រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានធ្វើទស្សនកិច្ចដោយមិនប្រកាសជាមុនទៅកាន់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទនេះ ដើម្បីបង្ហាញដោយបើកចំហនូវសាមគ្គីភាពរបស់ក្រុមបស្ចិមប្រទេសនៅក្នុងការធានាចំពោះថ្នាក់ដឹកនាំអ៊ុយក្រែនថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រសិទ្ធិរបស់អ៊ុយក្រែនក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
លោក Austin ត្រូវបានទទួលស្វាគមន៍នៅឯស្ថានីយ៍រថភ្លើងក្នុងទីក្រុងកៀវដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែនអ្នកស្រី Bridget Brink និងអនុព័ន្ធយោធាលោកឧត្តមសេនីយ៍ត្រី Kipling Kahler និងរួមដំណើរដោយនាយឧត្តមសេនីយ៍យោធាសហរដ្ឋអាមេរិកលោក Christopher Cavoli ដែលបម្រើការជាមេបញ្ជាការសម្ព័ន្ធមិត្តកំពូលនៃអង្គការអូតង់ (NATO) និងជាប្រធានបញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការទ្វីបអឺរ៉ុប។
មន្ត្រីផ្នែកការពារកំពូលៗរបស់សហរដ្ឋអាមេរិកបាននិយាយថា លោក Austin បានធ្វើដំណើរទៅទីក្រុងកៀវដើម្បីពិភាក្សាអំពីការប្រយុទ្ធនៅរដូវរងាដែលនឹងចូលមកដល់ឆាប់ៗខាងមុខ និងដើម្បីធ្វើផែនការសម្រាប់ជំនួយផ្នែកសន្តិសុខនាពេលអនាគត។
មន្ត្រីផ្នែកការពារកំពូលមួយរូបដែលថ្លែងទៅកាន់អ្នកកាសែតក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារក្ដីបារម្ភផ្នែកសន្តិសុខសម្រាប់ដំណើរទស្សនកិច្ចរបស់លោក Austin នេះ បាននិយាយថា៖ «យើងកំពុងបន្តផ្ដល់ជំនួយផ្នែកសន្តិសុខជាបន្តបន្ទាប់ដោយទៀងទាត់ ហើយយើងគ្រោងនឹងធ្វើឱ្យបានដូច្នេះនៅពេញរដូវរងាខាងមុខ»។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោក Austin តាំងពីខែមេសាឆ្នាំ ២០២២ មក។ ដំណើរទស្សនកិច្ចលើកនេះធ្វើឡើងនៅចំពេលដែលមន្ត្រីអ៊ុយក្រែននិងមន្ត្រីបស្ចិមប្រទេសយល់ថានៅពេលរដូវរងាចាប់ផ្ដើម ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងបន្តចាប់ផ្ដើមឡើងវិញនូវការវាយប្រហារសំដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចដែលលោកបានធ្វើកាលពីរដូវរងាឆ្នាំមុនដោយធ្វើឱ្យពលរដ្ឋអ៊ុយក្រែនជាច្រើនគ្មានថាមពលប្រើប្រាស់នៅក្នុងពេលត្រជាក់ខ្លាំងបំផុតមួយចំនួននៅពេលនោះ។
មន្ត្រីផ្នែកការពារកំពូលមួយរូបទៀតដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែរបានប្រាប់អ្នកកាសែតដែលធ្វើដំណើរជាមួយនឹងលោក Ausitn ថា៖ «សមត្ថភាពសំខាន់បំផុតមួយនៅក្នុងរដូវរងាឆ្នាំនេះគឺការការពារដែនអាកាស។ កន្លងមក យើងបានបង្កើនសព្វាវុធផ្នែកការពារដែនអាកាស [ដល់អ៊ុយក្រែន] ប៉ុន្តែនេះមិនមែនមានន័យថាតម្រូវការលែងមាននៅពេលនេះនិងនៅពេលប៉ុន្មានខែខាងមុខនោះទេ»។
យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានវាយប្រហារលើទីក្រុងកៀវ ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសពីការផ្លាស់ប្តូរនៅក្នុងការតែងតាំងមន្ត្រីយោធា។
នៅក្នុងសុន្ទរកថាប្រចាំថ្ងៃកាលពីថ្ងៃអាទិត្យ លោក Zelenskyy បានថ្លែងពីការតែងតាំងមេដឹកនាំថ្មីនៃបញ្ជាការវេជ្ជសាស្រ្តរបស់កងកម្លាំងប្រដាប់អាវុធដើម្បីបង្កើត «កម្រិតថ្មីជាមូលដ្ឋាននៃការគាំទ្រផ្នែកវេជ្ជសាស្រ្តសម្រាប់យោធា»៕
ទីក្រុងកៀវ —