ក្នុងពេលឆាប់ៗនេះ រូបភាពផ្កាយរណបរបស់សហរដ្ឋអាមេរិកផ្សាយចេញដោយទីភ្នាក់ងារអវកាសណាសា (NASA) ត្រូវបានរំពឹងថានឹងចាប់ផ្តើមជួយប្រជាពលរដ្ឋប្រមាណ៦០លាននាក់ ដែលកំពុងតែរស់នៅតំបន់អាងទន្លេមេគង្គក្រោមនៃតំបន់អាស៊ីអាគ្នេយ៍ ដើម្បីដោះស្រាយបញ្ហាគ្រោះមហន្តរាយធម្មជាតិ និងកត្តាប្រឈមនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះគឺបន្ថែមលើគម្រោងពីមុនរបស់ NASA ដែលធ្លាប់បានជួយសហគមន៍នៅទ្វីបអាមេរិកខាងត្បូង ទ្វីបអាហ្រ្វិក និងទ្វីបអាស៊ីខាងត្បូង។
គម្រោង៥ឆ្នាំដឹកនាំដោយសហរដ្ឋអាមេរិករួបរួមប្រទេសនៅតំបន់អាងទន្លេមេគង្គក្រោមដូចជាប្រទេស មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ខណៈដែលតំបន់នេះជួបប្រទះនឹងកត្តាប្រឈមជាបន្តបន្ទាប់ពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ជាពិសេសគឺលំនាំអាកាសធាតុធ្ងន់ធ្ងរកាន់តែកើនឡើង។
បរិស្ថានវិទូនិយាយថា កត្តាប្រឈមទាំងនេះរួមមានបញ្ហាការប្រើប្រាស់ទឹក ការកាប់ព្រៃឈើ ទឹកជំនន់ និងការបន្ធូរបន្ថយគ្រោះមហន្តរាយ។
អង្គការយុទ្ធសាស្ត្រកាត់បន្ថយមហន្តរាយរបស់អង្គការសហប្រជាជាតិហៅកាត់ថា (UNISDR) និយាយថាការចំណាយដោយសារតែគ្រោះមហន្តរាយធម្មជាតិបានកើនឡើង ហើយចាប់ពីឆ្នាំ២០០២ មកដល់ឆ្នាំ២០១២ ការចំណាយលើការខូចខាតរបស់ពិភពលោក ដោយសារតែគ្រោះមហន្តរាយពាក់ព័ន្ធនឹងអាកាសធាតុគឺ ១.៧០០លានដុល្លារ ដោយឆក់យកជីវិតមនុស្សចំនួន១.២លាននាក់ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន២.៩០០លាននាក់។
ក្នុងកិច្ចខំប្រឹងប្រែងធ្វើឲ្យព័ត៌មានសម្រាប់សហគមន៍ប្រឈមនឹងគ្រោះថា្នក់កាន់តែប្រសើរឡើង ទីភ្នាក់ងារអវកាសណាសា (NASA) ដែលគាំទ្រដោយទីភ្នាក់ងារដើម្បីការអភិវឌ្ឍរបស់សហរដ្ឋអាមេរិកហៅកាត់ថា (USAID) គឺធ្វើការរួមគ្នាជាមួយនឹងដៃគូក្នុងតំបន់ដែលក្នុងនោះរួមមាន មជ្ឈមណ្ឌលត្រៀមខ្លួនទប់ស្កាត់គ្រោះមហន្តរាយនៅតំបន់អាស៊ី ដែលមានទីតាំងនៅក្នុងប្រទេសថៃហៅកាត់ថា (ADPC) ដើម្បីផ្តល់រូបភាពផ្កាយរណបឲ្យរដ្ឋាភិបាលរបស់ប្រទេសក្នុងតំបន់។
អ្នកស្រី Gabrielle Iglesias មន្ត្រីគម្រោង ADPC និយាយថា គម្រោងនេះមានគោលបំណងផ្តល់ព័ត៌មានអំពីស្ថានភាពផ្លាស់ប្តូរអាកាសធាតុទៅឲ្យសហគមន៍ក្នុងតំបន់ និងជួយសហគមន៍ឲ្យចេះប្រើប្រាស់ព័ត៌មានរូបភាពទាំងនេះដោយមានប្រសិទ្ធិភាព។
«គម្រោងនេះនឹងធ្វើការពាក់ព័ន្ធនឹងដំណាក់កាលទំាងពីរនេះគឺ ការអភិវឌ្ឍវិធីសាស្ត្រទាញយកព័ត៌មាន និងផ្កាយរណបដែលទាញយកទិន្នន័យ ហើយបង្កើនសមត្ថភាពសម្រាប់ការធ្វើសេចក្តីសម្រេច ដើម្បីស្វែងយល់និងបកស្រាយលទ្ធផលនៃការវិភាគទិន្នន័យនេះ ដែលនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការធ្វើសេចក្តីសម្រេចលើការប្រើប្រាស់ដី ការការពារបរិស្ថាននិងការសម្របសម្រួលទៅតាមកាលៈទេសៈ»។
មន្រ្តីជាន់ខ្ពស់របស់ទីភ្នាក់ងារ USAID និយាយថា ទិន្នន័យទាំងនោះនឹងត្រូវបញ្ជូនទៅឲ្យក្រុមអ្នកវិទ្យាសាស្ត្រ អ្នកតំណាងរដ្ឋាភិបាល នាយកគ្រប់គ្រងធនធានជាតិ និងអ្នកជំនាញឆ្លើយតបនឹងគ្រោះមហន្តរាយ។ ក្នុងសេចក្តីថ្លែងការណ៍ទៅកាន់វីអូអេ មន្ត្រីទាំងនេះបាននិយាយថា គោលបំណងនេះគឺដើម្បីផ្តល់ការឧបត្ថម្ភដល់តំបន់អាសន្នបំផុតក្រោយគ្រោះមហន្តរាយធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន។
ការចំណាយលើការទាញយករូបភាពផ្កាយរណបបានថយចុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលធ្វើឲ្យមានការទទួលបានព័ត៌មានច្រើនជាងមុន។ ទិន្នន័យទាំងនេះគឺពិតជាមានតម្លៃ ជាពិសេសក្នុងអំឡុងពេលភ្លាមៗក្រោយគ្រោះមហន្តរាយធម្មជាតិ។ កាលពីឆ្នាំ២០០៨ ព្យុះស៊ីក្លូន Nargis បានបក់បោកតំបន់ដីសណ្ត Irrawaddy របស់ប្រទេសមីយ៉ាន់ម៉ា ឬប្រទេសភូមា ដែលបណ្តាលឲ្យមនុស្សប្រមាណ១៣ម៉ឺននាក់បាត់បង់ជីវិត។
អ្នកស្រី Iglesias នៃមជ្ឈមណ្ឌល ADPC និយាយថា សោកនាដកម្មនៃព្យុះស៊ីក្លូន Nargis នេះគូសបង្ហាញពីតម្រូវការព័ត៌មានបន្ថែមក្នុងស្ថានភាពអាសន្ន។
«ទិដ្ឋភាពសំខាន់មួយទៀតគឺការធ្វើឲ្យការត្រៀមខ្លួនទប់ទល់នឹងគ្រោះមហន្តរាយមានភាពប្រសើរឡើង។ ដូច្នេះ ជាឧទាហរណ៍ក្នុងករណីព្យុះស៊ីក្លូន Nargis នៅប្រទេសមីយ៉ាន់ម៉ា បញ្ហាមួយផ្នែកមិនមែនស្ថិតនៅត្រង់ការខ្វះខាតនូវប្រការជូនដំណឹងទុកជាមុន ប៉ុន្តែត្រង់ថា អ្វីដែលអ្នកត្រូវធ្វើ នៅពេលដែលអ្នកទទួលបានព័ត៌មានថាព្យុះស៊ីក្លូនបានបក់តម្រង់មកលើតំបន់ជាក់លាក់មួយនៃប្រទេសមីយ៉ាន់ម៉ា។ ដូច្នេះ បញ្ហាពេលនោះគឺថា តើត្រូវជម្លៀសមនុស្សទៅទីកន្លែងណា និងការខ្វះខាតនូវផ្លូវសម្រាប់ការជម្លៀសមនុស្សទៅកាន់ទីជម្រកបណ្តោះអាសន្នជាដើម»។
រូបភាពផ្កាយរណប ទិន្នន័យភូមិសាស្ត្រ និងផែនទីនៃទីតាំងភូមិសាស្ត្រថតពីអវកាសអាចជួយដល់បញ្ហាជាច្រើនដូចជា ការគ្រប់គ្រង់ធនធានទឹក គម្រោងប្រើប្រាស់ដី ការកាត់បន្ថយគ្រោះមហន្តរាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងធនធានធម្មជាតិ។
ទិន្នន័យផ្កាយរណបនេះត្រូវបានយកទៅអនុវត្តនៅប្រទេសបង់ក្លាដែស តង់សានី អែលសាល់វ៉ាឌ័រ ក្វាតេម៉ាឡា និងប្រទេសកេនយ៉ា ដើម្បីឆ្លើយតបទៅនឹងបញ្ហាដូចជា លំនាំទឹកភ្លៀង ជំងឺឆ្លងតាមវិរុស Vector ដូចជាជំងឺគ្រុនឈាម ការសាយភាយនៃការដុះស្លែ និងការការពារព្រៃឈើ និងសត្វព្រៃ។
មន្ត្រី USAID និយាយថា តំបន់អាងទន្លេមេគង្គក្រោមក៏កំពុងតែជួបប្រទះនឹងកត្តាប្រឈមកាន់តែស្មុគស្មាញទាក់ទងនឹងការអភិវឌ្ឍ ដោយបន្ថែមថា វាសំខាន់ក្នុងការប្រើប្រាស់សក្តានុពលទាំងអស់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការធ្វើសេចក្តីសម្រេច៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត