លាប់​ចំនួន​កន្លះលាន​នាក់​​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ឯ​សេតវិមាន ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ស្រប​ពេល​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ កើន​ដល់​កន្លះ​លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក លោក ប្រធានាធិបតី Joe Biden កាល​ពី​ព្រលប់​ថ្ងៃ​ចន្ទ​បាន​ដើរ​ទៅ​កាន់​អាគារ​ខាងត្បូង​ក្នុង​សេតវិមាន ដែល​តុបតែង​ដោយ​ក្រណាត់​ពណ៌​ខ្មៅ​និង​ទៀន​ចំនួន ៥០០ ដើម។

នៅ​អម​លោក​ប្រធានាធិបតី មាន​ភរិយា​របស់​លោក​គឺ​អ្នកស្រី Jill Biden និង​អ្នកស្រី​អនុ​ប្រធានាធិបតី Kamala Harris និង​ស្វាមី​របស់​អ្នកស្រី​លោក Doug Emhoff។ ពួកគេ​ឈរ​ដោយ​ស្ងៀមស្ងាត់ នៅ​ពេល​ដែល​ក្រុម​តន្ត្រី​របស់​ទ័ព​ម៉ារីន​ប្រគុំ​ភ្លេង «Amazing Grace»។

នៅ​ពេល​ភ្លេង​ចប់ លោក Biden ដែល​ជា​អ្នក​កាន់​គ្រិស្ត​សាសនា​កាតូលិក​ខ្ជាប់ខ្ជួន បាន​ធ្វើ​សញ្ញា​ឈើ​ឆ្កាង។

នៅ​ប៉ុន្មាន​នាទី​មុន​កម្មវិធី​នេះ នៅ​ឯ​សាល Cross Hall នៃ​សេតវិមាន លោក Biden បាន​អំពាវនាវ​ឲ្យ​ជន​រួម​ជាតិ​ចូលរួម​ស្មឹងស្មាត ហើយ​លោក​បាន​ថ្លែង​ក្នុង​សំឡេង​ស្រាលៗ​សំដៅ​ដល់​អ្នក​ដែល​បាន​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ដោយសារ​ជំងឺ​កូវីដ១៩។

លោក Biden បាន​ថ្លែង​ដូច្នេះ​ថា៖ «វា​ហាក់​ដូចជា​មិន​គួរ​ឲ្យ​ជឿ ប៉ុន្តែ​ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា ថ្ងៃ​នោះ​នឹង​មក​ដល់ ថ្ងៃ​ដែល​ការ​ចងចាំ​ពី​មនុស្ស​ដែល​អ្នក​បាន​បាត់បង់ ផ្ដល់​ស្នាម​ញញឹម​ដល់​អ្នក មុន​ពេល​ដែល​ទឹក​ភ្នែក​របស់​អ្នក​ស្រក់។ យើង​នឹង​ឆ្លង​ផុត​បញ្ហា​នេះ។ ខ្ញុំ​សន្យា​ជាមួយ​អ្នក»។

កាល​ពី​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី​បាន​បញ្ជា​ឲ្យ​បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់​កណ្ដាល​ដង​នៅ​តាម​អាគារ​រដ្ឋាភិបាល​នានា រយ:ពេល ៥ ថ្ងៃ៕

XS
SM
MD
LG