កាលពីថ្ងៃសុក្រស.រ.អា.បានដកប្រទេសគុយបាពីបញ្ជីខ្មៅមួយដែលបានចាត់ទុកប្រទេសកុម្មុយនិស្តនេះថាជារដ្ឋមួយដែលបានឧបត្ថម្ភដល់ភេរវកម្ម។ នេះជាជំហានមួយទៀតឆ្ពោះទៅកាន់ការរៀបចំឱ្យមានចំណងទាក់ទងគ្នាខាងការទូតជាថ្មីរវាងប្រទេសជាតិទាំងពីរនេះនៅក្រោយមានភាពមិនឈ្នះមិនចាញ់ប្រាំទសវត្សរ៍មកនោះ។
ក្នុងរយៈពេលខ្លីក្រោយពីបានជួបជាមួយលោកប្រធានាធិបតីគុយបា Raul Castro កាលពីខែមេសាមក លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានប្រកាសអំពីគោលបំណងរបស់លោកក្នុងការដកប្រទេសគុយបាចេញពីបញ្ជីខ្មៅនោះនៅពេលដែលប្រទេសទាំងពីរនេះឈានជើងឆ្ពោះទៅកាន់ការបើកបេសកកម្មការទូតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងក្រុងឡាហាវ៉ាន (Havana)។សភាស.រ.អា.មានរយៈពេល៤៥ថ្ងៃដើម្បីជំទាស់នឹងចំណាត់ការនេះ ក៏ប៉ុន្តែសភាមិនបានប្រឆាំងនឹងវិធានការនេះទេ។
ជាមួយរយៈពេលនៃការពិនិត្យសើរើជាថ្មីនេះបានផុតកំណត់កាលពីថ្ងៃសុក្រ លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានដកប្រទេស Cuba ចេញពីបញ្ជីនេះជាផ្លូវការ។ ស.រ.អា.បាននិយាយថាខ្លួននៅមាន «កង្វល់និងការខ្វែងគំនិតច្រើនជាមួយគោលនយោបាយនិងសកម្មភាពជាច្រើនរបស់ប្រទេស Cuba»។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ក្រសួងការបរទេសស.រ.អា.បាននិយាយថាប្រទេសជាកោះនៅជិតស.រ.អា.នេះមិនបានគាំទ្រភេរវកម្មអន្តរជាតិទេក្នុងរយៈពេល៦ខែកន្លងទៅនេះហើយបានផ្តល់ការធានារ៉ាប់រងដល់ស.រ.អា.ថាខ្លួននឹងមិនគាំទ្រភេរវកម្មទេក្នុងពេលអនាគតដែលជាលក្ខណៈវិនិច្ឆ័យដើម្បីដកប្រទេសគុយបាពីបញ្ជីខ្មៅនេះ។
ការដកប្រទេសគុយបាចេញពីបញ្ជីខ្មៅនេះអាចឱ្យប្រទេសនេះចូលក្នុងផ្សារហិរញ្ញវត្ថុសាកលបានច្រើនជាងមុន ហើយអាចខ្ចីប្រាក់ពីអង្គការនានាដូចជាធនាគារពិភពលោកជាដើម៕