រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​៖ លោក​ត្រាំ និង​រូប​លោក​ «មិន​សប្បាយ​ចិត្ត» នឹង​រឿង​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី

  • Cindy​ Saine​

រូបឯកសារ៖ រដ្ឋមន្រ្តី​ការបរទេស​លោក Rex Tillerson។

ដោយ​ស្វះស្វែង​ដើម្បី​​ធ្វើ​ការ​ធានា​ដល់​បណ្តា​​ប្រទេស​ជិត​ខាង​រុស្ស៊ី អនុប្រធានាធិបតី​លោក Mike Pence បាន​ធ្វើ​ការ​លើកឡើង​ ដោយ​ឡែក​មួយ ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ អំឡុងពេល​ដំណើរទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ហ្សកហ្ស៊ី ដែល​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​សហភាពសូវៀត។

ប្រាំ​មួយ​ខែ​បន្ទាប់​ពី​ចូលកាន់​តំណែង​ជា​ប្រមុខ​ផ្នែក​ការទូត​អាមេរិក រដ្ឋមន្រ្តី​ការបរទេស​លោក Rex Tillerson បាន​ប្រាប់​ទៅ​ក្រុម​អ្នក​សារព័ត៌មាន​ពីទស្សនៈរបស់​លោក​លើ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ជាមួយ​នឹង​បណ្តា​ប្រទេស​ដទៃ​ទៀត​នៅ​ជុំវិញ​ពិភពលោក ក្នុង​នោះ​រួម​មាន​ប្រទេស​រុស្ស៊ី​ ដែល​ជា​ប្រធាន​បទ​ពិភាក្សា​ដ៏​ធំ​មួយ​នៅ​ក្នុង​ស្រុក​ផង​ដែរ។

លោក​រដ្ឋមន្រ្តី Tillerson បាន​និយាយ​ថា លោក​បាន​ព្រមាន​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov ម្តង​ហើយ​ម្តង​ទៀត​ថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ និង​រុស្ស៊ី កំពុង​តែ​អាក្រក់​នា​ពេល​ឥឡូវនេះ ប៉ុន្តែ​អាច​នឹង​កាន់​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត ហើយ​ការណ៍​នេះ​ទើប​ហ្នឹងកើតឡើងរួច​ទៅ​ហើយ។ តាម​ទស្សនៈ​របស់​លោក​រដ្ឋមន្រ្តី​ Tillerson ការ​ដាក់ទណ្ឌកម្ម​ថ្មីៗ​ទៅ​លើ​រុស្ស៊ី​ ដែល​សភា​អាមេរិក​បាន​កំណត់​ឡើង​កាល​ពី​សប្តាហ៍​មុន គឺ​មាន​លក្ខណៈ «មិន​ជួយ​ជ្រោមជ្រែង​» សោះ​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា៖

«ឥឡូវ​នេះ​ ចំណាត់ការ​របស់​សភា​ក្នុង​ការ​កំណត់​ទណ្ឌកម្ម​ទាំង​នោះ​ឡើង ហើយ​តាម​របៀបដែល​ពួកគេ​បាន​ធ្វើ​នោះ គឺ​ទាំង​រូប​ខ្ញុំ និង​លោក​ប្រធានាធិបតី​មិន​សប្បាយ​ចិត្ត​អំពី​រឿង​នេះ​នោះ​ទេ។ យើង​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា យើង​មិន​បាន​គិត​ថា ការ​ដាក់​ទណ្ឌកម្ម​នោះ​នឹង​ជួយ​ដល់​កិច្ចប្រឹងប្រែង​របស់​យើងទេ ប៉ុន្តែ​នោះ​គឺ​ជា​សេចក្តី​សម្រេច​របស់​ពួកគេ​ទៅ​ហើយ។ ពួកគេ​បាន​ធ្វើ​សេចក្តី​សម្រេច​ទាំង​តក់ក្រហល់។ ខ្ញុំ​គិត​ថា លោក​ប្រធានាធិបតីទទួលស្គាល់​ការណ៍​នេះ ហើយ​មាន​តម្រុយ​នានា​ថា លោក​ប្រធានាធិបតី​នឹង​ចុះហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​នោះ​។ បន្ទាប់​មក​ យើង​នឹង​អនុវត្ត​តាម»។

ដោយ​ស្វះស្វែង​ដើម្បីធ្វើ​ការ​ធានា​ដល់​បណ្តាប្រទេស​ជិត​ខាង​រុស្ស៊ី អនុប្រធានាធិបតី​លោក Mike Pence បាន​ធ្វើ​ការ​លើកឡើង​ ដោយ​ឡែក​មួយ ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ អំឡុងពេល​ដំណើរទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ហ្សកហ្ស៊ី ដែល​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​សហភាពសូវៀត។ លោក​បាន​ថ្លែង​ថា៖

«ហើយ​ក្នុង​ការ​បញ្ជាក់​បន្ថែម​ពី​ការ​ប្តេជ្ញា​របស់​យើង​នា​ពេល​ឆាប់ៗ​នេះ លោក​ប្រធានាធិបតី​ត្រាំ​នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់ ដើម្បី​ពង្រឹង និង​របៀប​ចំ​ប្រព័ន្ធដាក់​ទណ្ឌកម្មពី​សំណាក់​សហរដ្ឋ​អាមេរិក​ទៅ​លើ​រុស្ស៊ី។ សហរដ្ឋអាមេរិក​ចង់​បាន​ទំនាក់ទំនង​លក្ខណៈ​ស្ថាបនា​មួយ​ជាមួយ​នឹង​រុស្ស៊ី ដោយ​ផ្អែក​លើ​កិច្ចសហប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក និង​ផល​ប្រយោជន៍​រួម។ ប៉ុន្តែ​លោក​ប្រធានាធិបតី​និង​សភា​ មាន​សារ​ដូចគ្នា​ទៅ​កាន់​រុស្ស៊ី។ ទំនាក់ទំនង​ប្រសើរ​ជាង​មុន ដែល​រួម​មាន​ការ​លុបចោល​ការ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ នឹង​តម្រូវ​ឲ្យ​រុស្ស៊ី​កែប្រែ​សកម្មភាព​ ដែល​បង្ក​ឲ្យ​មាន​ការ​ដាក់ទណ្ឌកម្ម​មក​លើ​ខ្លួន​តាំង​ពី​ដើម​ឡើយ ជា​មុន​សិន»។​

អ្នក​ជំនាញ​ផ្នែក​នយោបាយ​ការ​បរទេស​ដទៃ​ទៀត ដូចជា​ ឯកអគ្គរដ្ឋទូត​ក្រុម​ប្រឹក្សា​អាត្លង់តិច​ (Atlantic Council) លោក John Herbst ដែល​បាន​និយាយ​ជាមួយ​ VOA តាម​ប្រព័ន្ធ​ Skype ក៏​បាន​ស្វាគមន៍​ការ​ដាក់​ទណ្ឌកម្មលើ​រុស្ស៊ី អនុម័ត​ឡើង​ដោយ​សភា​អាមេរិក​ផង​ដែរ។ លោក​បាន​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី​ចុះ​ហត្ថលេខា​លើ​សេចក្តីព្រាង​ច្បាប់​នោះ ដោយសារ​តែ​សេចក្តីព្រាង​ច្បាប់​នោះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​អ៊ុយក្រែន ហ្សកហ្ស៊ី និង​បណ្តា​ប្រទេស​ដទៃ​ទៀត ដែល​មាន​អារម្មណ៍​ថា ខ្លួន​កំពុងរង​ការ​គំរាមកំហែង។ លោក​ឯកអគ្គរដ្ឋទូត​បាន​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​ជឿ​ថា ចំណាត់ការ​ផ្សេងៗ​ ដែល​សភា​បាន​ធ្វើ គឺ​មាន​លក្ខណៈ​វិជ្ជមានសម្រាប់​គោល​នយោបាយ​របស់​យើង​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ពីព្រោះ​ វា​ច្បាស់​ណាស់​ថា ​ការ​ខាត​បង់​ដែល​រដ្ឋាភិបាលក្រឹម​ឡាំងអាច​ប្រឈម​មុខ​ កំពុង​មាន​កាន់​តែ​ខ្លាំង ដោយសារ​ភាព​គឃ្លើន​របស់​ខ្លួន​។ ហើយ​ប្រសិន​បើ​ផលវិបាកនៃ​ភាព​គឃ្លើន​នោះ​អាច​ធ្វើ​ឲ្យ​រុស្ស៊ី​ខាតបង់​ខ្លាំង រដ្ឋាភិបាល​ក្រុង​មូស្គូ​នឹង​ត្រូវ​កែប្រែ​គោលនយោបាយ​របស់​ខ្លួន​ក្នុង​ក្រុង Donbass [នៅ​អ៊ុយក្រែន និង​ជា​កន្លែង​ប្រមូលផ្តុំ​មួយ​សម្រាប់​សកម្មជន​គាំទ្រ​រដ្ឋាភិបាល​ក្រុង​មូស្គូ]។ ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ធ្វើ​ដូច្នេះ​មែន នោះ​ប្រហែល​នឹង​មាន​ផល​វិជ្ជមាន​នៅ​ក្នុង​រយៈពេល​មធ្យម និង​រយៈពេល​វែង ទៅ​លើ​គោលនយោបាយ​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​ហ្សកហ្ស៊ី»។

នៅ​វិមាន​សភា Capitol Hill សមាជិក​សភា​អាមេរិក​ពី​គណបក្ស​ធំៗ​ទាំង​ពីរ​បាន​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី​ត្រាំ​ចុះ​ហត្ថលេខា​លើ​សេចក្តីព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម ដោយ​មិន​បង្អង់​យូរ​ បន្ទាប់​ពី​សេចក្តីព្រាង​ច្បាប់​នោះ​បាន​មក​ដល់​តុ​ការងារ​របស់​លោក​ប្រធានាធិបតី​កាល​ពី​សប្តាហ៍​មុន៕

ប្រែសម្រួល​ដោយ​ ណឹម​ សុភ័ក្រ្តបញ្ញា