ដោយពណ៌នាមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនថាជា «បុរសចូលចិត្តកាំជ្រួចរ៉ុក្កែត»ដែលកំពុងធ្វើបេសកកម្មអត្តឃាត លោកប្រធានាធិបតីត្រាំបានប្រើប្រាស់សន្ទរកថាលើកទីមួយរបស់លោកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដើម្បីព្រមានរបបក្រុងព្យុងយ៉ាងថា មាគ៌ានៅពេលបច្ចុប្បន្នរបស់កូរ៉េខាងជើងអាចឆ្ពោះទៅកាន់ការបំផ្លាញទាំងស្រុង។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ បានប្រាប់គណៈប្រតិភូនៅសាលមហាសន្និបាតអង្គការសហប្រជាជាតិថា «ការសាកល្បងអាវុធនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលមិនគិតមុខក្រោយរបស់កូរ៉េខាងជើងបានគំរាមកំហែងពិភព លោកទាំងមូលដោយការធ្វើឲ្យបាត់បង់ជីវិតមនុស្សដោយចំនួនច្រើននឹកមិនស្មានមិនដល់»។
លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ទៀតថា «គ្មានប្រទេសណានៅលើផែនដីចង់ឃើញពួកឧក្រិដ្ឋជនមានអាវុធនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលនោះទេ។សហរដ្ឋអាមេរិកមានកម្លាំងនិងការអត់ធ្មត់យ៉ាងខ្លាំង ក៏ប៉ុន្តែ ប្រសិនបើ សហរដ្ឋអាមេរិកត្រូវគេបង្ខំឲ្យការពារខ្លួន ឬសម្ព័ន្ធមិត្តរបស់ខ្លួន យើងនឹងមិនមានជម្រើសទេ ក៏ប៉ុន្តែ យើងត្រូវកម្ទេចកូរ៉េខាងជើងទាំងស្រុង»។
លោកប្រធានាធិបតីត្រាំនិយាយទៀតថា «បុរសចូលចិត្តកាំជ្រួចរ៉ុក្កែតកំពុងធ្វើបេសកកម្មអត្តឃាតសម្រាប់ខ្លួនឯង និងសម្រាប់របបរបស់ខ្លួនឯង»។
ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិបានដើរចេញពីសាលមហាសន្និបាតអង្គការសហប្រជាជាតិមុនពេលប្រធានាធិបតីសហរដ្ឋអាមេរិកអញ្ជើញមកដល់ ហើយកៅអីរបស់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងនៅទំនេរនៅពេលដែលប្រធានាធិបតីត្រាំធ្វើសុន្ទរកថាចំនួន៤២នាទីរបស់លោក។
លោកប្រធានាធិបតីត្រាំក៏បានធ្វើអត្ថាធិប្បាយខ្លាំងៗដូចគ្នាទៅលើប្រទេសអ៊ីរ៉ង់ ដោយពណ៌នារដ្ឋាភិបាលអ៊ីរ៉ង់ថាជារដ្ឋាភិបាលផ្តាច់ការពុករលួយដែលស្ថិតនៅក្រោយលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ៕