កាលពីថ្ងៃសោរ៍ បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋ១០នាក់បានចាប់ផ្តើមបង្ហាញគុណសម្បត្តិរបស់ពួកគេនៅចំពោះមុខហ្វូងមនុស្សច្រើននាក់នៅក្នុងរដ្ឋ Iowa ដោយសង្ឃឹមថា នឹងទទួលបានការគាំទ្រពីក្រុមចម្រុះអភិរក្សនិយមគ្រឹស្តសាសនាសំខាន់មួយ។
ក្រុមបេក្ខជនទាំងនេះបានចេញបង្ហាញខ្លួននៅក្នុងក្រុង Ames នៅក្នុងសន្និសីទកំពូលប្រចាំឆ្នាំនៃភាពជាមេដឹកនាំគ្រួសាររបស់រដ្ឋនេះ ដែលជាក្រុមមួយនៃក្រុមអ្នកបោះឆ្នោតដែលកាន់សាសនាគ្រឹស្ត និងដែលមានឥទ្ធិពលដល់ជ័យជំនះនៅក្នុងការបោះឆ្នោតដំបូងក្នុងរដ្ឋនេះនៅដើមឆ្នាំក្រោយ។
ក្រុមអ្នកវិភាគមិនបានឃើញអ្នកមានការគាំទ្រច្រើនបំផុតណាម្នាក់ទេក្នុងចំណោមបេក្ខជនប្រាំនាក់គឺ លោក Scott Walker លោក Donald Trump លោក Rick Santorum លោក Marco Rubio និងលោក Rick Perry។ លោក Bobby Jindal លោក Mike Huckabee លោក Lindsey Graham លោក Ted Cruz និងលោក Ben Carson ក៏បានខិតខំប្រឹងប្រែងរកការគាំទ្រដែរ ដែលលោក Bob Vander Plaats អ្នកចាត់ចែងសន្និសីទកំពូលនេះបាននិយាយថា អាចមានការបែងចែកក្នុងចំណោមបេក្ខជនមួយចំនួន។
ក្រុមអ្នកបោះឆ្នោតដែលកាន់សាសនាគ្រឹស្តនៃរដ្ឋ Iowa ដែលគេបានស្គាល់ដោយសារអង្គការរបស់ពួកគេមានបទបញ្ញត្តិតឹងរ៉ឹង និងមានសមាជិកច្រើននាក់ទៅបោះឆ្នោត មានឥទ្ធិពលតាមប្រពៃណីទៅលើលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីដំបូងក្នុងរដ្ឋ Iowa។
គណបក្សប្រជាធិបតេយ្យក៏បានបង្កើនយុទ្ធនាការរបស់ពួកគេ នៅក្នុងរដ្ឋនេះដែរដោយបេក្ខជនទាំងប្រាំនាក់បានចូលរួមក្នុងពិធីជប់លៀងអាហារពេលយប់ដើម្បីរៃអង្គាសប្រាក់កាលពីថ្ងៃសុក្រនៅក្នុងក្រុង Cedar Rapids៕