មន្ត្រីយោធាជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានជួបពិភាក្សាគ្នាអំពីការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
ប្រធាននាយអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិកលោកឧត្ដមសេនីយ៍ Joseph Dunford បានរៀបចំទទួលសមភាគីរបស់លោកគឺលោកឧត្ដមសេនីយ៍ Kyeong-doo Jeong នៃប្រទេសកូរ៉េខាងត្បូង និងមេបញ្ជាការទ័ពជើងទឹកជប៉ុនលោក Katsutoshi Kawano នៅឯទីស្នាក់ការកណ្ដាលនៃបញ្ជាការដ្ឋានសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកក្នុងរដ្ឋ Hawaii កាលពីថ្ងៃអាទិត្យម្សិលមិញ។
ការិយាល័យកិច្ចការសាធារណៈរបស់ប្រធាននាយអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសថា៖ «ប្រទេសទាំង ៣ រួមគ្នាអំពាវនាវឲ្យកូរ៉េខាងជើងឈប់ធ្វើសកម្មភាពបង្កហេតុដែលគ្មានការទទួលខុសត្រូវណាមួយដែលធ្វើឲ្យភាពតានតឹងនៅក្នុងតំបន់កាន់តែធ្ងន់ធ្ងរបន្ថែមទៀត និងដើរចេញពីវិថីនៃការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលដ៏បំផ្លិចបំផ្លាញ និងគ្រោះថ្នាក់»។
មេដឹកនាំទាំង ៣ ក៏ពិភាក្សាផងដែរអំពីគំនិតផ្ដួចផ្ដើមពហុភាគី និងត្រីភាគី ដើម្បីជំរុញឲ្យមានសន្តិភាព និងស្ថិរភាពរយៈពេលវែងនៅតំបន់អាស៊ីឦសាន និងដើម្បីជំរុញឲ្យមានលទ្ធភាពទំនាក់ទំនងគ្នាទៅវិញទៅមក និងការត្រៀមខ្លួនរួចរាល់សម្រាប់បញ្ហាជាច្រើនដែលមានដូចជា បញ្ហាសន្តិសុខរួមគ្នា ជំនួយមនុស្សធម៌ និងជំនួយគ្រោះមហន្តរាយ ក៏ដូចជាសង្គ្រាមតាមអ៊ីនធឺណិតជាដើម។
នៅថ្ងៃចន្ទនេះ ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសថា តំណាងរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ៦ ភាគី នឹងជួបជាមួយនឹងសមភាគីចិននៅក្នុងទីក្រុងប៉េកាំង ប្រទេសចិននៅថ្ងៃអង្គារស្អែក ដើម្បីផ្លាស់ប្ដូរការវិភាគនានាអំពីស្ថានការណ៍បច្ចុប្បន្ននៅក្នុងប្រទេសកូរ៉េខាងជើង៕