លោករដ្ឋមន្ត្រីការបរទេស Rex Tillerson មានប្រសាសន៍ថា លោកនឹងពិភាក្សាពីការ «ចូលឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន» នៅពេលលោកជួបប្រជុំជាមួយនឹងសម្ព័ន្ធមិត្តអង្គការណាតូនៅថ្ងៃសុក្រ។
បន្ទាប់ពីបានមកដល់ទីក្រុងប្រ៊ុចសែល លោករដ្ឋមន្ត្រីបាននិយាយថាលោកមើលឃើញពីចំណុចសំខាន់ចំនួនបីដែលនឹងត្រូវយកមកពិភាក្សា។ ចំណុចទាំងនោះមានធនធានរបស់អង្គការណាតូប្រើប្រាស់សម្រាប់បេសកកម្មនេះ ការប្រយុទ្ធរបស់អង្គការនេះប្រឆាំងនឹងអំពើភេរវកម្ម ក្នុងនោះមានក្រុមរដ្ឋឥស្លាម និងតួនាទីរបស់អង្គការណាតូនៅក្នុងទ្វីបអឺរ៉ុប។ ជាពិសេសនោះ គឺនៅតំបន់អឺរ៉ុបខាងកើតដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងកន្លែងដទៃទៀត។
អត្ថាធិប្បាយពាក់ព័ន្ធនឹងទីក្រុងមូស្គូនេះគឺជាជំហរដ៏ខ្លាំងបំផុតមួយចំនួនដែលរដ្ឋបាលលោកប្រធានាធិបតីត្រាំបានបញ្ចេញចាប់តាំងពីចូលកាន់អំណាចក្នុងខែមករា។
ដំណើរទស្សនកិច្ចរបស់លោក Tillerson ទៅទីក្រុងប្រ៊ុចសែលកើតឡើងមួយថ្ងៃបន្ទាប់ពីមានជំនួបជាមួយនឹងមន្ត្រីជាន់ខ្ពស់តួកគីនៅក្នុងទីក្រុងអង់ការ៉ា។
បន្ទាប់ពីជួបជាមួយនឹងលោកប្រធានាធិបតីតួកគី Tayyip Erdogan និងថ្នាក់ដឹកនាំដទៃទៀតកាលពីថ្ងៃព្រហស្បតិ៍ លោកTillerson បានសរសើរតួកគីថាជាសម្ព័ន្ធមិត្តដ៏គួរឱ្យទុកចិត្តបាន។
លោក Tillerson បានគូសបញ្ជាក់ពីសារៈសំខាន់របស់ប្រទេសតួកគីក្នុងការប្រយុទ្ធនឹងក្រុមរដ្ឋឥស្លាម៕