ប្រធានាធិបតីបារាំង លោក Francois Hollande និយាយថា រូបលោក និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមព្រៀងគ្នា ក្នុងការផ្តល់ឲ្យគ្នាទៅវិញទៅមក នូវព័ត៌មានសម្ងាត់អំពីក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម និងក្រុមជ្រុលនិយមដទៃទៀត ក្នុងប្រទេសស៊ីរី ដើម្បីបង្កើនប្រសិទ្ធិភាពនៃយុទ្ធនាការទម្លាក់គ្រាប់បែករបស់ប្រទេសទាំងពីរ ឲ្យដល់កម្រិតអតិបរមា។
លោក Hollande បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបគ្នាក្នុងទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសទាំងពីរគឺ បារាំង និងរុស្ស៊ីនឹងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកអំពីការដែលថាតើនរណាដែលត្រូវវាយ ហើយនរណាដែលមិនត្រូវវាយប្រហារ។
លោក Hollande បានបន្ថែមថា «អ្វីដែលប្រទេសទាំងពីរព្រមព្រៀងគ្នានេះមានសារៈសំខាន់ ពោលគឺត្រូវវាយតែទៅលើក្រុមភេរវករដូចជាក្រុមរដ្ឋឥស្លាម ឬ ISIS ប៉ុណ្ណោះ គឺមិនមែនវាយប្រហារទៅលើក្រុមដែលកំពុងប្រយុទ្ធប្រឆាំងនឹងភេរវកម្មនោះទេ»។
លោកប្រធានាធិបតីរុស្ស៊ី លោក Putin និយាយថា ប្រទេសរុស្ស៊ីបើកចំហរចំពោះកិច្ចសហប្រតិបត្តិការទូលំទូលាយជាងនេះទៀតជាមួយប្រទេសបារាំង និងសហរដ្ឋអាមេរិកនៅក្នុងការកំណត់គោលដៅក្រុម ISIS៕