សហរដ្ឋអាមេរិកនិយាយថា របាយការណ៍អំពីការវាយប្រហារតាមអាកាសរបស់រុស្សី ដែលបានសម្លាប់ជនស៊ីវិលស៊ីរីរាប់រយនាក់ «មានលក្ខណៈគួរឲ្យខ្វល់ខ្វាយខ្លាំងណាស់»។
សហរដ្ឋអាមេរិកក៏និយាយដែរថា ការវាយប្រហារទៅលើជនងាយរងគ្រោះបំផុតនៅក្នុងប្រទេសនោះ ក៏ធ្វើឲ្យចុះខ្សោយដល់កិច្ចប្រឹងប្រែងក្នុងការនាំមកនូវដំណោះស្រាយនយោបាយមួយចំពោះជម្លោះនៅក្នុងប្រទេសនោះដែរ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Mark Toner បានមានប្រសាសន៍នៅថ្ងៃអង្គារម្សិលមិញថា មានការផ្តោតការយកចិត្តទុកដាក់ទៅលើការជំរុញដំណើរការនយោបាយ មុនកិច្ចចរចាសន្តិភាព ដែលគេគ្រោងធ្វើនៅខែក្រោយនេះ ហើយលោកថា ភាគីទាំងអស់ ដែលមានចំណែកពាក់ព័ន្ធនៅក្នុងរឿងស៊ីរី ចាំបាច់ត្រូវធ្វើការទៅលើវិធានការកសាងទំនុកចិត្ត។
ក្រុមអង្គការសិទ្ធិមនុស្សបានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់ប្រទេសរុស្សី បានត្រូវចំគោលដៅជនស៊ីវិលជាច្រើន ដោយបានធ្វើឲ្យមានការរិះគន់កាន់តែខ្លាំងថែមទៀត ពីសំណាក់រដ្ឋាភិបាលប្រទេសលោកខាងលិច។
ប្រទេសលោកខាងលិច បានរិះគន់ថា យុទ្ធនាការរុស្សី បានជួយដល់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ជាជាងតម្រង់គោលដៅទៅរកក្រុមជីវពលរដ្ឋឥស្លាម ឬ ISIS។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានជជែកគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergei Lavrov ជុំវិញការព្រួយបារម្ភអំពីការវាយប្រហារតាមអាកាសរបស់រុស្សីទៅលើជនស៊ីវិលនេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Mark Toner មានប្រសាសន៍ថា «អាមេរិកជំរុញជាប់ជាប្រចាំឲ្យភាគីទាំងអស់ ដែលពាក់ព័ន្ធនឹងជម្លោះនោះ ចាត់វិធានការបង្ការនានា ដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយហានិភ័យក្នុងការធ្វើឲ្យគ្រោះថ្នាក់ដល់ជនស៊ីវិល ហើយក៏ឲ្យអនុលោមទៅតាមកាតព្វកិច្ចរបស់ពួកគេ ដែលមានចែងនៅក្នុងច្បាប់មនុស្សធម៌អន្តរជាតិផងដែរ»ប្រទេសរុស្សីបានបដិសេធការចោទប្រកាន់នេះ៕