សហរដ្ឋអាមេរិកបានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងប៉េកាំងដែលថា អាមេរិកបានបង្ហោះបាឡុងរយ:កម្ពស់ខ្ពស់លើប្រទេសចិនកាលពីឆ្នាំមុន ពេលដែលមហាអំណាចទាំងពីរបន្តឆ្លើយឆ្លងគ្នាអំពីការបាញ់ទម្លាក់បាឡុងចិនមួយដោយអាមេរិក នៅហួសឆ្នេរសមុទ្រប៉ែកខាងកើតសហរដ្ឋអាមេរិកកាលពីជាង១សប្ដាហ៍មុន។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់បណ្ដាញទូរទស្សន៍ MSNBC ថា «មិនពិតទេ រឿងអាមេរិកបង្ហោះបាឡុងលើប្រទេសចិន មិនពិតសោះ។ យើងមិនបានធ្វើដូច្នោះទេ»។
ប្រទេសទាំងពីរសុទ្ធតែបង្ហោះផ្កាយរណបស៊ើបយកការណ៍ដូចគ្នា តែអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានចោទប្រកាន់អាមេរិកថា បានបង្ហោះបាឡុងជាច្រើនលើប្រទេសចិន ទោះបីជាលោកមិនបានផ្ដល់សេចក្ដីពិស្ដារអំពីរបៀបដែលចិនដោះស្រាយបញ្ហានោះ ឬថាតើបាឡុងទាំងនោះមានទំនាក់ទំនងយ៉ាងដូចម្ដេចជាមួយរដ្ឋាភិបាលអាមេរិកក៏ដោយ។
ចិនបានទទួលស្គាល់ថា បាឡុងមួយរបស់ខ្លួន ពិតជាបានហោះអស់រយ:ពេល៨ថ្ងៃលើសហរដ្ឋអាមេរិកមែន មុនពេលយន្តហោះចម្បាំងអាមេរិក បាញ់ទម្លាក់វាកាលពីថ្ងៃទី៤ ខែកុម្ភ: នៅហួសឆ្នេរសមុទ្រក្នុងរដ្ឋ South Carolina ប៉ែកខាងត្បូង។ រដ្ឋាភិបាលចិន បន្តអះអាងថា នោះជាបាឡុងស្រាវជ្រាវអាកាសធាតុ ដែលហោះខុសគន្លងផ្លូវ ទោះបីជាសហរដ្ឋអាមេរិកនិយាយថា បំណែកដែលត្រូវបានរកឃើញពីបាឡុងនោះ បានបង្ហាញថា វាជាបាឡុងស៊ើបយកការណ៍ដ៏ស្មុគស្មាញមួយដែលមានទំហំប៉ុនរថយន្តក្រុង២ ទៅ៣ដងក៏ដោយ។
តាំងពីពេលនោះមក សហរដ្ឋអាមេរិក បានបាញ់ទម្លាក់វត្ថុ៣ទៀតរាប់ចាប់តាំងពីថ្ងៃសុក្ររហូតដល់ថ្ងៃអាទិត្យ ដែលហោះពីលើរដ្ឋ Alaska នៅតំបន់ដាច់ស្រយាលប៉ែកពាយ័ព្យសហរដ្ឋអាមេរិក និងពីលើដែនដី Yukon របស់ប្រទេសកាណាដា និងពីលើបឹង Huron ដែលនៅតាមព្រំដែនអាមេរិកនិងកាណាដា។ សហរដ្ឋអាមេរិក មិនទាន់កំណត់ប្រភពដើមនៃវត្ថុហោះទាំង៣ចុងក្រោយនេះនៅឡើយទេ។
នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃមួយ លោក Wang បានពោលអះអាងថា «វាជារឿងធម្មតាទេ ដែលបាឡុងអាមេរិក ក៏បានហោះចូលដែនអាកាសប្រទេសដទៃដោយខុសច្បាប់ដែរ។ តាំងពីឆ្នាំមុន បាឡុងរយ:កម្ពស់ខ្ពស់របស់អាមេរិក បានហោះដោយខុសច្បាប់លើដែនអាកាសរបស់ចិនជាង១០ដង ដោយគ្មានការយល់ព្រមពីអាជ្ញាធរចិន»។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកអ្នកស្រី Adrienne Watson បាននិយាយថា «គឺចិនទេដែលមានកម្មវិធីបង្ហោះបាឡុងស៊ើបការណ៍រយ:កម្ពស់ខ្ពស់ ដើម្បីប្រមូលយកការណ៍សម្ងាត់ដោយចិនបានធ្លាប់រំលោភអធិបតេយ្យរបស់សហរដ្ឋអាមេរិកនិងប្រទេសជាង៤០ទៀតនៅទូទាំងទ្វីប៥។កម្មវិធីនោះមានទំនាក់ទំនងជាមួយកងទ័ពប្រជាជនចិន»៕
អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេប្រចាំក្រសួងការពារជាតិរួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។