អស់រយៈពេលជាង៤ទសវត្សរ៍បន្ទាប់ពីការលក់រថយន្តម៉ាក Volvos ចំនួន១ពាន់គ្រឿងទៅឲ្យប្រទេសកូរ៉េខាងជើង ប្រទេសស៊ុយអែតនៅតែកំពុងព្យាយាមឲ្យបានទទួលប្រាក់សម្រាប់រថយន្តទាំងនោះ ដែលឥឡូវនេះមានចំនួនសរុបទាំងអស់៣២៨លានដុល្លារ នេះយោងតាមក្រសួងការបរទេសរបស់ស៊ុយអែត។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានទទួលរថយន្តទាំងនោះក្នុងអំឡុងនៃការបើកចំហរនិងការពង្រីកពាណិជ្ជកម្ម ក៏ប៉ុន្តែ មិនដែលបានសងប្រាក់ដើមចំនួន១៣១លានដុល្លារទេ។
ប្រទេសកូរ៉េខាងជើងបានជំពាក់ប្រាក់គ្រប់ទីកន្លែងនៅតំបន់អឺរ៉ុបមកពីការទិញក្នុងអំឡុងដើមទសវត្សរ៍១៩៧០ នៅពេលដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសលោកខាងលិច។
ការិយាល័យព័ត៌មានរបស់ក្រុមហ៊ុន Per-Ake Froberg of Volvo Heritage បានប្រាប់ឲ្យដឹងថា «ក្រុមហ៊ុនរថយន្ត Volvo បានលក់រថយន្តប្រហែល១ពាន់គ្រឿងទៅឲ្យប្រទេសកូរ៉េខាងជើងនៅឆ្នាំ១៩៧៤។ ក្រុមហ៊ុនរថយន្ត Volvo បានទិញការធានារ៉ាប់រងតាមរយៈទីភ្នាក់ងារឥណទាននីហរណស៊ុយអែត EKN។ ពេលដែលកូរ៉េខាងជើងមិនសងប្រាក់ ទីភ្នាក់ងារ EKN ត្រូវធ្វើការសងប្រាក់ជំនួស មានន័យថា ក្រុមហ៊ុនរថយន្ត Volvo មិនខាតបង់ខាងហិរញ្ញវត្ថុទេ»។
ក៏ប៉ុន្តែ មិនមែនទីភ្នាក់ងារ EKN ទេដែលត្រូវដាស់តឿនកូរ៉េខាងជើង២ដងក្នុងមួយឆ្នាំនេះអំពីប្រាក់ដែលនៅជំពាក់នោះ។
លោកស្រី Carina Kemp អ្នកចាត់ចែងខាងព័ត៌មានរបស់ទីភ្នាក់ងារ EKN បានប្រាប់ VOAផ្សាយជាភាសាកូរ៉េតាមសារ E-mail ថា «ចំពោះបញ្ហានេះ យើងមិនបានទទួលការឆ្លើយតបទេ។ គោលជំហររបស់ភ្នាក់ងារ EKN គឺថា ត្រូវតែទារប្រាក់ឲ្យបានវិញ»៕