កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិកបានរំឭកខួបទី ២១ នៃការវាយប្រហារភេរវកម្មដ៏ប្រល័យបំផុតលើទឹកដីសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១។ នៅថ្ងៃវាយប្រហារភេរវកម្មនោះ ពួកភេរវករនៃក្រុមអាល់កៃដា (Al-Qaida) បានប្លន់យន្តហោះដឹកអ្នកដំណើរ ៤ គ្រឿង ហើយបានបើកយន្តហោះទាំងនោះបុកកន្លែងមួយចំនួននៅលើទឹកដីសហរដ្ឋអាមេរិកដោយសម្លាប់មនុស្សជិត ៣.០០០ នាក់។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចូលរួមក្នុងពិធីរំឭកខួបនេះនៅក្រសួងការពារជាតិ ដែលនៅទីនោះ កាលពីឆ្នាំ ២០០១ ពួកភេរវករបានបើកយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបុកជ្រុងមួយនៃអាគារក្រសួងនោះដែលស្ថិតនៅជាប់រដ្ឋធានីវ៉ាស៊ីនតោន ហើយបានសម្លាប់មនុស្ស ១៨៤ នាក់។
លោក Biden បានថ្លែងប្រាប់អ្នកចូលរួមនៅក្នុងពិធីនោះថា៖ «២១ ឆ្នាំបានកន្លងផុតទៅ ហើយយើងនៅតែរក្សាពាក្យសន្យារបស់យើងថាយើងនឹងមិនភ្លេចជាដាច់ខាត។ ប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកបានផ្លាស់ប្តូរនៅថ្ងៃនោះ ប៉ុន្តែយើងនឹងមិនផ្លាស់ប្តូរលក្ខណសម្បត្តិនៃប្រទេសជាតិរបស់យើងជាដាច់ខាត»។
លោក Biden បាននិយាយថា ការតាំងចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងការប្រឆាំងនឹងពួកភេរវករបរទេស «មិនដែលរួញរាទាល់តែសោះ» ដោយលោកបានលើកឡើងអំពីការវាយប្រហាររបស់កងកុម្មង់ដូរសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១១ ដែលបានសម្លាប់មេខ្លោងនៃការវាយប្រហារភេរវកម្មលើសហរដ្ឋអាមេរិកឈ្មោះ Osama bin Laden នៅក្នុងប្រទេសប៉ាគីស្ថាន និងការវាយប្រហារកាលពីពេលថ្មីៗនេះដោយការប្រើដ្រូន ដែលលោក Biden បានបញ្ជាឱ្យសម្លាប់មេដឹកនាំថ្មីរបស់ក្រុមអាល់កៃដាឈ្មោះ Ayman al-Zawahiri នៅក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន។
លោក Biden បានបញ្ជាក់ថា សហរដ្ឋអាមេរិក «នឹងមិនរារែកជាដាច់ខាតក្នុងការធ្វើអ្វីដែលអាចធ្វើបានដើម្បីការពារពលរដ្ឋអាមេរិកាំង»។
នៅក្នុងការវាយប្រហារភេរវកម្មថ្ងៃទី ១១ កញ្ញានោះ មនុស្សជាង ២.៧០០ នាក់បានស្លាប់នៅពេលដែលពួកភេរវករបានប្លន់យន្តហោះ ២ គ្រឿងបើកទៅបុកអាគារភ្លោះពាណិជ្ជកម្មពិភពលោកនៅក្នុងទីក្រុង New York ហើយមនុស្ស ៤០ នាក់បានស្លាប់នៅក្នុងតំបន់ជនបទមួយនៃរដ្ឋ Pennsylvania បន្ទាប់ពីយន្តហោះដែលពួកភេរវករបានប្លន់បានធ្លាក់នៅទីវាលមួយកន្លែង។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris និងលោក Doug Emhoff ដែលជាស្វាមី បានទៅចូលរួមក្នុងពិធីរំឭកខួបនេះក្នុងទីក្រុង New York។ ចំណែកឯលោកស្រី Jill Biden ដែលជាភរិយារបស់លោក Biden វិញ បានទៅចូលរួមក្នុងពិធីរំឭកខួបនេះនៅក្នុងភូមិ Shanksville នៃរដ្ឋ Pennsylvania៕
សហរដ្ឋអាមេរិករំឭកខួបទី ២១ នៃការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១

លោកប្រធានាធិបតី Joe Biden ឈរស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធនៅក្រសួងការពារជាតិជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin និងលោកឧត្តមសេនិយ Mark Milley ប្រធាននាយសេនាធិការចម្រុះកងយោធពលស.រ.អ. កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។
វ៉ាស៊ីនតោន —