ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ឲ្យ​មាន​ការ​សើរើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់

លោក Mitch McConnell ប្រធាន​ក្រុម​សំលេង​ភាគ​ច្រើន​របស់​ព្រឹទ្ធសភា​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​វិមាន Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអង្គារ​ ទី៥ ខែឧសភា ឆ្នាំ២០១៥។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ដោយ​ផ្តល់​ឲ្យ​សភា​នូវ​សិទ្ធិសើរើ​ពិនិត្យ​មើល ​ហើយ​និង​អាច​ច្រាន​ចោល​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ដែល​មាន​គោល​បំណង​រារាំង​កម្មវិធី​អភិវឌ្ឍន៍​នុយក្លែអ៊ែ​របស់​អ៊ីរ៉ង់។

ព្រឹទ្ធ​សភា​បាន​បោះឆ្នោត​៩៨​សំឡេង​ទល់​នឹង​មួយ​សំឡេង​ដើម្បី​គាំទ្រ​វិធានការ​នោះ​ដែល​ឥឡូវ​នេះ​បញ្ជូន​ទៅ​សភា​តំណាងរាស្រ្តដែលគេ​អាច​ពិចារណា​សេចក្តី​ព្រាងច្បាប់​នោះ​នៅ​សប្តាហ៍​ក្រោយ។

មុន​ដំបូង លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា​ បាន​ជំទាស់​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​នោះ​របស់​សភា​ដែល​សហរដ្ឋ​អាមេរិក​និង​មហាអំណាច​ទាំង​៥​របស់​ពិភពលោក​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​ទីក្រុងតេហេរ៉ង់ (Tehran)ដើម្បី​កម្រិត​សមត្ថភាព​អភិវឌ្ឍន៍​អាវុធ​នុយក្លែអ៊ែ។ ក៏ប៉ុន្តែ លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា ​លោក​នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​នៅ​ពេល​បច្ចុប្បន្ននេះ ​ប្រសិន​បើ​សភា​ផ្តល់​ការ​យល់​ព្រម​លើក​ចុង​ក្រោយ។

សេចក្តី​ព្រាង​ច្បាប់​នោះ​នឹង​ផ្តល់​រយៈ​ពេល​៣០​ថ្ងៃ​ដល់​សភា​ដើម្បី​ពិនិត្យ​មើល​កិច្ច​ព្រមព្រៀង​នោះ ថាតើ​សភា​សម្រេច​គាំទ្រ​ឬ​ក៏ច្រាន​ចោល។

ប្រទេស​អ៊ីរ៉ង់​បាន​ស្ថិត​នៅ​ក្នុង​ដំណាក់​ការចុងក្រោយដើម្បី​ចរចា​កិច្ច​ព្រមព្រៀង​នោះ​ជាមួយ​ប្រទេស​រុស្ស៊ី ​ចិន ​អាល្លឺម៉ង់ ​បារាំង ​អង់គ្លេស​និង​សហរដ្ឋ​អាមេរិក​ដែល​នឹង​ទប់ស្កាត់​កម្មវិធី​នុយក្លែអ៊ែ​របស់​ខ្លួន។ នៅ​ក្នុង​ការ​ដោះដូរ​វិញ ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ដែល​បាន​ធ្វើ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ ​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​នៅ​អឺរ៉ុប​ទៅ​លើ​អ៊ីរ៉ង់​នឹង​ត្រូវ​បន្ធូរ​បន្ថយ ​ក៏ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នៃ​សើរើ​ពិនិត្យ​របស់​សភា ​លោក​ប្រធានា​ធិបតី​អូបាម៉ា​នឹង​មិន​អាច​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​បាន​ទេ៕