លោក Trump និយាយថា ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ត្រូវ​តែ​ចាកចេញ

លោក​ Donald Trump ​បាន​និយាយ​កាល​ពីថ្ងៃ​អាទិត្យ​ថា​ ក្រុម​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នឹង​ត្រូវ​តែ​ចាកចេញ​ពី​ប្រទស​អាមេរិក ​ប្រសិន​បើ​លោក​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី។​

លោក​ Donald Trump ដែលជា​មហាសេដ្ឋី​ខាង​ដី​ធ្លី​ និងអាគារ និង​ជា​អ្នកនាំមុខ​គេនៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ ដើម្បី​ទទួលការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​បាន​និយាយ​កាល​ពីថ្ងៃ​អាទិត្យ​ថា​ ក្រុម​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នឹង​ត្រូវ​តែ​ចាកចេញ​ពី​ប្រទស​អាមេរិក ​ប្រសិន​បើ​លោក​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី។​

នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ក្នុង​កម្មវិធី​«Meet the Press» ជាមួយ​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ NBC ​លោក Trump បាន​និយាយ​ថា «យើង​នឹង​ធ្វើ​ឲ្យ​គ្រួសារ​នៅ​ជុំគ្នា ក៏​ប៉ុន្តែ​ពួកគេ​ត្រូវ​តែទៅ។ យើង​ត្រូវ​មាន​ប្រទេស​មួយ ឬ​មួយ​យើង​គ្មាន​ប្រទេស»។

មាន​ក្រុម​ជន​អន្តោប្រវេសន៍​គ្មាន​ឯកសារ​ប្រមាណ​១១លាន​នាក់នៅ​ក្នុង​ស.រ.អា។លោក Trump នឹង​ប្រកាន់​យក​ខ្សែតឹង​ប្រឆាំង​នឹង​ក្រុម​ជន​ទាំង​នេះ​ប្រសិន​បើ​គាត់​ឈរ​ឈ្មោះ​ដើម្បី​បន្ត​តំណែង​ពី​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ ដែល​បាន​ត្រូវ​រារាំង​ដោយ​រដ្ឋធម្មនុញ្ញ​មិន​ឲ្យ​លោក​ឈរ​ឈ្មោះ​សម្រាប់​អណត្តិ​ទី​បី​ទេ។

លោក​ Trump បាន​ចោទប្រកាន់​ប្រទេស​ម៉ិកស៊ិក​ថា ​អនុញ្ញាត​ឲ្យ​ «ពួក​ឧក្រិដ្ឋជន»​ និង​«ពួកអ្នករំលោភសេពសន្ធវៈ» ចូល​ដោយ​ខុសច្បាប់​ក្នុង​ស.រ.អាហើយ​លោក​សន្យា​ថា​ នឹង​កសាង​កំផែង​មួយ​ ដែល​គ្មាន​នរណា​អាច​ចូលបាននៅ​តាម​បណ្តោយព្រំដែនរវាង​ស.រ.អា និង​ប្រទេស​ម៉ិកស៊ិក។​ លោកTrump បាននិយាយ​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយថា «គ្មាន​នរណា​ម្នាក់​អាច​ចូល​កាត់​កំផែង​នេះ​បាន​ទេ»៕