គណៈប្រតិភូសហរដ្ឋអាមេរិក បានជួបជាមួយមន្ត្រីរដ្ឋាភិបាលវ៉េណេស៊ុយអេឡាកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងរដ្ឋធានានីការ៉ាកាសនៃប្រទេសវ៉េណេស៊ុយអេឡាដើម្បីចារចាដែលរួមមានការពិភាក្សានៃការផ្គត់ផ្គង់ថាមពល។ នេះ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមានកាលពីថ្ងៃចន្ទម្សិលមិញ ស្របពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកមធ្យោបាយដើម្បីកាត់បន្ថយការនាំចូលប្រេងពីប្រទេសរុស្ស៊ី។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
គណបក្សប្រឆាំងនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក៏បាននិយាយថា ខ្លួនក៏បានជួបជាមួយគណៈប្រតិភូជាន់ខ្ពស់របស់អាមេរិកផងដែរ ដែលបានធ្វើដំណើរមកកាន់រដ្ឋធានីការ៉ាកាស ក្នុងគោលបំណងដើម្បីធ្វើឲ្យរុស្ស៊ីកាន់តែឯកកោជុំវិញការចូលឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro ដែលរបបរបស់លោកត្រូវបានសហរដ្ឋអាមេរិក កាត់ផ្តាច់ទំនាក់ទំនងការទូតកាលពីឆ្នាំ២០១៩នោះ ជាឥស្សរជនអន្តរជាតិមួយក្តាប់តូចដែលផ្តល់ការគាំទ្រដ៏ខ្លាំងលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងការចូលឈ្លានពានប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «ពាក់ព័ន្ធនឹងវ៉េណេស៊ុយអេឡា គោលបំណងនៃការធ្វើដំណើរនោះ គឺថា ក្រុមមន្ត្រីរដ្ឋបាលអាមេរិក បានពិភាក្សាគ្នាពីបញ្ហាមួយចំនួនដែលរួមមានវិស័យថាមពល និងសន្តិសុខថាមពល»។
ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Maduro បានបញ្ជាក់ពីជំនួបជាមួយភាគីអាមេរិកនៅក្នុងការថ្លែងតាមទូរទស្សន៍កាលពីយប់ថ្ងៃចន្ទ ដោយបានពណ៌នាកិច្ចប្រជុំនោះថា មានភាព«ការទូត រាក់ទាក់ និងគោរពគ្នាទៅវិញទៅមក» ដោយលោកមិនបានបញ្ជាក់លម្អិតបន្ថែមទៀតពីបញ្ហាដែលត្រូវបានលើកយកមកពិភាក្សាគ្នានោះទេ។
លោកបន្ថែមទៀតថា «យើងបានជួបពិភាក្សានៅការិយាល័យប្រធានាធិបតី ហើយជំនួបនោះ មានរយៈពេលជិត២ម៉ោង»។
បើតាមការចេញផ្សាយរបស់កាសែត The New York Times បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក និងសេតវិមាននោះ មានជាប់ទាក់ទិននឹងផលប្រយោជន៍របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងការទិញប្រេងពីវ៉េណេស៊ុយអេឡា ជំនួសឲ្យការទិញប្រេងពីរុស្ស៊ីដែលអាមេរិក បានឈប់ទិញប្រេងពីវ៉េណេស៊ុយអេឡាកន្លងមក៕