ក្រុមមន្រ្តីក្រសួងការពារប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ បានបង្ហាញពីអ្វីដែលពួកគេបាននិយាយថា ជាភស្តុតាងនៃការពាក់ព័ន្ធក្នុងពាណិជ្ជកម្មប្រេងខុសច្បាប់របស់តួកគីជាមួយក្រុមរដ្ឋឥស្លាម ដោយបានចោទប្រកាន់ពួកមន្រ្តីកំពូលតួកគី រួមមានប្រធានាធិបតី Recep Tayyip Erdogan សមាជិកក្រុមគ្រួសាររបស់លោក និងពួកអ្នកចូលដៃផ្សេងទៀត។
លោក Anatoly Antonov អនុរដ្ឋមន្រ្តីការពារប្រទេសរុស្ស៊ីបានហៅក្រុមរដ្ឋឥស្លាមថា ជាមេដឹកនាំផ្តាច់ការនៅក្នុងអំពើភេរវកម្មអន្តរជាតិ។ លោកបាននិយាយក្នុងអំឡុងពេលនៃការថ្លែងព័ត៌មានខ្លីមួយនៅក្នុងទីក្រុងមូស្គូថា ពួកភេរវជននៅក្នុងប្រទេសស៊ីរី បានរកប្រាក់ប្រហែល២ពាន់លានដុល្លាដែលបានមកពីការលក់ប្រេងខុសច្បាប់ដែលពួកគេបានប្រើប្រាស់ដើម្បីជ្រើសរើសនិងបំពាក់អាវុធដល់ភេរវជននៅទូទាំងពិភពលោក។
លោក Antonov បាននិយាយដោយប្រើប្រាស់ឈ្មោះក្រុមរដ្ឋឥស្លាមថា៖ «ដោយហេតុដូច្នេះហើយ បានជាក្រុមរដ្ឋឥស្លាមមានហេដ្ឋារចនាសម្ព័ន្ធផលិតប្រេងខុសច្បាប់ប្រកបដោយការការពារនៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់។ អតិថិជនសំខាន់បំផុតសម្រាប់ប្រេងដែលគេលួចមកពីស៊ីរីនិងអ៊ីរ៉ាក់ដែលជាម្ចាស់ដ៏ត្រឹមត្រូវនោះ គឺតួកគី។ យោងទៅតាមព័ត៌មានដែលយើងទទួលបានគឺថា មេដឹកនាំនយោបាយជាន់ខ្ពស់បំផុតគឺប្រធានាធិបតី Erdogan និងក្រុមគ្រួសាររបស់លោក បានទាក់ទិននៅក្នុងពាណិជ្ជកម្មឧក្រិដ្ឋនេះ»។
ទោះជាយ៉ាងណាក៏ដោយ គ្មានភស្តុតាងណាមួយដែលភ្ជាប់លោកប្រធានាធិបតី Erdogan ឬសមាជិកក្រុមគ្រួសាររបស់លោក ទៅនឹងពាណិជ្ជកម្មប្រេងជាមួយក្រុមរដ្ឋឥស្លាមឬ ISIL ត្រូវបានដាក់បង្ហាញនៅឯសន្និសីទកាសែតនោះទេ។
លោកប្រធានាធិបតី Erdogan បានរិះគន់ការចោទប្រកាន់របស់រុស្ស៊ីនៅពេលថ្មីៗនេះ។លោកបាននិយាយខណៈពេលដែលបំពេញទស្សនកិច្ចទៅប្រទេសកាតា ថា
«គ្មានជនណាម្នាក់ មានសិទ្ធិទាក់ទិនក្នុងការនិយាយបង្ខូចប្រឆាំងតួកគី ដោយនិយាយថា តួកគីកំពុងទិញប្រេងមកពីក្រុម Daesh ឬ ក្រុមរដ្ឋឥស្លាមនោះទេ»។
ការអះអាងរបស់រុស្ស៊ីនៅពេលថ្មីៗនេះ កើតមានឡើងនៅពេលមានភាពតានតឹងយ៉ាងខ្លាំងរវាងរដ្ឋាភិបាលទីក្រុងមូស្គូនិងរដ្ឋាភិបាលតួកគី បន្ទាប់ពីតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំរុស្ស៊ីកាលពីសប្តាហ៍មុន ហើយតួកគីបាននិយាយថា យន្តហោះរុស្ស៊ី បានរំលោភដែនអាកាសរបស់ខ្លួន ដែលការចោទប្រកាន់នេះត្រូវបានរុស្ស៊ីច្រានចោល៕