អាមេរិកអំពាវ​នាវឱ្យ​មានដំណោះ​ស្រាយ​ «ប្រកប​ដោយ​ក្តីមេត្តា» ដល់បញ្ហាដែនដី​ហុងកុង

បុរសម្នាក់គ្រវីទង់ជាតិអាមេរិកអំឡុងពេលបាតុកម្មមួយនៅកោះហុងកុង កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

លោក​ Pompeo បាននិយាយថា «ក្រុមបាតុករ​ទាំង​នេះ​សុំដល់ពួក​មេដឹកនាំ​ចិនឱ្យ​គោរព​ការ​ប្តេជ្ញា​នេះដែល​ពួក​គេ​បានធ្វើ។​ ពួក​មេដឹកនាំ​ចិន​បានធ្វើ​ការ​ប្តេជ្ញា​នេះ​ដល់ពួក​អង់គ្លេស​នៅ​ក្នុងកិច្ចព្រមព្រៀង​ដែល​បានត្រូវដាក់ជូន​អ.ស.ប.។​ នេះជា​គោលនយោបាយ​របស់​ស.រ.អា.»។

ក្រុមមន្ត្រី​អាមេរិកបាន​អំពាវ​នាវ​ជា​ថ្មីឱ្យមានដំណោះ​ស្រាយ​ «ប្រកប​ដោយ​ក្តីមេត្តា» ដល់ស្ថានការណ៍​នៅក្នុង​ក្រុង​ហុងកុងដែល​នៅ​ទីនោះ​បាតុកម្មដែល​នៅ​តែមានធ្វើ​មិន​បង្ហាញ​សញ្ញាថា ​នឹង​ចប់ជាបន្ទាន់​ទេ។​

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជា​មួយ​បណ្តាញ​ទូរទស្សន៍អាមេរិកាំង​ Fox Business Network កាលពី​ថ្ងៃ​ពុធ​ លោករដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Mike Pompeo បាន​និយាយថា​ ក្រុម​បាតុករ​នៅ​ហុងកុង​បានសុំ​ដល់រដ្ឋាភិបាល​ចិនឱ្យ​ធ្វើតាម​ការ​សន្យា​របស់​ផង​ខ្លួន​តាម​រយៈកិច្ច​ព្រមព្រៀងរួមគ្នា​រវាង​ប្រទេស​ចិននិង​ប្រទេសអង់គ្លេសកាលពី​ឆ្នាំ១៩៨៤និងអ្វី​ដែល​ហៅ​ថាក្របខណ្ឌនៃ «ប្រទេស​មួយប្រព័ន្ធពីរ» នៅក្រោយ​ប្រទេស​ចិន​ចូល​ត្រួតត្រា​ជាថ្មី​លើហុងកុង​ពី​ការ​គ្រប់គ្រង​អាណានិគមរបស់​អង់គ្លេសកាលពី​ថ្ងៃទី​១ ខែ​កក្កដា ​ឆ្នាំ១៩៩៧។

លោក​ Pompeo បាននិយាយថា «ក្រុមបាតុករ​ទាំង​នេះ​សុំដល់ពួក​មេដឹកនាំ​ចិនឱ្យ​គោរព​ការ​ប្តេជ្ញា​នេះដែល​ពួក​គេ​បានធ្វើ។​ ពួក​មេដឹកនាំ​ចិន​បានធ្វើ​ការ​ប្តេជ្ញា​នេះ​ដល់ពួក​អង់គ្លេស​នៅ​ក្នុងកិច្ចព្រមព្រៀង​ដែល​បានត្រូវដាក់ជូន​អ.ស.ប.។​ នេះជា​គោលនយោបាយ​របស់​ស.រ.អា.»។

លោក Pompeo បាន​ថ្លែង​បន្ថែម​ថា «លោកប្រធានាធិបតី​ក៏បាននិយាយដែរថា​លោកចង់ឱ្យប្រាកដ​ប្រជា​ថា​អាជ្ញាធរ​ចិន​ប្រព្រឹត្ត​ទៅលើ​ក្រុមបុគ្គល​នៅ​ហុង​កុង​ដោយ​សេចក្តី​មេត្តាករុណា។ទាំង​អស់​នេះ​ជា​ស្នូល​នៃ​គោលនយោបាយ​អាមេរិកាំង​ស្តី​ពី​ដែន​ដីហុង​កុង»។