​ស.រ.អា​ព្រមាន​ចិន​អំពី​ការ​បង្កើន​សកម្មភាព​យោធា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

រូបឯកសារ៖ នាវា​ចិន​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្បែរ​កោះ Spratly ដែល​មាន​ជម្លោះ ក្នុង​សមុទ្រ​ខាង​ត្បូង។​

ស.រ.អា​ ​កំពុង​ព្រមាន​ប្រទេសចិន​អំពី​ផល​ប៉ះពាល់​ដោយ​សារ​សកម្មភាព​យោធា​របស់​ចិននៅ​សមុទ្រ​ចិន​ខាង​ត្បូង គ្រា​ដែល​មាន​របាយការណ៍​អំពី​ការ​ដាក់​រាយ​អាវុធ​នៅ​ទី​នោះ។

រដ្ឋបាល​លោក​ ត្រាំ ​ថែម​ទាំង​កំពុង​បង្កើន​ល្បឿន​និង​ចំនួន​នៃ​ការ​យាម​ល្បាត នៅ​ក្នុង​តំបន់​ជម្លោះ​ក្នុង​សមុទ្រ​ដើម្បី​តប​ត​នឹង​អ្វី​ដែល​ខ្លួន​និយាយ​ថា ​ជា​ការ​ទាមទារ​ដែន​សមុទ្រ​យ៉ាង​ធំ​ហួស​ហេតុ​នៅ​ក្រោម​គោល​នយោបាយ​អាស៊ី​របស់​ខ្លួន ដែល​មាន​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​តំបន់ Indo-Pacific ​មាន​ភាព​សេរី​និង​បើក​ចំហ​នោះ។

«យើង​បាន​លើក​យកការ​ព្រួយ​បារម្ភ​របស់​យើង​ទៅ​និយាយ​ផ្ទាល់​ជាមួយ​ក្រុម​មន្ត្រី​ចិន​រួច​ហើយ។ គេ​នឹង​ឃើញ​ផល​ប៉ះពាល់​រយៈ​ពេល​ខ្លី និង​ រយៈ​ពេលយូរ​អង្វែង»​នេះ​បើ​តាម​សម្តី​របស់​អ្នក​នាំ​ពាក្យ​សេតវិមាន​ អ្នកស្រី​ Sarah Sanders កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់ VOA ។

ការ​ថ្លែង​របស់​អ្នកស្រី​កើត​ឡើង​ក្រោយ​មាន​របាយការណ៍​ព័ត៌មាន​ដែល​ថា ប្រទេស​ចិន​បាន​ដាក់​ពង្រាយ​កាំ​ជ្រួចម៉ីស៊ីល​សម្រាប់​បាញ់​នាវា និង​សម្រាប់​បាញ់​យន្ត​ហោះ ​នៅ​ប្រជុំ​កោះ​ Spratly​ ដែល​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

កាល​ពីថ្ងៃ​សុក្រ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន ​Hua Chunying ​បាន​ថ្លែង​ថា​ការ​ដាក់​រាយ​នោះ មិន​ពាក់​ព័ន្ធ​ជាមួយ​ការ​ពង្រីក​ខាង​វិស័យ​យោធា​នោះ​ទេ៕