ប្រមុខការទូតកំពូលសហរដ្ឋអាមេរិក លោក Antony Blinken កំពុងបំពេញទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិក ក្នុងរយៈពេលមិនដល់ ១ ឆ្នាំផងបន្ទាប់ពីទស្សនកិច្ចលើកដំបូងរបស់លោកត្រូវបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ ២០២១។ ការបញ្ជាក់ពីតួនាទីយុទ្ធសាស្ត្រនៃភូមិសាស្ត្រនយោបាយសម្រាប់ទ្វីបអាហ្វ្រិក គឺជាគោលដៅមួយក្នុងចំណោមគោលដៅចម្បងៗរបស់លោក Blinken ក្នុងអំឡុងពេលលោកស្ថិតនៅទ្វីបនេះរយៈពេល ៥ ថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានបញ្ចប់ដំណើរទស្សនកិច្ចនៅទ្វីបនេះដែរ។ អ្នកជំនាញផ្នែកគោលនយោបាយការបរទេសនៅទ្វីបអាហ្វ្រិក ដូចជាលោកសាស្ត្រាចារ្យ Noah Midamba និយាយថា ទស្សនកិច្ចទាំងនេះបង្ហាញសញ្ញាពីការប្រកួតប្រជែងថ្មីមួយអំពីឧត្តមភាពនៅទ្វីបអាហ្វ្រិក។
លោកថ្លែងដូច្នេះថា៖ «វាជាសេណារីយ៉ូនៃល្បែងអុកមួយគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ដូចអ្វីដែលអ្នកឃើញកំពុងកើតឡើងជាមួយរុស្ស៊ី។ អំណាចរបស់រុស្ស៊ីបានបាត់បង់ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ រុស្ស៊ីត្រូវបានបន្ទាបតម្លៃ ដូច្នេះ អ្វីដែលនៅសេសសល់គឺអំណាចដ៏ធំដែលស្ថិតនៅលើថាមពលនុយក្លេអ៊ែរបែបយុទ្ធសាស្ត្រ។ សហរដ្ឋអាមេរិកហាក់ដូចជាមានប្រតិកម្មទៅនឹងអ្វីដែលរុស្ស៊ី និងចិនកំពុងធ្វើ»។
លោក Midamba ថ្លែងបន្តទៀតថា យុទ្ធសាស្ត្រដ៏គឃ្លើនរបស់ចិនទៅលើទ្វីបអាហ្វ្រិក តាមរយៈហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍទ្វីបនេះ បានបង្កើតឲ្យមានបំណុលដ៏ធំ ប៉ុន្តែវាជាការប្រកួតប្រជែងជាមួយលោកខាងលិច និង រុស្ស៊ី។
ការឈ្លានពានរបស់វិមានក្រឹមឡាំងទៅលើអ៊ុយក្រែនកាលពីខែកុម្ភៈបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ទ្វីបអាហ្វ្រិក។ លោក Wohoro Ndhoho ដែលជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចបានយល់ស្របតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលនិយាយថា សង្គ្រាមបានបង្កឲ្យតម្លៃប្រេង និងអាហារនាំចូលឡើងថ្លៃ ដូចជាស្រូវសាលីជាដើម។ ប៉ុន្តែ ប្រទេសនានានៅទ្វីបអាហ្វ្រិកមិនបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទេ។ ក្នុងអំឡុងពេលនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែមីនា ប្រទេសចំនួន ២៥ បានរក្សាជំហរអនុបវាទ ដោយមិនបោះឆ្នោតថ្កោលទោសសកម្មភាពរបស់រុស្ស៊ីនោះទេ។ លោក Wohoro Ndhoho ថ្លែងថា៖
«ខ្ញុំឃើញមានប្រតិកម្មតបតរួមពីសំណាក់សហរដ្ឋអាមេរិកផងដែរ ដើម្បីបន្តកាត់ផ្ដាច់ប្រទេសរុស្ស៊ី និងឥទ្ធិពលរដ្ឋរុស្ស៊ីចេញពីទ្វីបនេះ។ រុស្ស៊ីទទួលបានជោគជ័យគួរសមក្នុងការប្រមូលផ្ដុំគំនិតគាំទ្រ សម្រាប់ការអំពាវនាវរបស់ពួកគេ ជាពិសេសនៅទ្វីបអាហ្វ្រិក ដូច្នេះ បញ្ហាជារួមពាក់ព័ន្ធនឹងតម្លៃអាហារ ក៏ដូចជាផលប៉ះពាល់បណ្ដាលមកពីការផ្ដាច់ការផ្គត់ផ្គង់ទៅកាន់ទ្វីបអាហ្វ្រិក ពិតណាស់វាមានផលប៉ះពាល់ភ្លាមៗទៅលើប្រទេសមួយចំនួន»។
ជាមួយនឹងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកទៅកាន់ទ្វីបអាហ្វ្រិកកាលពីថ្ងៃអាទិត្យ ទី ៧ ខែសីហានេះ អ្នកវិភាគនិយាយថា សហរដ្ឋអាមេរិកគួរតែពិនិត្យឡើងវិញនូវយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយទ្វីបដែលមានមនុស្សរស់នៅច្រើនលំដាប់ទី២នៅលើពិភពលោកមួយនេះ ដើម្បីធ្វើឲ្យភាពជាដៃគូមានភាពរឹងមាំកាន់តែខ្លាំងឡើង។ លោកសាស្ត្រាចារ្យ Noah Midamba បានពន្យល់យ៉ាងដូច្នេះថា៖
«ទ្វីបអាហ្វ្រិកត្រូវការការប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់មួយនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក មិនថាលើបញ្ហាបំណុល និងហេដ្ឋារចនាសម្ព័ន្ធ ទាំងនៅក្នុងទំនាក់ទំនងទ្វេភាគី និងពហុភាគី។ សហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តចំពោះប្រទេសអ៊ីស្រាអែល។ អ៊ីស្រាអែលអាចស្ថិតនៅក្នុងស្ថានភាពមួយដូចបច្ចុប្បន្ននេះបាន ក៏ដោយសារតែសហរដ្ឋអាមេរិកដែរ»។ សហរដ្ឋអាមេរិកក៏មានការប្ដេជ្ញាចិត្តចំពោះប្រទេសកូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូងអាចស្ថិតនៅក្នុងស្ថានភាពមួយដូចបច្ចុប្បន្ននេះបាន ក៏ដោយសារតែសហរដ្ឋអាមេរិកដែរ»។
អ្នកវិភាគនិយាយថា ចំណាប់អារម្មណ៍ជាថ្មីរបស់រុស្ស៊ីទៅលើទ្វីបអាហ្វ្រិកដែលជាសម្ព័ន្ធមិត្តចាស់របស់ខ្លួនគឺជាសញ្ញានៃការគាំទ្រដ៏ខ្លាំងក្លាមួយ បន្ទាបពីពួកគេបានបង្កើតមិត្តភាពអស់រយៈពេល ៥០ ឆ្នាំមក នៅពេលដែលសហភាពសូវៀតបានគាំទ្រអាហ្វ្រិកដើម្បីបញ្ចប់ការគ្រប់គ្រងតាមបែបអាណានិគម បើទោះបីជាបច្ចុប្បន្ននេះនៅតែមានវត្តមានទាហានស៊ីឈ្នួលរុស្ស៊ីនៅទ្វីបនេះក៏ដោយ។ ទាំងអស់នេះគឺជាអ្វីដែលសហរដ្ឋអាមេរិកប្ដេជ្ញាថានឹងប្រជែងជាមួយនឹងរុស្ស៊ីនៅទ្វីបអាហ្វ្រិក៕
ប្រែសម្រួលដោយលោក នៀម ឆេង