រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃចន្ទបានជំរុញដល់មេដឹកនាំមជ្ឈិមបូព៌ា ឱ្យដាក់សម្ពាធលើក្រុមហាម៉ាស់ ឱ្យទទួលយកនូវសំណើឱ្យមានបទឈប់បាញ់គ្នាមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងតំបន់ហ្កាហ្សា។
លោកBlinken បាននិយាយថា ក្រុមហាម៉ាស់ គឺជាក្រុមតែមួយគត់ ដែលមិនទាន់យល់ព្រមទៅលើសំណើកិច្ចព្រមព្រៀងក្នុងជំហានទី៣នេះ ដែលខាងអ៊ីស្រាអែលបានទទួលយកនូវសំណើនេះរួចហើយ។
លោក Blinken បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីបថា «វិធីដែលល្អបំផុតដើម្បីធានាកុំឱ្យមានគ្រោះថ្នាក់លើជនស៊ីវិលជាថ្មីទៀតនោះ គឺត្រូវឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាមួយដំណើរការទៅមុខ ដែលមានក្រុមហាម៉ាស់ទទួលយកផងដែរ។ វាជារឿងសាមញ្ញនិងងាយស្រួលប៉ុណ្ណោះ»។
លោក Blinkenបានវិលត្រឡប់មកកាន់តំបន់មជ្ឈិមបូព៌ាវិញកាលពីថ្ងៃចន្ទ ដែលជាបេសកកម្មការទូតលើកទី៨របស់លោកមកកាន់តំបន់នេះ ចាប់តាំងពីជម្លោះយោធាក្នុងតំបន់ហ្កាហ្សាកើតឡើងកាលពីខែតុលាឆ្នាំទៅ។
កាលពីថ្ងៃចន្ទ លោកBlinken បានជួបពិភាក្សាជាមួយប្រធានាធិបតីអេហ្សីបលោក Abdel Fattah el-Sissi នៅក្នុងរដ្ឋធានីគែរនៃប្រទេសអេហ្ស៊ីប មុនពេលលោកធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសនេះ គឺលោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ។ ប្រមុខការទូតអាមេរិករូបនេះក៏នឹងធ្វើដំណើរទៅកាន់ប្រទេសកាតានិងប្រទេសហ្ស៊កដានីផងដែរ ដើម្បីចូលរួមក្នុងសន្និសីទមួយ ដែលផ្តោតជាសំខាន់ទៅលើជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា អ៊ីស្រាអែលនឹងទទួលយកសំណើបទឈប់បាញ់គ្នាមួយ ដែលផ្អាកការប្រយុទ្ធគ្នា ដោះលែងចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សា ដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលកំពុងត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល បង្កើនជំនួយមនុស្សធម៌ដល់ជនជាតិប៉ាឡេស្ទីន ដកកងទ័ពអ៊ីស្រាអែលចេញពីទីតាំងនានាក្នុងតំបន់ហ្កាហ្សាដែលមានពលរដ្ឋរស់នៅច្រើន និងបញ្ជូនត្រឡប់មកវិញនូវជនស៊ីវិលប៉ាឡេស្ទីន ទៅកាន់ផ្ទះសម្បែងនិងភូមិដ្ឋានរបស់គេវិញ។
ក្រុមហាម៉ាស់នៅមិនទាន់ទទួលយកឬបដិសេធនូវសំណើនេះ ដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសដាក់ចេញជាសាធារណៈកាលពីជាងមួយសប្តាហ៍កន្លងទៅ៕
អ្នកស្រីNike Ching ប្រធានការិយាល័យព័ត៌មានVOA ប្រចាំក្រសួងការបរទេសនិងអ្នកស្រីMargaret Besheer ប្រធានក្រុមអ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំអង្គការសហប្រជាជាតិចូលរួមផ្តល់ព័ត៌មាន។ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Associated Press, Reuters និង Agence France-Presse.