សហរដ្ឋ​អាមេរិក​តាំង​ចិត្ត​ធ្វើ​​ពាណិជ្ជកម្ម​ជាមួយ​តំបន់​អាស៊ី​អាគ្នេយ៍

លោក Wilbur Ross ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​ចាប់​ដៃ​ជាមួយ​នឹង​លោក Li Keqiang ​នាយករដ្ឋមន្ត្រី​ចិន​នៅ​ពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី ស្រប​ពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៥ នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

សហរដ្ឋ​អាមេរិក​តាំង​ចិត្ត​មុតមាំ​ចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោក Wilbur Ross នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ក្នុង​សន្និសីទ​មួយ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

លោក Ross និង​មន្ត្រី​រដ្ឋាភិបាល​អាមេរិកាំង​ផ្សេង​ទៀត​បាន​បង្ហាញ​អំពី​ការ​ប្រឡូក​របស់​សហរដ្ឋ​អាមេរិក​ផ្នែក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ផ្ដួចផ្ដើម​ថ្មី​មួយ​សម្រាប់​ផ្ដល់​ហិរញ្ញប្បទាន​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ឯ​វេទិកា​ពាណិជ្ជកម្ម​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​មាន​ការ​ចូលរួម​ពី​អ្នក​តំណាង​អាជីវកម្ម និង​អ្នក​តំណាង​រដ្ឋាភិបាល​ប្រហែល ១ ពាន់​នាក់ នៅ​ជាយ​ក្រុង​បាងកក ប្រទេស​ថៃ។

លោក Ross និង​លោក Robert O' Brien ដែល​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក Trump គឺ​ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​នានា​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។ មេដឹកនាំ​ក្នុង​តំបន់​ផ្សេង​ទៀត​ភាគ​ច្រើន ដែល​ក្នុង​នោះ​មាន​ទាំង​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang ផង​ដែរ បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ។

លោក Ross បាន​និយាយ​ថា រដ្ឋបាល​របស់​លោក Trump តាំង​ចិត្ត​ពេញលេញ​នៅ​ក្នុង​ការ​ចូលរួម​ប្រឡូក​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក Trump បាន​ចេញ​លិខិត​តាម​រយៈ​លោក O'Brien ដោយ​អញ្ជើញ​មេដឹកនាំ​អាស៊ាន​នានា​ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ដើម​ឆ្នាំ​ក្រោយ។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ ឡើយ​អំពី​សេចក្ដី​លម្អិត​នៃ​ការ​អញ្ជើញ​នេះ ហើយ​និង​ការ​ឆ្លើយតប​របស់​មេដឹកនាំ​ផ្សេង​ទៀត​ចំពោះ​ការ​អញ្ជើញ​នេះ។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប្រទេស​ថៃ ដែល​ជា​ប្រទេស​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន បាន​ប្រកាស​អំពី​ការ​ឯកភាព​ដ៏​រដាក់រដុប​មួយ​លើ​គម្រោង​នានា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មាន​ប្រទេស​ចំនួន ១៦ ចូលរួម ដោយ​មិន​មាន​ការ​ចូលរួម​ពី​សហរដ្ឋ​អាមេរិក៕