រដ្ឋ​មន្ត្រី​ការបទេស​អាមេរិក​នឹង​ទៅ​មជ្ឈិម​បូព៌ា​ដើម្បី​ជួយ​ដោះស្រាយ​អំពើ​ហិង្សា​

មន្រ្តី​ប៉ូលិស​នៅ​តាម​ព្រំដែន​របស់​អ៊ីស្រាអែល​ជួយ​ដាក់​រនាំង​បេតុង​នៅ​លើ​ផ្លូវ នៅ​ច្រក​ចេញ​ចូល​ទៅ​សង្កាត់ Jabal Mukaber ភាគ​ខាង​កើត​ក្រុង​ហ្ស៊េរុយសាឡិម (Jerusalem) កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥។

លោក​រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ ចន ឃែរី (John Kerry) កំពុង​រៀបចំ​ធ្វើ​ដំណើរ​ទៅ​តំបន់​មជ្ឈិម​បូព៌ា​ដើម្បី​ទៅ​ស្វែងរក​មធ្យោបាយ​ជួយ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​ឡើងវិញ​ក្នុង​ពេល​មាន​រលក​ហិង្សា​រវាង​ជនជាតិ​ប៉ាឡេស្ទីន​ និង​អ៊ីស្រាអែល។​

លោក​ចន ឃឺប៊ី (John Kirby) អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា​ អ្វី​ដែល​លោក​រដ្ឋ​មន្ត្រី​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ និង​បន្ទាន់​គឺ​កាត់​បន្ថយ​ហិង្សា ជួយ​រក្សា​ភាព​ស្ងប់ស្ងាត់​ និង​ស្វែង​រក​មធ្យោបាយ​ក្នុង​ការ​ជួយ​ស្វែង​រក​ដំណោះស្រាយ​មួយ​សម្រាប់​រដ្ឋ​ទាំង​ពីរ។

ក្នុង​ចំណោម​ហិង្សា​នា​ពេល​ថ្មីៗ​នេះ​ រួម​មាន​ករណី​ដែល​ប៉ូលិស​អ៊ីស្រាអែល​បាន​បាញ់​សម្លាប់​ជន​ប៉ាឡេស្ទីន​ម្នាក់​កាលពី​ថ្ងៃ​ពុធ​ដោយ​សារ​ជន​នោះ​បាន​ចាក់​ស្ត្រី​អ៊ីស្រាអែល​អាយុ​៧០ឆ្នាំ​នៅ​ខាង​ក្រៅ​ស្ថានីយ៍​រថយន្ត​ក្រុង​នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម (Jerusalem)។

ជន​ប៉ាឡេស្ទីន​ម្នាក់​ទៀត​ត្រូវ​បាន​សម្លាប់​នៅ​ពេល​បុរស​នោះ​ព្យាយាម​ចាក់​ប៉ូលិស​ម្នាក់​នៅ​ឯ​ផ្លូវ​ចូល​ក្រុង​ Old City ​នៃ​ទីក្រុង​ហ្ស៊េរុយសាឡិម។​

ប្រទេស​អ៊ីស្រាអែល​បាន​ដាក់​ពង្រាយ​យោធា​ជាច្រើន​រយ​នាក់​នៅ​ទូទាំង​ប្រទេស​ដើម្បី​ជួយ​ប៉ូលិស​ទប់ទល់​នឹង​ការ​គំរាម​កំហែង​ពី​ការ​វាយ​ប្រហារ​របស់​ជនជាតិ​ប៉ាឡេស្ទីន៕