សហរដ្ឋអាមេរិក បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន២០០.០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ក្នុងប្រទេសកម្ពុជានិងវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។
ស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញ បានប្រកាសថា ជំនួយ១០០.០០០ដុល្លារ ត្រូវបានផ្តល់ដល់កម្ពុជា។
ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងដែលទទួលរងឥទ្ធិពលពីព្យុះត្រូពិកនៅឆ្នាំ២០២០នេះ បានសម្លាប់ពលរដ្ឋកម្ពុជាយ៉ាងតិច៣៤នាក់ និងពលរដ្ឋវៀតណាមជាង១០០នាក់ និងបង្កឲ្យមានផលប៉ះពាល់មនុស្សជាង១,៥លាននាក់ក្នុងប្រទេសទាំងពីរ។
USAID បានឲ្យដឹងថាជំនួយមនុស្សធម៌នេះ ត្រូវបានផ្តល់តាមរយៈអង្គការកាកបាទក្រហមវៀតណាម (Vietnam Red Cross Society) ក្នុងប្រទេសវៀតណាមនិងកម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) ក្នុងប្រទេសកម្ពុជា៕