សហរដ្ឋ​អាមេរិក​អួត​ពី​ភាព​ងាយ​ស្រួល​ក្នុង​ការ​កម្ទេច​កោះ​តូចៗ​របស់​ចិន

កង​នាវា​មុជ​ទឹក​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​​នាវា​ចម្បាំងអាច​បើក​បរ​លើ​គោក​បាន កំពុង​ធ្វើ​សមយុទ្ធ​នៅ​លើ​ដី​ក្នុង​សមយុទ្ធ Baltops ​ឆ្នាំ​២០១៨ នៅ​សមុទ្រ​បាល់ទិច ក្នុង​ប្រទេស​លីទុយអានី កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ២០១៨។

ប្រជុំ​កោះ​ដែល​បង្កើត​ឡើង​សម្រាប់​គោល​បំណង​ខាង​យោ​ធា​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​នឹង​មិន​បន្លាច​សហរដ្ឋ​អាមេរិក​ដែល​កំពុង​សន្យា​បន្ត​ធ្វើ​នាវា​ចរណ៍​ដោយ​សេរី​ទេ​ ថ្វី​បើ​ការ​គំរាម​កំហែង​កើន​ឡើងក៏ដោយ។

លោក​ឧត្តមសេនីយ៍​ឯក​កងនាវា​មុជ​ទឹក​ Kenneth McKenzie ​នាយ​អគ្គសេនា​ធិការ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ​នៅ​ពេល​ដែល​គេ​សួរ​ថា​តើ​សហរដ្ឋ​អាមេរិកអាច​កម្ទេច​កោះ​ណា​មួយ​ដែល​ចិន​បង្កើត​ឡើង។

លោក​ឧត្តមសេនីយ៍ McKenzie ​បាន​និយាយ​ថា៖ «យើង​មាន​បទពិសោធន៍​យ៉ាង​ច្រើន​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី២​ដើម្បី​កម្ទេចប្រ​ជុំ​កោះ​តូចៗ​ដែល​នៅ​ដាច់​ពី​គេ។ ​ដូច្នេះ នេះ​ជា​សមត្ថភាព​យ៉ាង​ខ្លាំង​មួយ​របស់​កង​ទ័ព​សហរដ្ឋ​អាមេរិក»។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​លោកឧត្តមសេនីយ៍​និយាយ​បន្ថែម​ទៀត​ថា ​ចិនមិន​ត្រូវ​បកស្រាយ​អ្វី​ច្រើន​ក្រៅ ពី​ធ្វើ​សេចក្តី​ថ្លែងការណ៍​បង្ហាញ​ពី​ការ​ពិត​ជាក់​ស្តែង​នៃប្រវត្តិសាស្រ្ត​នោះ​ទេ។

នាវា​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​ជា​បន្ត​បន្ទាប់​ដែល​មាន​គោល​បំណង​ជំទាស់​ប្រឆាំង​ការទាម​ទា​របស់​ចិន​ថា ផ្នែក​នានា​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន។ ​កាល​ពី​ពេល​ថ្មីៗ​នេះ​ នាវា​ចំបាំង​២​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​នៅ​ជិត​ប្រជុំ​កោះ​ Paracel ​នៅ​ផ្ទៃ​ទឹក​ទល់​មុខ​ឆ្នេរ​សមុទ្រ​វៀតណាម។

​ចិន​បាន​ចោទ​សួរ​ពី​កិច្ច​ប្រតិបត្តិការ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ដែល​បាន​ហៅ​ការ​អះ​អាង​ថា ​ចិន​ធ្វើ​សកម្មភាព​ខាង​យោធា​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​«ជាការ​គួរ​ឲ្យ​អស់​សំណើច»។

​លោកស្រី​ Hua Chunying ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ក្នុង​អំឡុង​នៃ​សន្និសីទ​កាសែត​ថា៖ «វោហាសាសន៍នេះ​ដូច​ជា​ករណី​ចោរ​ស្រែក​ហៅ​ឲ្យ​គេ​បញ្ឈប់​ចោរ​ដើម្បី​បិទបាំង​អំពើ​អាក្រក់​របស់​ខ្លួន»។

លោក​ស្រី​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​និយាយ​ទៀត​ថា៖ «វត្តមាន​យោធា​សហរដ្ឋ​អាមេរិក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​កំពុង​រីក​កាន់​តែ​ធំ​ឡើង​ជាង​វត្តមាន​ចិន​និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​សមុទ្រ​នោះ»។

ពួក​មន្រ្តី​យោធា​សហរដ្ឋ​អាមេរិក​និយាយ​ថា ​ចិន​បាន​ដឹក​កាំ​ជ្រួច​មីស៊ីល​បាញ់​ពី​ដី​ទៅ​អាកាស​ហើយ​នឹង​កាំ​ជ្រួច​មីស៊ីល​ការ​ពារ​ដែន​អាកាស​ដែល​មាន​សមត្ថភាព​បាញ់​ទៅ​លើ​ប្រជុំ​កោះនៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

កាលពី​ដើម​សប្តាហ៍​មុន ​លោក​ Jim Mattisរដ្ឋ​មន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេ​រិក​បាន​រិះ​គន់​ការ​ស្ថាបនា​ខាង​យោធា​របស់​ចិន​នៅ​ក្នុង​តំបន់។

លោក​ Mattis ​រដ្ឋមន្រ្តី​ការ​ពារ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ដោយ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពី​ការមិន​គោរ​ព​ពាក្យ​សន្យា​ឆ្នាំ​២០១៥ ដោយ​ប្រធានា​ធិបតី ​ស៊ី ​ជីង​ពីង​ ចំពោះលោក ​បារ៉ាក់ ​អូបាម៉ា ​ដែល​កាល​នោះ​ជា​ប្រ​ធា​នាធិបតី​សហរដ្ឋ​អាមេរិក។

​លោករដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​អាមេរិក​ Mattis​ ក៏​បាន​និយាយ​ដែរ​ថា ​ចិន​ជា​ប្រ​ទេស​តែ​មួយ​គត់​ដែល​ហាក់​ដូច​ជា​ចាត់​វិធានការ​យ៉ាង​សកម្ម​ដើម្បី​ច្រាន​ចោល​សេរីភាព​នៃ​កិច្ច​ប្រតិបត្តិការ​នៃ​ការ​ធ្វើ​នាវាចរណ៍ក្នុង​ផ្ទៃ​ទឹក​អន្តរជាតិ។

​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក​បាន​និយាយ​ខណៈ​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ដើម្បី​ចូលរួម​ការ​សន្ទនា​ប្រចាំ​ឆ្នាំ​ហៅ​ថា ​Shangri –La ​ដែល​ជា​ជំនួប​មួយ​របស់​ពួក​មន្រ្តីការ​ពារ​ប្រទេស​អាស៊ី​ និង​មេដឹកនាំ​ប្រទេស​ផ្សេង​ៗ​ទៀត។

​អត្ថា​ធិប្បាយ​របស់​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​មន្ទីរ​បញ្ចកោណ​ កាល​ពី​សប្តាហ៍​មុន​បាន​លុប​ចោល​សេចក្តី​អញ្ជើញ​ឲ្យ​ចិន​ចូលរួម​ក្នុង​សម យុទ្ធ​នាវា​ RIMPAC នៅ​ចុងឆ្នាំ​នេះ​ដោយ​លើក​ហេតុផល​ពី​អាកប្ប​កិរិយារបស់​ចិន​ក្នុង​សមុទ្រ​ចិនខាង​ត្បូង។

អ្នកនាំ​ពាក្យ​ក្រសួងការ​ពារ​ប្រទេស​ចិន ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​រដ្ឋ​មន្រ្តីការ​ពារប្រទេស​អាមេរិក ​Mattis ​កាល​ពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន ​ក៏​ប៉ុន្តែ ​បាន​និយាយថា ​ចំណង​ទាក់​ទង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីន​តោន​មាន​ស្ថិរភាព​យ៉ាង​ខ្លាំង ថ្វី​បើ​មាន​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ដោយ។

លោក​ Ren Guoqiang​ អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​ចិន​ក៏​បាន​សម្តែង​នូវក្តី​សង្ឃឹម​ដែរ​ថា ​លោក​ Mattis ​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក​នឹង​បំពេញ​ទស្សនៈ​កិច្ច​ប្រទេស​ចិន​នៅ​អនាគត​ឆាប់ៗ​នេះ។

​អ្នក​នាំពាក្យ​ការពារ​ប្រទេស​ចិន​បាន​និយាយ​ទៀត​ថា៖ «ភាគីទាំង២​បាន​រក្សា​ការ​ទាក់​ទង​និង​សម្រប​សម្រួល​គ្នា​ជា​ប្រចាំ»៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន​