លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកសម្រាប់កិច្ចការតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកនឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាដើមសប្តាហ៍ក្រោយ ដើម្បីបញ្ជាក់ពីការប្តេជ្ញារបស់អាមេរិកមកកាន់កម្ពុជា និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពីថ្ងៃសុក្រ និងការបញ្ជាក់របស់មន្រ្តីក្រសួងការបរទេសកម្ពុជា។
បន្ថែមពីធ្វើទស្សនកិច្ចនៅកម្ពុជា លោក Daniel J. Kritenbrink ក៏បំពេញទស្សនកិច្ចនៅប្រទេសផ្សេងទៀតដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ ហៅកាត់ថាអាស៊ាន រួមមានសិង្ហបុរី ថៃ វៀតណាម និងព្រុយណេ។
ដំណើរទស្សនកិច្ចនេះចាប់ផ្តើមពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថាដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍នេះ«ធ្វើឡើងដើម្បីលើកឡើងពីការប្តេជ្ញាកាន់តែរឹងមាំ និងយូរអង្វែងរបស់អាមេរិកទៅកាន់សម្ព័ន្ធមិត្តនិងដៃគូក្នុងតំបន់អាស៊ីអាគេ្នយ៍»។
ក្នុងប្រទេសកម្ពុជា លោកឧបការីអាមេរិកនឹងជួបជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជាមួយចំនួន«ដើម្បីធ្វើឱ្យឆ្ពោះទៅមុខនូវទស្សនៈរួមស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី ប្រកបដោយវិបុលភាព មានសន្តិសុខ និងមានភាពធន់»។ នេះបើយោងតាមក្រសួងការបរទេសអាមេរិក។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា៖ «លោកឧបការីនឹងបញ្ជាក់អំពីការប្តេជ្ញារបស់អាមេរិកទៅកាន់ប្រជាជនកម្ពុជា និងការប្រាថ្នារបស់ពួកគេសម្រាប់ប្រទេសដែលមានប្រជាធិបតេយ្យនិងឯករាជ្យ ហើយគ្រប់សំឡេងត្រូវបានឮនិងគោរព ហើយអធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារ»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់វីអូអេនៅថ្ងៃសៅរ៍នេះថាដំណើរទស្សនកិច្ចនេះកំពុងត្រូវបានរៀបចំសម្រាប់ថ្ងៃទី២៦ និង២៧ ខែកុម្ភៈ។ លោកបន្ថែមថាការធ្វើទស្សនកិច្ចនេះនឹងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយជាឱកាសមួយសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់និងអន្តរជាតិ។
លោកបញ្ជាក់ថាដំណើរទស្សនកិច្ចនេះ«នឹងជាឱកាសថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ហើយនឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់និងអន្តរជាតិដែលមានផលប្រយោជន៍រួមមួយចំនួន»។
លោក ជុំ សុន្ទរី មិនទាន់អាចបញ្ជាក់ថាតើឧបការីអាមេរិករូបនោះនឹងជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឬយ៉ាងណា។
អ្នកស្រី Garcia Amparo អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាក៏មិនទាន់អាចបញ្ជាក់ថាតើលោកឧបការីនឹងជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតឬយ៉ាងណា។អ្នកស្រីគ្រាន់តែបញ្ជាក់ថាលោកឧបការិនឹងជួបជាមួយមន្រ្តីកម្ពុជាមួយចំនួន។
ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក កើតឡើងនៅគ្រាដែលសមាគមអាស៊ានព្រួយបារម្ភទៅលើភាពតានតឹងភូមិសាស្រ្តនយោបាយដែលកាន់តែកើនឡើងខ្លាំងនៅក្នុងតំបន់ និងស្របពេលដែលសមាគមអាស៊ានមួយចំនួនក្នុងនោះមានកម្ពុជាផងដែរត្រូវបានគេមើលឃើញថាកាន់តែខិតទៅរកប្រទេសចិន។
លោកឧបការីរដ្ឋមន្រ្តី Kritenbrink ធ្លាប់មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួនពីរលើកកាលពីឆ្នាំ២០២២ គឺនៅក្នុងខែឧសភា និងក្នុងខែកក្កដា ដែលកាលនោះកម្ពុជាធ្វើជាប្រធានប្តូរវេនសមាគមអាស៊ាន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែងថាមន្រ្តីរដ្ឋាភិបាលអាមេរិកដែលមកកម្ពុជាតែងតែលើកឡើងអំពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដោយសារតែកម្ពុជាជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
លោកប្រាប់វីអូអេថា៖ «កន្លងមកនេះ យើងឃើញថាមានភាពចម្រូងចម្រាសច្រើនដែរទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនេះ សូម្បីតែសហគមន៍អឺរ៉ុប ឬក៏សហរដ្ឋអាមេរិកហ្នឹងក៏បានបង្ហាញការព្រួយបារម្ភហើយក៏បានស្នើឱ្យកម្ពុជាស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនេះ។ អញ្ចឹងទស្សនកិច្ចរបស់លោកឧបការីនាពេលនេះ ទំនងជានឹងលើកឡើងបញ្ហាដដែលនេះ»។
គួរបញ្ជាក់ថានៅពេលមកកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោកJoe Biden ធ្លាប់បានអំពាវនាវឱ្យដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួន ក្នុងនោះមានកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំងផងដែរ ដែលត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល៦ឆ្នាំពីបទរួមគំនិតក្បត់ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ទាក់ទងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩៕