ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ក្នុង​ជំនួប​ជាមួយ​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ភាគី​កម្ពុជា​​ស្នើ​ឲ្យ​បន្ត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ GSP


ឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Daniel Krittenbrink ថ្លែង​ទៅ​កាន់​ក្រុម​​អ្នកសារព័ត៌មាន​នៅ​ AmCam Exchange​ ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
ឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Daniel Krittenbrink ថ្លែង​ទៅ​កាន់​ក្រុម​​អ្នកសារព័ត៌មាន​នៅ​ AmCam Exchange​ ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​ពិចារណា​បន្ត​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP​(Generalized System of Preferences) នៅ​ក្នុង​ជំនួប​រវាង​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អង្គារ។

នៅ​ក្នុង​ជំនួប​ជាមួយឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ លោក Daniel Kritenbrink ដែល​មក​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា រដ្ឋមន្រ្តី​ការ​បទេស​កម្ពុជា លោក​ ប្រាក់​ សុខុន បាន​អំពាវ​នាវ​ឲ្យសហរដ្ឋ​អាមេរិក​បន្ត​ផ្តល់​ឡើង​វិញ​ដល់​កម្ពុជា​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP ដើម្បី​ «ជា​ប្រយោជន៍​នៃ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច»។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ដោយ​ក្រសួង​ការ​បរទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា។

នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​សារព័ត៌មាន​នា​ថ្ងៃ​ពុធ​នេះ ក្នុង​រាជធានី​ភ្នំពេញ ឧបការី​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក លោក Daniel Kritenbrink ដែល​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ជប៉ុន​ដែរ​នោះ បាន​លើក​ឡើង​ថា ​លោក​បាន​បញ្ជាក់​ទៅ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ក្នុង​ជំនួប​ខាង​លើ​ថា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​GSP កំពុង​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​វាយ​តម្លៃ​ពី​សភា​អាមេរិក​នៅ​ឡើយ ហើយ​រដ្ឋាភិបាល​អាមេរិក​កំពុង​តាម​ដាន​ស្ថាន​ភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​យ៉ាង​ជិត​ដិត។

សហរដ្ឋ​អាមេរិក​មិន​ទាន់​អនុញ្ញាត​ឲ្យ​កម្ពុជា​បាន​ទទួល​ឋានៈ​អនុគ្រោះពន្ធ ​GSP ​ដែល​បាន​ផុត​តាំង​ពី​ចុង​ឆ្នាំ​២០២០ ខណៈ​មានការ​ព្រួយ​បារម្ភ​ជា​បន្ត​បន្ទាប់​អំពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិកទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ានិង​ប៉ាស៊ីហ្វិកលោក Daniel J. Kritenbrink ស្តាប់រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថ្លែងនៅក្នុងជំនួបមួយ នៅក្រសួងការបរទេស​ប្រចាំរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២។
ឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិកទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ានិង​ប៉ាស៊ីហ្វិកលោក Daniel J. Kritenbrink ស្តាប់រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថ្លែងនៅក្នុងជំនួបមួយ នៅក្រសួងការបរទេស​ប្រចាំរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២។

កាល​ពី​ឆ្នាំ​២០១៩ ​តំណាងរាស្ត្រ​សហ​រដ្ឋ​អាមេរិក​ពីរ​រូប​គឺ​លោក Alan Lowenthal​ និង​លោក Steve Chabot​ បាន​ស្នើ​ច្បាប់​ថ្មី​មួយ​ដែល​ទាម​ទារ​ឲ្យ​ប្រធានាធិបតី​អាមេរិក​នៅ​ពេល​នោះ​គឺ​លោក Donald Trump ថ្លឹង​ថ្លែង​រវាង​ការ​ខូច​ខាត​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​ការណ៍​ដែល​កម្ពុជា​បន្ត​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP​ នៅ​ចំ​ពេល​មាន​ការ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ចាត់​ទុក​ជំនួប​រវាង​មន្រ្តី​ជាន់​ខ្ពស់​ការ​បរទេស​ទាំង​ពីរ​រូប​ថា​ជា «ការ​បញ្ជាក់​ជំហរ​ច្បាស់លាស់»​មួយ។ លោក​បន្ត​ថា ​ក្នុង​ករណី​រដ្ឋាភិបាល​កម្ពុជា​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ស្ថាន​ភាព​សិទ្ធិ​នានានៅ​ក្នុង​ប្រទេស​ នោះ​រដ្ឋាភិបាល​អាមេរិក​អាច​សម្រេច​បន្ត​ផ្តល់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​GSP។

លោក​ថ្លែង​ថា៖ «ហេតុ​ដូច្នេះ​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជា​វិជ្ជមាន​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​បញ្ហា​សិទ្ធិ​ការងារ សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ វា​ជា​កត្តា​តែ​មួយ​គត់ដែល​អាច​ទទួល​បាន​ការ​អនុគ្រោះ​ពី​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ប្រសិន​ចំណុច​ទាំង​បី​មិន​អាច​ធ្វើ​បាន​ល្អ​ទេ ខ្ញុំ​គិត​ថា​អាច​មាន​ការ​ពន្យារ​ពេល ឬ​អាច​ពិចារណា​ដោយ​ខាង​សហ​រដ្ឋ​អាមេរិក​ដែរ»។

​យ៉ាងណាក្តី អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​ការងារ​រូប​នេះ​ឲ្យ​ដឹង​ថា ​នា​ពេល​បច្ចុប្បន្ន លោក​សង្កេត​ឃើញ​ថា ​សេរី​ភាព​សហ​ជីព​កំពុង​ប្រឈមនឹង​ការ​ធ្លាក់​ចុះ ដោយ​លើក​ឡើង​ពី​ឧទាហរណ៍​ផ្សេងៗ​ដូច​ជា​ករណី​សហជីព​មិន​អាច​តំណាង​ឲ្យ​បុគ្គលិក​បាន ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​សហជីព​ និង​វិសោធនកម្ម​ច្បាប់​សហជីព​ជា​ដើម។

កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​បាន​បន្ថយ​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្ម «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»​ ដោយ​ចាប់​ផ្ដើម​យក​ពន្ធ​ចំនួន​២០​ភាគ​រយ​លើ​ទំនិញ​កម្ពុជា​ ជា​ការ​ឆ្លើយ​តប​នឹង«ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ ក្រោយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត និយាយ​ថា​ប្រសិន​បើ​រដ្ឋាភិ​បាល​អាច​ជំរុញ​ឲ្យ​បាន​ប្រសើរ​ឡើង​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជាធិប​តេយ្យ និង​លំហ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ដែល​កំពុង​ធ្លាក់​ចុះ​និង​រង​ការ​រឹតត្បិត មាន​លទ្ធភាព​ច្រើន​ដែល​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ការ​ផ្តល់​ឲ្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​GSP ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​យើង​ក្រឡេក​មើល​សិទ្ធិ​ធំៗ​ទាំង​ប្រាំ​ហ្នឹង​ គឺ​សិទ្ធិ​ពលរដ្ឋ​ សិទ្ធិ​នយោ​បាយ សិទ្ធិ​សេដ្ឋកិច្ច​-សង្គម និង​វប្បធម៌ យើង​ធ្វើ​ម៉េច​កែ​លម្អ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ អាហ្នឹង​គឺ​ផល​ចំណេញ​សម្រាប់​កម្ពុជា​គឺ​ អាច​មាន​ជា​បន្ត​បន្ទាប់​ផង​ដែរ»។

បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អាមេរិក​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជ​កម្ម​នៅ​ក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​GSP​ដែល​ជា​ការ​ធ្វើ​ឲ្យ​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេ​រិក​ដោយ​មិន​បង់​ពន្ធ​គយ​នូវ​ទំនិញ​ជាង​៥​ពាន់​មុខ។ សហរដ្ឋ​អាមេរិក​គឺ​ជា​ទីផ្សារ​នាំ​ទំនិញ​ដ៏​ធំ​ជាង​គេ​បំផុត​មួយ​សម្រាប់​កម្ពុជា។ នៅ​ក្នុង​ឆ្នាំ​២០២០ ​កម្ពុជា​បាន​នាំ​ទំនិញ​ចូល​សហរដ្ឋ​អាមេរិក​ក្នុង​ទំហំ​ជា​ទឹកប្រាក់​ចំនួន​៦,៥​ពាន់​លាន​ដុល្លារ​ដែល​ភាគច្រើន​ជា​ផលិតផល​សម្លៀក​បំពាក់។ ក្នុង​ចំណោម​នេះ​គឺ​ ទំនិញ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ​បាន​រួច​ពន្ធ​ក្រោម​កម្មវិធី​អនុគ្រោះពន្ធ​ GSP ដែល​មាន​ផលិត​ផល​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ​ដែល​មាន​ដូច​ជា​កាបូប​និង​វ៉ាលី។ នេះ​បើ​តាម​ស្ថិតិ​របស់​ការិយា​ល័យ​ស្ថិតិ​របស់​សហរដ្ឋ​អាមេរិក​និង​ភាគី​កម្ពុជា៕

XS
SM
MD
LG