ស.រ.អា.​ដាក់​ទណ្ឌកម្មលើ​​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា

លោក​រដ្ឋមន្ត្រី​រតនាគារ​ជាតិ Steven Mnuchin (រូប​ស្តា) ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ក្រុមហ៊ុន PDVSA របស់​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។

រដ្ឋបាល​ Trump ដាក់​កំហិត​ការ​ដាក់ទណ្ឌកម្ម​លើ​ក្រុម​ហ៊ុន​ប្រេង​របស់​រដ្ឋ​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា ដោយ​និយាយ​ថា ខ្លួន​ចង់​រក្សា​ទុក​ធនធាន​ឱ្យ​ប្រជារាស្ត្រ​វ៉េណេស៊ុយអេឡា។

កាល​ពី​ថ្ងៃ​ចន្ទ លោក​ John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​ស.រ.អា.​បាន​និយាយ​ថា​ ប្រជារាស្ត្រ​វ៉េណេស៊ុយអេឡា​បាន​ទទួល​ការ​សង្កត់សង្កិន និង​ការ​លំបាក​វេទនា​ខាង​សេដ្ឋកិច្ច​គ្រប់គ្រាន់​ហើយ​ដែល​បាន​បណ្តាល​មក​ដោយសារ​ប្រធានាធិបតី Nicolas Maduro និង​របប​គ្រប់គ្រង​របស់​លោក។​

លោក​ Bolton បាននិយាយ​ថា «សកម្មភាព​នៅ​ថ្ងៃ​នេះ​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​អាជ្ញាធរ​វ៉េណេស៊ុយអេឡា​មិន​អាច​លួច​ប្លន់​ធនធាន​របស់​ប្រជារាស្ត្រ​វ៉េណេស៊ុយអេឡា​បាន​ទៀត​ទេ»។

ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​នឹង​ផ្អិប​ទ្រព្យធន​របស់​ក្រុម​ហ៊ុន​រដ្ឋ​ PDVSA មាន​នៅ​ក្នុង​ស.រ.អា។ ក្រុមហ៊ុន និង​ពលរដ្ឋ​ស.រ.អា.​បាន​ត្រូវ​រារាំង​មិន​ឱ្យធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​នេះ​ទេ។

ក្រុម​ហ៊ុន Citgo ដែល​ជាសាខា​របស់ក្រុមហ៊ុន PDVSA មាន​មូលដ្ឋាន​ក្នុង​ស.រ.អា.​ដែល​ចម្រាញ់​ប្រេង​វ៉េណេស៊ុយអេឡា ហើយ​លក់សាំង​យីហោ​ Citgo នៅ​ក្នុង​ស.រ.អា.​នឹង​បន្ត​ធ្វើប្រតិបត្តិការ​តាម​ធម្មតា។ក៏​ប៉ុន្តែ​ប្រាក់កាស​ដែល​ក្រុម​ហ៊ុន Citgo បាន​ទទួល​ពី​ការ​ប្រកប​អាជីវកម្ម​ទាំង​នេះ​នឹង​ត្រូវ​ដាក់​ក្នុង​គណនី​មួយ​ដែល​បាន​ត្រូវ​រាំង​ខ្ទប់។​

លោក Maduro បាន​និយាយ​ថា ស.រ.អា.​កំពុង​ខិតខំ​ព្យាយាម​ «ឆក់​យក» ក្រុមហ៊ុន Citgo ពី​ប្រទេស​វ៉េណេស៊ុយអេឡា។​

លោក​ប្រធានាធិបតី​ Maduro បាន​និយាយ​តាម​ទូរទស្សន៍​វ៉េណេស៊ុយអេឡា​ថា «ខ្ញុំ​បាន​ផ្តល់​បញ្ជា​ចំៗ​ដល់​ប្រធាន​នៃ​ក្រុមហ៊ុន​ PDVSA ឱ្យ​ធ្វើ​សកម្មភាព​ខាង​នយោបាយ​ និង​ខាង​ច្បាប់​នៅ​ក្នុង​តុលាការ​ស.រ.អា. និង​តុលាការ​អន្តរជាតិ​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ និង​ធនធាន​របស់​ក្រុមហ៊ុន Citgo»៕