សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ស្តី​បន្ទោស​គ្នា​ទៅវិញ​ទៅមក​អំពី​អសន្តិសុខ​ស្បៀង​អាហារ

រូបឯកសារ៖ ផ្សារ​លក់​ម្ហូប​អាហារ​នៅ​ក្នុង​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២។ (AP)

សហរដ្ឋ​អាមេរិក​និង​រុស្ស៊ីបាន​ស្តី​បន្ទោស​គ្នា​ទៅវិញ​ទៅមក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ចំពោះ​ស្ថាន ភាព​ស្បៀង​អាហារ​ដ៏​អាក្រក់​បំផុត​នៅ​ជុំវិញ​ពិភពលោក​ នៅពេល​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​រីក​កាន់តែ​ធំឡើងនោះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​អំពាវនាវ​ដល់​រុស្ស៊ី​ ឱ្យ​អនុញ្ញាត​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន​ ដែល​ត្រូវ​បាន​ជាប់គាំង​នៅ​កំពង់ផែ​នានា​នៅសមុទ្រ​ខ្មៅ។ អ៊ុយក្រែន​ជា​ប្រ ទេស​ផលិត​ស្រូវ​សាឡី​ដ៏​ធំ​បង្អស់​មួយ​របស់​ពិភពលោក។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ថ្លែង​ក្នុង​អំឡុង​នៃ​ជំនួប​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​រៀបចំ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ថា«រុស្ស៊ី​ត្រូវ​បញ្ឈប់​ការបិទ​កំពង់ផែនានា​នៅ​សមុទ្រ​ខ្មៅ ហើយ​អនុញ្ញាត​ឱ្យ​កប៉ាល់ រទេះ​ភ្លើង​និង​រថ យន្ត​ធំៗទាំង​អស់​ធ្វើ​ដំណើរ​ដោយ​សេរី​ដើម្បី​ដឹក​ស្បៀង​អាហារ​ចេញ​ពី​ប្រទេស​អ៊ុយក្រែន»។

លោកBlinken បាន​ថ្លែង​បន្ត​ទៀត​ថា «រុស្ស៊ី​ត្រូវ​បញ្ឈប់​ការគំរាម​កំហែងមិន​ឱ្យដឹក​ស្បៀង​អា ហារ​និង​ជី​មកពី​បណ្តា​ប្រទេស​ដែល​រិះគន់​សង្គ្រាម​ឈ្លានពាន​របស់​ខ្លួន​នោះ»។
ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Vassily Nebenzia បាន​តបត​វិញ​ដោយ​និយាយ​ថា ប្រទេស​របស់​លោក​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ចំពោះ​ទុក្ខ​លំបាក​របស់​ពិភព លោក។

លោក​បាន​និយាយ​ថា ពិភពលោក​បាន​ទទួល​ការឈឺចាប់​ជា​យូរយា​មក​ហើយ មកពី​វិបត្តិ​ស្បៀង​អាហារ​ដែល​បណ្តាល​មកពី​អតិផរណា ​ដែល​កើតចេញពី​ការឡើង​ថ្លៃ​នៃ​ការធានា​រ៉ាប់ រង​និង​ការឆក់​ឱកាស​របស់​ទីផ្សាររបស់​ប្រទេស​លោក​ខាង​លិច។

លោក​បាន​ជជែក​ឱ្យ​ហេតុផល​ថា កំពង់ផែ​របស់​អ៊ុយក្រែន​ត្រូវ​បាន​រារាំង​ដោយ​អ៊ុយក្រែន​ខ្លួន​ឯង ​ដែល​បាន​ដាក់គ្រាប់មីន​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ខ្មៅ​នោះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​តបត​វិញ​ថា«ការដាក់​ទណ្ឌ កម្ម​ មិន​បាន​រារាំង​រុស្ស៊ី​មិន​ឱ្យ​នាំចេញ​ស្បៀ​អាហារ​និង​ជី​នោះ​ទេ»។

មួយ​ថ្ងៃ​បន្ទាប់ពី​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវ នាវ​ដល់​រុស្ស៊ី​ឱ្យ​អនុញ្ញាត​នាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន​មក ប្រទេស​ចំនួន៨០បាន ចូលរួម​នៅ​ក្នុង​ជំនួប​របស់​ក្រុម​ប្រឹក្សា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​បាន​សម្តែង​នូវ​ក្តីកង្វល់​ដ៏​លើសលប់​អំពី​ហានិភ័យ​នៃកង្វះ​ស្បៀង​អាហារ​នេះ៕