អាមេរិក​គៀប​សង្កត់​ឲ្យ​​ចិន​បង្ហាញ​​ភាព​ជា​មេដឹកនាំ​​លើ​​កូរ៉េ​ខាង​ជើង​​ហើយ​​កាត់​​ផ្តាច់​​ការ​នាំ​​ប្រេងចេញ​

លោក​ស្រី Nikki Haley ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អំពី​ស្ថានការណ៍​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង នៅ​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា។

បន្ទាប់​ពី​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​ជឿន​លឿន​បំផុត​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ប្រទេស​កូរ៉េខាង​ជើង ​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ប្រទេស​ចិន​ឲ្យ​បង្ហាញ​ភាព​ជា​មេដឹកនាំ​ហើយ​និង​​កាត់​បន្ថយ​ការផ្គត់​ផ្គង់​ប្រេង​ឥន្ធនៈ​ដល់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ដែល​ខ្លួន​មិន​មាន​បំណង​ធ្វើ​រហូត​មក​ទល់​ពេល​នេះ។

ពួក​អ្នក​វិភាគ​និយាយ​ថា ​ខណៈ​ដែល​ជម្រើស​នៅ​សេស​សល់ ប្រទេស​ចិន​នៅតែ​ បង្ហាញ​ភាព​ស្ទាក់​ស្ទើរ​ដើម្បី​ចាត់​វិធានការណ៍ ​ដែល​ការណ៍​នេះ​ជាអ្វី​ដែល​ពួកគេ​ចាំ​បាច់​ពិចារណា​ឲ្យ​បាន​ខ្លាំង​ឡើង។

លោក​ Zhao Tong ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ Carnegie Tsinghua ​សម្រាប់​គោលនយោ​បាយ​សាកល​លោកបាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​និងប្រទេស​ចិន​ប្រាកដ​ជា​បន្តឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាង​ជើង។ ការ​រឹត​បន្តឹង​ការ​ទណ្ឌកម្ម​នេះ​ជាការ​ជៀស​មិន​ផុត​ហើយ​កូរ៉េ​ខាង​ជើង​សាក​សម្យ​ទទួល​ការ​ដាក់​ទណ្ឌកម្ម​នេះ ជា​ពិសេស​ចំពោះការ​អភិវឌ្ឍន៍​កាំជ្រួច​មីស៊ីល​ធុន​ Hwasong-15 ​របស់​កូរ៉េខាង​ជើង​បាន​បង្កើន​កម្រិត​នៃការ​គំរាម​កំហែង​ដល់​សហគមន៍​អន្តរជាតិ​ និង​សហរដ្ឋ​អាមេរិក‍»។

លោក ​Zhao​ និយាយ​ទៀត​ថា ​ការដាក់​ទណ្ឌកម្ម​ធ្វើ​ជិត​គ្រប់​បែប​យ៉ាង​ហើយ។

លោក​និយាយ​ថា៖ « ប្រេង​ជា​បញ្ហា​មួយ​ដែល​ចិន​មិន​ទាន់​បាន​ដាក់​ទណ្ឌកម្ម។​ប្រហែល​មាន​ការ​ដាក់​ទណ្ឌកម្ម​កាន់​តែ​ខ្លាំង​ឡើង​អាច​ធ្វើ​ឡើង​លើ​កម្មករ​កូរ៉េ​ខាង​ជើង​ដែល​កំពុង​ធ្វើ​ការ​នៅប្រទេស​ចិន​ឬ​ពួកគេ​អាច​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើការទាំង​ស្រុង‍»។

ចិន​បាន​បញ្ជា​រួច​ទៅ​ហើយ​ឲ្យ​បិទ​ពាណិជ្ជកម្ម​របស់​កូរ៉េខាង​ជើង​នៅ​ក្នុង​ប្រទេស​ហើយ​បាន​ប្រាប់​ក្រុមហ៊ុន​ចិន​ថា ​ពួកគេ​មិន​អាច​ជួល​កម្មករ​ថ្មី​មក​ពី​កូរ៉េខាង​ជើង​ឬ​បន្ត​កិច្ច​សន្យា​ទេ។

ទោះ​ជាយ៉ាង​ណាក៏​ដោយ ​ប្រេង​ជានិច្ចកាលជាទំនិញ​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្វើ​ការ​ដោះស្រាយ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​បំផុត។

លោក​ Jia Qingguo ជា​សាស្រ្តាចារ្យ​ខាង​វិទ្យា​សាស្រ្ត​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ប៉េកាំង​បាន​និយាយ​ថា ទោះ​យ៉ាង​នោះ​ក៏ដោយ នេះ​ជា​សំណួរ​មួយ​ដែលចិន​នឹងត្រូវ​ពិចារណា​យ៉ាង​ហ្មត់ចត់។

លោក​បាន​និយាយ​ទៀត​ថា៖ «ប្រសិនបើ ​ប្រេង​ត្រូវ​បាន​កាត់​ផ្តាច់​ទាំង​ស្រុង ​វា​អាច​នាំ​ឲ្យ​មាន​បញ្ហា​សេដ្ឋ​កិច្ច​កាន់​តែខ្លាំង​ឡើង​នៅ​កូរ៉េខាង​ជើង​ហើយ​ថែម​ទាំង​មាន​អស្ថិរភាព​ខាង​នយោបាយ​ទៀត។ កូរ៉េ​ខាង​ជើង​អាច​មាន​ចលាចល។ បញ្ហា​ទី១​គឺថា ​ចិន​មាន​ការ​ព្រួយ​កង្វល់​អំពី​ថា​នៅ​ពេល​ណា​គេ​និយាយ​ពី​កូរ៉េ​ខាង​ជើង​គឺ​ការ​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ ទី២ ​ថា​តើ​ខ្លួន​អាច​បញ្ចៀស​ភាព​ចលាចល​នៅ​លើ​ឧបទ្វីប​ដែល​អាចនាំ​ឲ្យ​មាន​សង្គ្រាម​នោះ​យ៉ាង​ដូចម្តេច‍»។​

​ថ្លែង​នៅ​ឯអង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ពុធ ​លោកស្រី Nikki Haley ឯកអគ្គ​រដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ពិនិត្យ​មើល​ជំហរ​របស់​ប្រធានា​ធិបតី​ចិនស៊ី ​ជីង​ពីង។

លោក​ស្រី​ឯកអគ្គ​រដ្ឋទូត ​Haley បាន​មាន​ប្រសាសន៍​ថា៖ «យើង​ជឿថា ​ប្រធានា​ធិបតី​ ស៊ី ​ជីងពីង​មាន​ឱកាស​ដើម្បី​ធ្វើ​កិច្ចការ​ដ៏ត្រឹម​ត្រូវដើម្បី​ផល​ប្រយោជន៍​ប្រទេស​ទាំង​អស់។ ចិន​ត្រូវតែ​បង្ហាញ​ភាព​ជា​មេដឹកនាំ​ហើយ​ត្រូវ​តែ​អនុវត្ត។​ ចិន​អាច​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួនឯង ​បើ​ពុំ​ដូច្នេះ​ទេ ​យើង​នឹង​ដោះស្រាយ​បញ្ហា​ប្រេង​នេះ​ដោយ​ខ្លួនឯង‍»។

ចំពោះ​បញ្ហា​នេះ ​ក្រសួងការ​បរទេស​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ខ្លួន​នៅ​តែ​ផ្តោត​លើ​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ​ហើយ​នឹង​ធ្វើ​ឲ្យ​ភាគីទាំងអស់​វិល​ត្រឡប់​ទៅ​កាន់​តុចរចា​វិញ។

លោក ​Geng Shuangអ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយថា ​ចិន​នឹង​បន្ត​ធ្វើ​អ្វីៗ​ដែលអាច​ធ្វើ​បាន​ដើម្បី​ជួយ​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​នេះ​ហើយ​ថា​ ចិន​នឹង​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​នោះ​យ៉ាង​ពេញ​ទំហឹង​ដែល​បាន​អនុម័ត​រួច​ហើយ​ដោយ​អង្គការ​សហប្រជាជាតិ។

លោក Geng និយាយ​ថា៖ «ចិន​នឹង​អនុវត្ត​សេចក្តី​សម្រេចចិត្តនោះ​យ៉ាង​ពេញ​លេញ​និង​ល្អិតល្អន់​ទៅតាម​កាតព្វកិច្ច​របស់ខ្លួន‍​ចំពោះ​បញ្ហា​កូរ៉េខាង​ជើង»។

​ទោះ​យ៉ាង​ណាក៏​ដោយ ​ផ្ទុយទៅ​វិញ អត្ថាធិប្បាយក្នុង​បណ្តាញ​ព័ត៌មានរដ្ឋ​ចិន​អំពី​ការ​សាកល្បង​កាំជ្រួច​មីស៊ីល​និង​ការ​ដាក់​ទណ្ឌកម្ម​នៅ​ពេល​ថ្មីៗ​បំផុត​នេះ​មាន​លក្ខណៈ​ចំៗ​ជាង ​ដោយ​មាន​អត្ថា​ធិប្បាយ​ខ្លះ​បាន​ដាក់​ការ​ស្តី​បន្ទោស​ចំពោះ​ការ​បាញ់​បង្ហោះ​ការ​សាក​ល្បង​នោះ​ទៅ​លើ​សហរដ្ឋ​អាមេរិក។

​ក្នុង​បទវិចារណកថា​មួយ​នៅ​ក្នុងកាសែត​ប្រចាំ​ថ្ងៃ ​China Daily ​បាន​ជជែក​ឲ្យ​ហេតុផល​ថា ​ការសាក​ល្បង​កាំជ្រួច​មីស៊ីល​កាល​ពី​ពេល​ថ្មីៗ​នេះ ​អាច​បណ្តាល​មក​ពី​ការ​សម្រេច​របស់​រដ្ឋ​បាល​ប្រធានា​ធិបតី​ត្រាំ​ដែល​ចាត់​ទុក​កូរ៉េខាង​ជើង​ជារដ្ឋ​ជួយ​ក្រុម​ភេរវកម្ម។

លោក ​Daniel Pinkstonអ្នកសិក្សា​ស្រាវជ្រាវស្តី​ពី​ប្រទេស​កូរ៉េខាង​ជើង​នៅឯ​សាកល​វិទ្យាល័យ ​Troy ​ក្នុង​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េខាង​ត្បូង ​បាន​និយាយ​ថា ​ទោះ​ជា​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ណា​ក៏ដោយ ក៏​កា​រដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចាំ​បាច់​ត្រូវ​តែ​ធ្វើ។

លោក Pinkston និយាយ​ថា៖ «ការដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ឬ​ពាណិជ្ជកម្ម​ឬ​ការ​ដាក់​ទណ្ឌកម្ម​ប្រភេទ​ណា​ក៏ដោយ ត្រូវ​តែ​ធ្វើ​ឡើង​ហើយត្រូវ​តែ​ធ្វើ​ឡើង​ខ្លាំង​ទៀតផង។ ទោះបី​ការដាក់​ទណ្ឌកម្ម​នោះ​មិន​បាន​ផ្លាស់​ប្តូរ​ឥរិយាបទ​របស់​កូរ៉េខាង​ជើង​ ​និង​មិន​បណ្តាល​ឲ្យ​កូរ៉េខាង​ជើង​បោះ​បង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​គាំជ្រួច​មីស៊ីល​របស់​ខ្លួន​ក៏ដោយ​ ក៏​យើង​ចាំ​បាច់​ត្រូវតែ​ធ្វើ»។

លោក ​Jia Qingguo នៃ​សាកល​វិទ្យាល័យ​ប៉េកាំងនិយាយ​ថា បន្ថែម​ការរឹតបន្តឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច ​ចិន​និង​សហរដ្ឋ​អាមេរិក​នឹង​ចាំបាច់​ស្វែង​រក​មធ្យោបាយ​នានា​ដើម្បី​ធ្វើ​កិច្ច​សប្រតិបត្តិការ​គ្នា​ក្នុង​វិស័យ​ធំៗ​ទៀត។

លោកJianបាន​និយាយ​ថា៖ «ប្រសិន​បើ​មាន​វិបត្តិ​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង ភាគី​ទាំង​២​មាន​ផែនការ​បម្រុង​របស់​ខ្លួន។ ផែនការ​បម្រុង​ទាំង​នេះជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ធំ​នោះ​ហើយ​នឹង​ត្រូវ​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​ឲ្យ​សហ​រដ្ឋ​អាមេរិក​និង​ចិន​អាច​បញ្ចៀស​ជម្លោះ​ខាង​យោធា‍»៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន