បន្ទាប់ពីបានចាត់វិធានការមួយចំនួនដាក់រដ្ឋាភិបាលក្រុងភ្នំពេញ សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ បានអំពាវនាវសាជាថ្មីដល់រដ្ឋាភិបាលកម្ពុជាឱ្យពិចារណាឱ្យបានគត់មត់ ក្នុងការស្តារស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញឲ្យដូចស្ថានភាពនៅពីមុនការបង្ក្រាបលើក្រុមសម្ព័ន្ធនយោបាយជំទាស់ សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យធំៗ នាពេលថ្មីៗនេះ។
ក្នុងដំណើរទស្សនកិច្ចដែលឥតព្រាងទុករបស់លោកមកកាន់រាជធានីភ្នំពេញនៅសប្ដាហ៍នេះ លោក Patrick Murphy ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា ក្នុងនាមជាប្រទេសជាមិត្តដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅពេលដែលអាមេរិកនិយាយថា ខ្លួនមានក្ដីបារម្ភ ខ្លួនមានករណីយកិច្ចក្នុងការចាត់វិធានការនៅរាល់ការវិលថយក្រោយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
លោក Patrick Murphy បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅនិវេសនដ្ឋានអ្នកការទូតអាមេរិក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលារសៀលថ្ងៃពុធនេះ យ៉ាងដូច្នេះថា៖
«យើងជឿជាក់ថា នៅមានកាលានុវត្តន៍ភាពមួយ ក្នុងការបកត្រឡប់មកក្រោយវិញនៃចំណាត់ការទាំងនេះ[ដោយ]រដ្ឋាភិបាលកម្ពុជា ឱ្យមកស្ថិតលើផ្លូវត្រូវវិញ ដើម្បីឈានចូលទៅឆ្នាំ២០១៨ និងរៀបចំដំណើរការបោះឆ្នោតមួយដែលមានលក្ខណៈស្របច្បាប់»។
លោកឧបការីរង ដែលបានជួបប្រជុំនឹងលោករដ្ឋលេខាធិការការបរទេសកម្ពុជា អ៊ុច បូរិទ្ធ និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង នៅតែបង្ហាញជំនឿថា ទំនាក់ទំនងដែលប្រេះស្រាំរវាងទីក្រុងភ្នំពេញ និងទីក្រុងវ៉ាស៊ីនតោន អាចនឹងវិលត្រឡប់មកកាន់ភាពល្អប្រសើរឡើងវិញ ក្រោយពីរដ្ឋាភិបាលកម្ពុជាបានបន្តវោហាស័ព្ទចង្អុលមុខសហរដ្ឋអាមេរិកត្រង់ៗថានៅពីក្រោយគណបក្សសង្គ្រោះជាតិ រៀបចំគម្រោងការ«បដិវត្តន៍ពណ៌»ប្រុងផ្ដួលរំលំរបបដឹកនាំកម្ពុជា។
លោក Patrick Murphy បាននិយាយថា៖
«មានការប៉ះទង្គិចគ្នាតិចតួច មានគ្រឿងរំខានជាបន្តបន្ទាប់លើទំនាក់ទំនងទ្វេភាគី រវាងប្រទេសយើងទាំងពីរ។ ប៉ុន្តែយើងបន្តមានសុទិដ្ឋិនិយម។ ហេតុអ្វី? មូលហេតុនៅត្រង់ថា យើងបានធ្វើការវិនិយោគ[លើការអភិវឌ្ឍប្រទេសកម្ពុជា]។ យើងដឹងថា ប្រទេសកម្ពុជាបានធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយហើយ ហើយប្រទេសនេះមានអ្វីដែលត្រូវខាតបង់ច្រើនណាស់ បើសិនជាវិលត្រឡប់ទៅរកស្ថានភាពដើមរបស់ខ្លួនវិញនោះ»។
ក្រោយពីបានចាប់ខ្លួននិងចោទប្រកាន់ប្រធានគណបក្សប្រឆាំង គឺលោក កឹម សុខា ថា ប្រព្រឹត្តអំពើក្បត់ជាតិ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការប្ដឹងផ្ដល់រហូតដល់មានការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងធំបំផុតសម្រាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចក្នុងការបោះឆ្នោតរដ្ឋសភាឆ្នាំក្រោយ ក្នុងបណ្ដឹងដែលសម្រេចសេចក្ដីដោយតុលាការកំពូលកម្ពុជា។ រីឯមន្ត្រីបក្សប្រឆាំង១១៨នាក់ត្រូវទទួលបានកាតក្រហមដេញចេញពីសង្វៀននយោបាយចំនួន៥ឆ្នាំ។
ការបង្រ្កាបលើគណបក្សប្រឆាំងនេះ មានឡើងនៅស្របពេលដែលមានសេចក្ដីរាយការណ៍អំពីការរឹតត្បិតលំហសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មានមួយចំនួនដែលឯករាជ្យពីរបបគ្រប់គ្រងប្រទេសកម្ពុជានៅក្រោយការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ដែលបក្សប្រឆាំងបានវាយបែកឫសខាងក្រោមរបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចតាំងពីឆ្នាំ១៩៧៩មក កាន់កាប់កៅអីជាមេឃុំចៅសង្កាត់ ប្រមាណ១ភាគ៣ នៅទូទាំងប្រទេស។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា សហរដ្ឋអាមេរិកបានចាត់វិធានការជាបន្តបន្ទាប់ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលក្នុងនោះរួមមានការបញ្ឈប់ជំនួយដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងការដាក់ការរឹតបន្តឹងផ្នែកទិដ្ឋាការដល់មន្ត្រីកម្ពុជានានាដែលអាមេរិកយល់ថា បានចូលរួម«បំផ្លិចបំផ្លាញ»ប្រជាធិបតេយ្យរបស់ប្រទេស។
អ្នកការទូតអាមេរិកាំងរូបនេះបានស្ទាក់ស្ទើរមិនពិភាក្សាឡើយនៅត្រូវពេលត្រូវបានសួរអំពីវិធានការបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន បើសិនជាទីក្រុងភ្នំពេញព្រងើយកន្តើយនឹងសំណើរបស់ខ្លួន តែលោកថា ភាពស្របច្បាប់នៃការបោះឆ្នោតរដ្ឋសភាឆ្នាំក្រោយមុខជាស្ថិតក្នុងសភាពស្រពេចស្រពិល បើសិនជាបរិបទនយោបាយនៅតែប្រព្រឹត្តទៅយ៉ាងដូច្នេះ។
ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន លោក Patrick Murphy បាននិយាយថា៖
«យើងមាន[កញ្ចប់]ចម្រុះទៅដោយវិធានការ និងឧបករណ៍ដែលយើងអាចនឹងធ្វើការពិចារណា។ ខ្ញុំនឹងមិនបញ្ចេញបង្ហាញវិធានការទាំងនោះ នាពេលនេះទេ។ ប៉ុន្តែសាររបស់យើងមួយដែលយើងបានផ្ដល់ដល់កម្ពុជា នោះគឺថា ការត្រឡប់ក្បាលថយក្រោយបែបនេះនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស បាននាំឱ្យភាពស្របច្បាប់នៃដំណើរការបោះឆ្នោតដែលនឹងមកដល់នាពេលខាងមុខឱ្យស្ថិតក្នុងគ្រោះហានិភ័យ»។
បើយោងតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកនានា ក្នុងជំនួបជាមួយមន្ត្រីខ្មែរ លោក Patrick Murphy ត្រូវបានប្រាប់យ៉ាងមធ្យ័ត ក្នុងខ្សែបន្ទាត់ជំហរនយោបាយរបស់ភ្នំពេញថា នឹងមិនមានការវិលត្រឡប់ក្រោយនោះទេ ជាមួយនឹងវិធានការដែលមានឡើងទៅលើក្រុមជំទាស់នឹងរបបដឹកនាំនៃគណបក្សប្រជាជនកម្ពុជា។
នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយកជ័យលើការបង្ក្រាបក្រុមចលនា«បដិវត្តន៍ពណ៌» នៅកម្ពុជា ដោយអះអាងថា រដ្ឋអំណាចលោកបាន «វាយបំបាក់ឆ្អឹងខ្នង កាត់ក្បាល និងរំលាយដងខ្លួន»របស់ចលនានេះបានរួចជាស្រេច។ តែលោកបានប្រាប់កងកម្លាំង និងមន្រ្តីអ្នកស្មោះស្ម័គ្រឱ្យបន្តស្ថិតក្នុងស្ថានការណ៍ប្រុងជើងការ ត្បិតអីអ្នកនៅពីក្រោយ«បដិវត្តន៍ពណ៌»ដែលលោកទំនងចង់សំដៅលើសហរដ្ឋអាមេរិក នៅមិនទាន់បញ្ឈប់ការប៉ុនប៉ងរបស់គេនៅឡើយ។
ការអំពាវនាវសាជាថ្មីរបស់សហរដ្ឋអាមេរិកតាមរយៈអ្នកការទូតខ្លួន ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុប ដែលជាម្ចាស់ជំនួយចំបងមួយនៃកិច្ចកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា បានប្រកាសផ្អាកជំនួយដល់ គ.ជ.ប. សម្រាប់ការបោះឆ្នោតដែលខ្លួនមានមន្ទិលថានឹងមានភាពស្របច្បាប់ឬអត់។
VOA មិនអាចទាក់ទងអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសុំការបំភ្លឺបានទេ នៅចុងរសៀលថ្ងៃពុធនេះបានទេ ខណៈដែលមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃក៏បដិសេធ មិនផ្ដល់អត្ថាធិប្បាយទេរឿងជំនួបលោក Patrick Murphy និងលោក ស ខេង ដែលប្រព្រឹត្តទៅនៅថ្ងៃពុធនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាននិយាយថា មិនមានឡើយលទ្ធភាពនៃការវិលត្រឡប់ក្រោយនៃវិធានការប្រឆាំងនឹងក្រុមជំទាស់នៅកម្ពុជា និងក្រុមអ្នកដែលលោកនិយាយថា«បានប្រព្រឹត្តកំហុស»។
អ្នកនាំពាក្យរូបនេះថ្លែងប្រាប់ VOA ថា៖
«អាហ្នឹងវាហួសពេលហើយ ដូចនាវាបានចាកចោលកំពង់ផែហើយ អត់មានងាកក្រោយបានទេ។ ទោះក្នុងករណីណាក៏ដោយ គឺមិនអាចបកក្រោយបានទេ។ ការបកក្រោយលើករណី កឹម សុខា និងគណបក្សប្រឆាំង គឺបានន័យស្មើនឹងការបំផ្លាញប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា»។
នៅពេលត្រូវបានសួរថា តើគណបក្សគ្រប់គ្រងអំណាចនៅកម្ពុជាមានការបារម្ភឬទេ ចំពោះវិធានការជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងខ្លួន លោក សុខ ឥសាន បានបង្ហាញក្ដីសង្ឃឹមថា បើទោះជាសហរដ្ឋអាមេរិកមានរាល់លទ្ធភាព និងជម្រើសក្នុងការចាត់វិធានការ លោកជឿជាក់ថា អាមេរិកនឹងមិនប្រើប្រាស់វិធានការទាំងនោះទេ។
«ក៏ប៉ុន្តែ ខ្ញុំយល់ថា គួរតែរដ្ឋាភិបាលបរទេសដែលជាមិត្តភក្ដិហ្នឹងគិតគូរ កុំយកប្រជាជន១៥លាននាក់ ទៅដូរនឹងជនមួយក្ដាប់តូចដែលក្បត់ជាតិ អាហ្នឹងវាអត់ត្រូវទេ។ និងម្យ៉ាងទៀត កុំឱ្យកម្ពុជាបោះបង់ឯករាជ្យភាព និងអធិបតេយ្យរបស់ខ្លួន ដើម្បីគ្រាន់តែមនុស្សមួយក្រុមតូចដែលក្បត់ជាតិនោះបាទ»។
ចាប់តាំងពីការរំលាយដោយតុលាការកំពូល គណបក្សសង្គ្រោះជាតិដែលប្រកាសមិនទទួលស្គាល់សាលដីកា បានធ្វើប្រតិបត្តិការនយោបាយរបស់ខ្លួនទាំងស្រុង ពីក្រៅប្រទេស ដែលការងារស្នូលរួមមានការធ្វើយុទ្ធនាការការទូតទាមទារឱ្យបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាឱ្យបន្ធូរបន្ថយការបង្ក្រាប។
នៅក្នុងសវនាការសាធារណៈមួយនៅគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាបសហរដ្ឋអាមេរិក កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា និងជានាយិការងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ បានអំពាវនាវ ឱ្យអាមេរិកមានវិធានការបន្ថែមប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន រួមមានការបង្កកទ្រព្យសម្បត្តិ និងការទាញប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក រួមមាន ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី ឱ្យចូលរួមចាត់វិធានការដាក់សម្ពាធ។
ការបង្ក្រាបលើក្រុមជំទាស់នៅកម្ពុជា បានទទួលការគាំទ្រជាទូទៅពីសំណាក់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្ត និងជាអ្នកផ្ដល់ជំនួយ និងការវិនិយោគធំបំផុតនៅកម្ពុជា។ អស់ពេលជាច្រើនឆ្នាំមកនេះ សហរដ្ឋអាមេរិកស្ថិតក្នុងចំណោមប្រទេសធំៗបំផុត ដែលបញ្ជាទិញផលិតផលវាយនភណ្ឌ ដែលជាផលិតផលនាំចេញធំបំផុតជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចដ៏រស់រវើករបស់កម្ពុជា។
ក៏ប៉ុន្តែនៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាលពីមុននេះ បានស្នើឱ្យអាមេរិក កាត់ផ្ដាច់រាល់ជំនួយមកកាន់កម្ពុជា ជាជាងលូកលាន់ចូលកិច្ចការផ្ទៃក្នុងកម្ពុជា បាននិយាយប្រាប់ក្រុមអ្នកវិនិយោគ អ្នកតាក់តែងគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម ឱ្យខិតខំធ្វើពិពិធកម្ម (ធ្វើឲ្យសេដ្ឋកិច្ចពឹងផ្អែកលើវិស័យច្រើនមុខ/economic diversification) ទីផ្សារនាំចេញ ដើម្បីឱ្យទិសដៅនៃផលិតផលប្រទេសកម្ពុជាមានជម្រើសគោលដៅច្រើនជាជាងពឹងផ្អែកលើប្រទេស ឬអ្នកបញ្ជាទិញមួយឬពីរ៕