កីឡាករ គ្រូបង្វឹក និងម្ចាស់ក្លឹបរាប់សិបនាក់នៃ National Football League អាមេរិកបានប្រឆាំងនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ដោយលុតជង្គង់ចុះហើយថ្ពក់ដៃដើម្បីបង្ហាញសាមគ្គីភាព ជាជាងឈរនៅពេលដែលភេ្លងជាតិបានបន្លឺឡើងក្នុងពេលចាប់ផ្តើមការប្រកួតរបស់ពួកគេ។
លោក ត្រាំ បានថ្កោលទោសដោយការខឹងសម្បាទៅលើកីឡាករដែលចូលរួមនៅក្នុងការតវ៉ា ដែលបានចាប់ផ្តើមកាលពីឆ្នាំមុនក្នុងលក្ខណៈជាសកម្មភាពផ្ទាល់ខ្លួនរបស់កីឡាករ football អាមេរិកម្នាក់ ដែលបាននិយាយថា ខ្លួនកំពុងធ្វើការតវ៉ាប្រឆាំងនឹងការរើសអើងរបស់សង្គមអាមេរិកទៅលើក្រុមជនភាគតិច។
ការតវ៉ានេះក៏បានចាប់ផ្តើមរីកដុះដាលនៅក្នុងឆ្នាំនេះ ហើយសារលើបណ្តាញសង្គម Twitter របស់លោកប្រធានាធិបតីដែលត្រូវបានបង្ហោះចាប់តាំងពីយប់ថ្ងៃសុក្រ ទំនងជាធ្វើឲ្យកីឡាករកាន់តែច្រើនមានឆន្ទៈនឹងបញ្ចេញមតិទៅលើបញ្ហានេះ។
ទីភ្នាក់ងារសារព័ត៌មាន The Associated Press បានរាយការណ៍ថា អ្នកគាំទ្រកីឡាករ football ជាង១៣០នាក់ បានចូលរួមនៅក្នុងការតវ៉ានោះ ក្នុងអំឡុងពេលនៃការប្រកួតរបស់ពួកគេកាលពីថ្ងៃអាទិត្យ ដែលកាលពីសប្តាហ៍មុនមានត្រឹមតែ៦នាក់តែប៉ុណ្ណោះ។
លោក ត្រាំ បាននិយាយថា National Football League គួរតែបណ្ដេញកីឡាករណា ដែលចូលរួមនៅក្នុងការតវ៉ារបៀបនេះ។ National Football League បានរិះគន់អត្ថាធិប្បាយដែលនាំឲ្យមានការបែកបាក់គ្នារបស់លោកប្រធានាធិបតី ហើយនិយាយថា លោកប្រធានាធិបតីបង្ហាញពីការខ្វះការគោរពដល់កីឡាករដែលចូលរួម ហើយកីឡាករជាច្រើនគឺជាជនជាតិអាមេរិកាំងស្បែកខ្មៅ៕