សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​វិស័យ​ប្រេង និង​ហិរញ្ញវត្ថុ​ប្រទេស​អ៊ីរ៉ង់

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​កន្លែង​ប្រមូល​ផ្តុំ​សម្រាប់​យុទ្ធនាការ​មួយ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Macon រដ្ឋ Georgia សហរដ្ឋអាមេរិក។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​ឧស្សាហកម្ម​ប្រេង និង​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump បាន​សន្យា​ដូច្នេះ។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​ឧស្សាហកម្ម​ប្រេង និង​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump បាន​សន្យា​ដូច្នេះ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​លោក Steven Mnuchin គ្រោង​នឹង​ផ្ដល់​ព័ត៌មាន​លំអិត​អំពី​ការ​ដាក់​ទណ្ឌកម្ម​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​ពេល​ព្រឹក។

វិធានការ​នេះ​ដាក់​បម្រាម​ឡើង​វិញ​លើ​ការ​ទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់ ដែល​វិស័យ​ប្រេង​នេះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​នេះ។ មន្ត្រី​រដ្ឋបាល​លោក Trump បាន​និយាយ​ថា អង្គភាព​ចំនួន ៨ ទទួល​បាន​ការ​លើកលែង​រយៈពេល​ខ្លី​ដើម្បី​ទុក​ពេល​ឲ្យ​ពួកគេ​ឈប់​នាំ​ចូល​ប្រេង​ដែល​កំពុងតែ​ដំណើរការ​បច្ចុប្បន្ន​ទាំង​ស្រុង​ពី​ប្រទេស​អ៊ីរ៉ង់។

ទណ្ឌកម្ម​ដែល​ដាក់​ឡើង​វិញ​នេះ​ក៏​នឹង​ផ្ដោត​លើ​ធនាគារ​កណ្ដាល ក៏​ដូចជា​វិស័យ​ដឹក​ជញ្ជូន​តាម​កប៉ាល់ និង​ការ​ផលិត​កប៉ាល់​របស់​ប្រទេស​អ៊ីរ៉ង់​ផង​ដែរ។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​ថ្លែង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​អ៊ីរ៉ង់​នឹង​រំលោភ​លើ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ហើយ​នឹង​នៅតែ​បន្ត​លក់​ប្រេង​ដដែល។

លោក Trump បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា គោល​បំណង​នៃ​ការ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​នេះ​គឺ​ដើម្បី​បង្ខំ​ឲ្យ​ក្រុម​មេដឹកនាំ​អ៊ីរ៉ង់​ជ្រើសរើស​វិធី​មួយ​ក្នុង​ចំណោម​ពីរ គឺ​ថា​តើ​ត្រូវ​លះបង់​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា «ឥរិយាបថ​បំផ្លិចបំផ្លាញ‍» របស់​ប្រទេស​អ៊ីរ៉ង់ ឬ​ក៏​ត្រូវ «បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កាន់​មហន្តរាយ​សេដ្ឋកិច្ច‍»។

លោក Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ដោយ​ចោទ​ប្រកាន់​ប្រទេស​អ៊ីរ៉ង់​ថា​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នេះ។ លោក​ថា អ៊ីរ៉ង់​នៅតែ​បន្ត​គោល​បំណង​នុយក្លេអ៊ែរ​ដដែល ហើយ​ការ​ដក​ទណ្ឌកម្ម​កន្លង​មក​បាន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​មាន​ចំណូល​ដើម្បី​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​នៅ​តំបន់​មជ្ឈិម​បូព៌ា៕