សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ស្ដី​ពី​ជន​ចំណាក​ស្រុកនិង​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ

អ្នកស្រិ Nikki Haley ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំអង្គការសហប្រជាជាតិ​ថ្លែង​នៅ​ក្នុងកិច្ច​ប្រជុំ​ក្រុម​ប្រឹក្សាសន្តិសុខអំពី​ស្ថានភាព​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី​២៩ វិច្ឆិកា ២០១៧។

សហរដ្ឋ​អាមេរិក​បាន​ជូន​ដំណឹង​ដល់​អង្គការ​សហប្រជាជាតិ​ថា ខ្លួន​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទេសន្តរប្រវេសក៍​សាកលលោក។

កាល​ពី​ឆ្នាំ ២០១៦ សមាជិក​ចំនួន ១៩៣ ប្រទេស នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ក្នុង​ការ​អនុម័ត​ទៅ​លើ​សេចក្ដី​ថ្លែងការណ៍​ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​មួយ ដែល​នោះ​គឺ​សេចក្ដី​ថ្លែងការណ៍​ទីក្រុង​ញូយ៉ក​ស្ដី​ពី​ជន​ភៀស​ខ្លួន និង​ជន​ចំណាក​ស្រុក។ សេចក្ដី​ថ្លែងការណ៍​នេះ​មាន​គោល​បំណង​ពង្រឹង​សិទ្ធិ​ជន​ភៀស​ខ្លួន ជួយ​ពួកគេ​ក្នុង​ការ​តាំង​ទី​លំនៅ​ថ្មី និង​ធានា​ថា​ពួកគេ​មាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ និង​ការងារ។

ស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ​នេះ «មាន​លក្ខខណ្ឌ​ជា​ច្រើន​ដែល​មិន​ស្រប​ទៅ​នឹង​គោល​នយោបាយ​អន្តោប្រវេសន៍ និង​ជន​ភៀស​ខ្លួន​របស់​សហរដ្ឋ​អាមេរិក និង​គោលការណ៍​អន្តោប្រវេសន៍​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump។

ការ​ប្រកាស​អំពី​ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ពេល​ការ​បើក​នូវ​សន្និសីទ​សាកលលោក​ស្ដី​ពី​ជន​ចំណាក​ស្រុក ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ នៅ​ក្នុង​ទីក្រុង Puerto Vallarta ប្រទេស​ម៉ិកស៊ិក។

គោល​បំណង​នៃ​ការ​ធ្វើ​សន្និសីទ​នេះ គឺ​ដើម្បី​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​មនុស្សធម៌​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​មនុស្ស​ជាង ៦០ លាន​នាក់​នៅ​ទូទាំង​ពិភពលោក ដែល​ត្រូវ​បាន​គេច​ចេញ​ពី​ផ្ទះ​សម្បែង​ដោយ​បង្ខំ​ដោយសារតែ​មូលហេតុ​ផ្សេងៗ​ជា​ច្រើន។

ទស្សនាវដ្ដី Foreign Policy បាន​បញ្ជាក់​ថា ការ​សម្រេច​របស់​លោក Trump ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ចរចា​កិច្ច​ព្រមព្រៀង​ទេសន្តរប្រវេសក៍​សាកលលោក​នេះ បាន​បង្ហាញ​ពី​ការ​ទទួល​ឥទ្ធិពល​ជា​បន្ត​ពី​លោក Stephen Miller ទីប្រឹក្សា​គោល​នយោបាយ​ជាន់​ខ្ពស់​វ័យ ៣២ ឆ្នាំ ប្រចាំ​សេតវិមាន ដែល​ជា​អ្នក​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋបាល​លោក Trump ក្នុង​ការ​ដាក់​កំហិត​តឹងតែង​ចំពោះ​ការ​ធ្វើ​អន្តោប្រវេសន៍​មក​កាន់​សហរដ្ឋ​អាមេរិក៕