រដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានចេញដីកាកោះហៅគណៈកម្មាធិការរៀបចំពិធីសម្ពោធដំណែងប្រធានាធិបតីរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីស្វែងរកឯកសារដែលទាក់ទិននឹងម្ចាស់ជំនួយនិងការចំណាយរបស់គណៈកម្មាធិការនោះ ក៏ប៉ុន្តែសេតវិមានបានដកខ្លួនភ្លាមៗចេញពីការស៊ើបអង្កេតនោះ។
លោកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមានបានប្រាប់ទូរទស្សន៍ខ្សែកាប CNNថា «ការណ៍នេះមិនទាក់ទងអ្វីទាល់តែសោះទៅនឹងសេតវិមាន»។
ខណៈដែលការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌ និងការចោទប្រកាន់កាលពីពេលថ្មីៗនេះ មានជាប់ទាក់ទិននឹងប្រធានាធិបតីត្រាំនោះ លោកស្រី Sandersនិយាយថា «ខ្ញុំគិតថា និយាយឲ្យសាម្មញ្ញទៅគឺថា លោកប្រធានាធិបតីនៅតែប្រធានាធិបតីដដែល។និយាយឲ្យសាម្មញ្ញទៅគឺថា មានការស្អប់ខ្ពើមយ៉ាងខ្លាំងនៅទីនោះគឺថា ពួកគេ ស្វែងរកដើម្បីបង្កើតបញ្ហាហើយចងភ្ជាប់បញ្ហានោះទៅនឹងលោកប្រធានាធិបតី។
បញ្ហារបស់គណៈកម្មាធិការរៀបចំពិធីសម្ភោធដំណែងប្រធានាធិបតី បានត្រូវរាយការណ៍កាលពីថ្ងៃច័ន្ទដោយទីភ្នាក់ងារព័ត៌មានជាច្រើន ដែលបាននិយាយយោងលើឯកសារដីការនោះឬពិភាក្សាជាមួយមនុស្សដែលបានដឹងពីការស៊ើបអង្កេតនេះ។
ពួករដ្ឋអាជ្ញា បានស៊ើបអង្កេតថាតើគណៈកម្មាធិការនោះបានចំណាយមិនត្រឹមត្រូវប្រាក់ចំនួន១០៧លានដុល្លារដែលខ្លួនបានរៃអង្កៀសសម្រាប់ពិធីនានាដែលទាក់ទិនទៅនឹងការចូលកាន់ដំណែងរបស់លោកត្រាំកាលពីខែមករា ឆ្នាំ២០១៧ដែរឬទេ។