សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានបញ្ជូនត្រឡប់ទៅឲ្យប្រទេសម៉ាឡេស៊ីវិញនូវទឹកប្រាក់ចំនួន៣០០លានដុល្លារដែលត្រូវបានលួចចេញពីមូនិធិវិនិយោគរបស់រដ្ឋនៃប្រទេសនេះ ដែលការលួចនេះជាផ្នែកមួយនៃផែនការអំពីពុករលួយមួយដ៏ធំស្មុគស្មាញមួយ។
ក្រសួងយុត្តិធម៌អាមេរិកនិយាយកាលពីថ្ងៃអង្គារថា ទឹកប្រាក់នេះបានមកពីទ្រព្យសម្បត្តិដែលត្រូវបានរឹបអូសពីហិរញ្ញឹកម៉ាឡេស៊ីលោក Low Taek Jho ដែលត្រូវគេស្គាល់ឈ្មោះថា Jho Low ផងដែរ។ ចៅក្រមសហព័ន្ធមួយរូបបានចេញដីកាជាបន្តបន្ទាប់កាលពីឆ្នាំមុន បញ្ជាឲ្យលោក Low និងក្រុមគ្រួសារប្រគល់ទ្រព្យសម្បត្តិតម្លៃជាង៧០០លានដុល្លារនៅសហរដ្ឋអាមេរិក អង់គ្លេស និងស្វ៊ីស។
លោក Low ត្រូវគេចោទប្រកាន់ថាបានលួចប្រាក់ពីក្រុមហ៊ុន 1Malaysia Development Berhad ឬហៅកាត់ថា 1MDB និងប្រើប្រាក់នេះដើម្បីទិញរបស់មានតម្លៃខ្ពស់នានា។ របស់ទាំងនោះរួមមានគេហដ្ឋានប្រណីតៗ វត្ថុសិល្បៈនិងគ្រឿងអលង្ការ សណ្ឋាគារប្រណីតនៅតំបន់ Beverly Hills រដ្ឋកាលីហ្វ័រញ៉ា និងការវិនិយោគផ្សេងទៀត ដោយរួមមានភាពយន្តហូលីវូដរឿង The Wolf of Wall Street។
ក្រសួងយុត្តិធម៌អាមេរិកថា ពេលនេះខ្លួនបានយកមកវិញនូវទឹកប្រាក់ជាង៦០០លានដុល្លារជាមូលនិធិដេលត្រូវបានលួចពី 1MDB ដែលត្រូវបានបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ក្រុមរដ្ឋអាជ្ញាអាមេរិកថា លោក Najib និងអ្នករួមគំនិតបានលួចប្រាក់យ៉ាងតិច៤.៥០០លានដុល្លារពីមូលនិធិនេះរវាងឆ្នាំ២០០៩និងឆ្នាំ២០១៥។
ការចោទប្រកាន់ទាំងនេះប្រឆាំងនឹងលោក Najib បាននាំដល់ការបរាជ័យរបស់សម្ព័ន្ធភាពកាន់អំណាចរបស់លោកនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨។ លោក Najib កំពុងត្រូវជាប់ចោទពីបទឧក្រិដ្ឋមួយចំនួនផងដែរទាក់ទងនឹងករណីរឿងអាស្រូវនេះ៕