សហរដ្ឋអាមេរិកបន្តការអំពាវនាវរបស់ខ្លួនដល់បណ្តាប្រទេសនៅក្នុងតំបន់ឈូងសមុទ្រពែកឱ្យដោះស្រាយការបែកបាក់គ្នារយៈពេល ៣ ឆ្នាំកន្លងមក ដោយបានលើកឡើងពីភាពចាំបាច់នៅក្នុងការពង្រឹងកម្លាំងនាំមុខសាមគ្គីមួយប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា៖ «ដើម្បីបញ្ចប់ការកើនឡើងនៃការជ្រៀតជ្រែករបស់អ៊ីរ៉ង់ វាដល់ពេលដែលត្រូវស្វែងរកដំណោះស្រាយសម្រាប់ការបែកបាក់គ្នានៅតំបន់ឈូងសមុទ្រពែកហើយ។ រដ្ឋបាលរបស់លោកប្រធានាធិបតី Trump ចង់ឃើញជម្លោះនេះត្រូវបានដោះស្រាយ ហើយនឹងចង់បើកឡើងវិញនូវព្រំដែនអាកាសនិងដីគោករបស់ប្រទេសកាតា ដែលនៅពេលបច្ចុប្បន្ននេះត្រូវបានរាំងខ្ទប់ដោយបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ឈូងសមុទ្រព៊ែក។ ខ្ញុំសង្ឃឹមថា នឹងមាន ភាពជឿនលឿនទៅមុខលើបញ្ហានេះ»។
លោក Pompeo បាននិយាយដូច្នេះ បន្ទាប់ពីបានស្វាគមន៍ក្រុមមន្ត្រីជាន់ខ្ពស់កាតាមួយចំនួន ដូចជាលោកឧបនាយករដ្ឋមន្ត្រី Mohammed bin Abdulrahman Al-Thani និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ali Sharif Al-Emadi នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ៣ នៃការសន្ទនាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងកាតា៕