សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលោក Valiollah Seif ប្រធានធនាគារកណ្តាលរបស់ប្រទេសអ៊ីរ៉ង់ដោយបានចោទប្រកាន់លោកពីការជួយផ្គត់ផ្គង់ប្រាក់រាប់លានដុល្លារទៅឲ្យក្រុម Hezbollah ដែលជាក្រុមជនសកម្មប្រយុទ្ធមានទីតាំងនៅក្នុងប្រទេសលីបង់។
លោក Steve Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «អភិបាលធនាគារកណ្តាលអ៊ីរ៉ង់បានបង្វិលប្រាក់រាប់លានដុល្លារដែលតាងនាមឲ្យកងកម្លាំង Quds ឆ្មាំការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់តាមរយៈធនាគារ al-Bilad Islamic ដែលមានទីតាំងទូទាំងប្រទេសអ៊ីរ៉ាក់និងគាំទ្រអំពើហិង្សានិងការឃោសនារបស់ Hezbollah ជ្រុលនិយម។ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យមានការរំលោភប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដែលកំពុងកើនឡើងរបស់អ៊ីរ៉ង់នោះទេ។ សហគមន៍សាកលលោកត្រូវតែរក្សាការឃ្លាំមើលប្រឆាំងនឹងការខំប្រឹងប្រែងបោកបន្លំរបស់អ៊ីរ៉ង់ដើម្បីផ្តល់ការឧបត្ថម្ភខាងហិរញ្ញវត្ថុដល់អង្គការភេរវកម្មរបស់ខ្លួននោះទេ»។
មានឈ្មោះនៅបញ្ជីខ្មៅនោះដែរគឺលោក Ali Tarzali ជាអ្នកជំនួយការនាយកនៃនាយកដ្ឋានអន្តរជាតិរបស់ធនាគារកណ្តាលអ៊ីរ៉ង់និងលោក Aras Habib ប្រធានធនាគារ al-Bilad Islamic Bank។
លោក Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយថា ចំណាត់ការនៅថ្ងៃអង្គារនេះគឺកាត់ផ្តាច់ការប្រើប្រាស់ប្រព័ន្ធធនាគារដ៏សំខាន់របស់អ៊ីរ៉ង់ហើយនឹងតាមដានការបណ្តាញដូររូបិយប័ណ្ណដែលជាប់ទាក់ទិនឆ្មាំការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ដែលបាននាំឲ្យមានការផ្តល់ប្រាក់រាប់លានដុល្លារតាមរយៈប្រទេសអេមីរ៉ាតអារ៉ាប់រួម៕