សហរដ្ឋ​អាមេរិក និង​ប៉ាគីស្ថាន​ព្យាយាម​ស្វែង​រក​វិធី​ដើម្បី​សហការ​គ្នា

រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ​James Mattis ជួប​ជាមួយ​ឧត្តមសេនីយ​ប៉ាគីស្ថាន​លោក Qamar Javed Bajwa​ នៅ​ប្រទេស​ប៉ាគីស្ថាន​កាលពី​ថ្ងៃចន្ទ​ទី​០៤ ធ្នូ​ ២០១៧។

នៅ​ពេល​ដែល​ពាក្យ Af-Pak ដែល​មាន​ន័យ​ថា​ប្រទេស​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន ត្រូវ​បាន​បង្ហាញ​ជា​លើក​ដំបូង​នៅ​ក្នុង​ពាក្យ​ពិសេស​ដោយ​ឡែក​នៃ​គោល​នយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​ប្រហែល​ជា​ឆ្នាំ ២០០៨ ជនជាតិ​ប៉ាគីស្ថាន​ជា​ច្រើន​មិន​សប្បាយ​ចិត្ត​នឹង​ពាក្យ​នេះ។

ពាក្យ​នេះ​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​ដោយ​លោក Richard Holbrooke ដែល​ជា​អ្នក​ដែល​ក្រោយ​មក​បាន​ក្លាយជា​អ្នក​តំណាង​ពិសេស​លើក​ដំបូង​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន។

ពាក្យ​នេះ​ដំបូង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​គោល​គំនិត​ដែល​ថា គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​តម្រូវ​ឲ្យ​មាន​នូវ​មធ្យោបាយ​រួម​មួយ​សម្រាប់​បញ្ហា​យោធា និង​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង។

ដើម្បី​ឈ្នះ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ចាំបាច់​ត្រូវ​មាន​នូវ​មធ្យោបាយ​សម្រប​សម្រួល​មួយ​ជាមួយ​នឹង​ប្រទេស​ប៉ាគីស្ថាន។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​ប៉ាគីស្ថាន​គិត​ថា សហរដ្ឋ​អាមេរិក​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ប៉ាគីស្ថាន​គឺ​ដើម្បី​ផ្ដោត​លើ​ប្រទេស​អាហ្វហ្គានីស្ថាន​តែ​ប៉ុណ្ណោះ។

១០ ឆ្នាំ​ក្រោយ​មក សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅតែ​បន្ត ហើយ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប៉ាគីស្ថាន​កាន់តែ​យ៉ាប់យឺន​ឡើង។ សហរដ្ឋ​អាមេរិក​បាន​ផ្អាក​ផ្ដល់​ជំនួយ​យោធា​ដល់​ប៉ាគីស្ថាន រហូត​ទាល់តែ​ប៉ាគីស្ថាន​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​បង្ក្រាប​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​នានា។ រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​អ្នក​ខុស​សម្រាប់​ការ​បរាជ័យ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក Moeed Yusuf អនុ​ប្រធាន​មជ្ឈមណ្ឌល​អាស៊ី​នៃ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក (U.S. Institute of Peace) បាន​បញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក និង​ប៉ាគីស្ថាន​បាន​ផ្ដល់​សញ្ញា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ថា ប្រសិនបើ​ភាគី​ណា​មួយ​ធ្វើ​ជ្រុល​ហួស​ដែន​កំណត់ នោះ​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាក់​ជា​មិន​ខាន ទោះបីជា​ភាគី​នីមួយៗ​មិន​បាន​បញ្ជាក់​អំពី​ដែន​កំណត់​នោះ​ឲ្យ​បាន​ច្បាស់លាស់​ក៏​ដោយ។ ដោយសារតែ​ភាគី​នីមួយៗ​មិន​ចង់​ឲ្យ​ទំនាក់ទំនង​ក្លាយជា​មាន​បញ្ហា គ្រោះថ្នាក់​ដែល​ភាគី​ណា​មួយ​វាយ​តម្លៃ​ខុស​អំពី​ដែន​កំណត់​របស់​ភាគី​ម្ខាង​ទៀត​គឺ​មាន​កម្រិត​ខ្ពស់​ជាង​ពេល​មុនៗ​នៅ​ក្នុង​រយៈពេល ១៥ ឆ្នាំ​ចុង​ក្រោយ​នេះ»។

សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ជា​យូរ​មក​ហើយ​ថា ប្រទេស​ប៉ាគីស្ថាន​បាន​ផ្ដល់​ជម្រក​សុវត្ថិភាព​ដល់​ពួក​តាលីបង់​អាហ្វហ្គានីស្ថាន ក៏​ដូចជា​ផ្គត់ផ្គង់​អាវុធ​ដ៏​ប្រល័យ​ដល់​បណ្ដាញ​ក្រុម Haqqani ផង​ដែរ។

ប្រទេស​ប៉ាគីស្ថាន​បាន​ជំទាស់​ថា ខ្លួន​ជា​អ្នក​ទទួល​ផល​លំបាក​ធ្ងន់ធ្ងរ​សម្រាប់​ការ​វាយ​ប្រហារ​បែប​យោធា​ដែល​មេបញ្ជាការ​យោធា​របស់​ខ្លួន​បាន​និយាយ​ថា បាន​បោស​សម្អាត​ជម្រក​សុវត្ថិភាព​របស់​ពួក​តាលីបង់​ទាំង​អស់​រួច​ហើយ​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន។ មន្ត្រី​ប៉ាគីស្ថាន​បញ្ជាក់​ថា ពួក​តាលីបង់​បាន​ត្រួតត្រា​ដែនដី​ល្មម​គ្រប់គ្រាន់​ហើយ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​ចាំបាច់​ត្រូវការ​ប្រទេស​ប៉ាគីស្ថាន​នោះ​ទេ។

នេះ​គឺ​ជា​ការ​អះអាង​ដែល​សហរដ្ឋ​អាមេរិក​មិន​ដែល​ឯកភាព​តាម​នោះ​ទេ។ ប៉ុន្តែ អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ជា​រឿយៗ​ទទួល​ស្គាល់​នៅ​ក្នុង​ការ​ប្រជុំ​អំពី​ស្ថានការណ៍​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​គឺ​ថា ពួកគេ​យល់​អំពី​ក្ដី​បារម្ភ​របស់​ប្រទេស​ប៉ាគីស្ថាន​ដែល​មិន​ចង់​ឲ្យ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ហារ​ចូល​ទៅ​ក្នុង​ទឹកដី​របស់​ខ្លួន ដោយ​ធ្វើ​ឲ្យ​សត្រូវ​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ក្លាយជា​សត្រូវ​របស់​ខ្លួន​នោះ​ទេ។

រដ្ឋាភិបាល​ប៉ាគីស្ថាន​ក៏​បាន​អះអាង​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​កំពុង​វាយ​តម្លៃ​ជ្រុល​លើ​វត្តមាន​របស់​ពួក​តាលីបង់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ប៉ាគីស្ថាន​លោក Khurram Dastgir Khan បាន​ថ្លែង​ថា៖ «យើង​និយាយ​ថា មិន​មាន​ជម្រក​សុវត្ថិភាព​ដែល​រៀបចំ​ឡើង​ណា​មួយ​សម្រាប់​ពួក​តាលីបង់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​នោះ​ទេ»។

លោក​បាន​បន្ថែម​ទៀត​ថា ប្រហែលជា​នៅ​មាន​សមាជិក​ពួក​សកម្ម​ប្រយុទ្ធ​ដែល​នៅ​សេសសល់​នៅ​លាក់​ខ្លួន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ប៉ុន្តែ​រដ្ឋាភិបាល​ប៉ាគីស្ថាន​កំពុង​តាម​ស្វែង​រក​ពួក​គេ​តាម​រយៈ​ការ​ធ្វើ​ប្រតិបត្តិការ​បន្ត​ទៀត។

ឆ្នាំ ២០១៨ អាច​ជា​ឆ្នាំ​រដាក់រដុប

លោក Moeed Yusuf បាន​បញ្ជាក់​ថា សង្គ្រាម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅតែ​បន្ត ហើយ​ពួក​តាលីបង់​បាន​បន្ត​ការ​ធ្វើ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ប្រឆាំង​នឹង​អង្គការ​អូតង់ និង​កង​កម្លាំង​អាហ្វហ្គានីស្ថាន។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​លែង​មាន​ការ​អាណិតអាសូរ​ចំពោះ​ការ​ព្រួយ​បារម្ភ​របស់​ប៉ាគីស្ថាន​ហើយ ដែល​ការ​ព្រួយ​បារម្ភ​នោះ​គឺ​ថា ការ​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​តាលីបង់​នៅ​លើ​ទឹកដី​អាហ្វហ្គានីស្ថាន​អាច​បង្កើត​បញ្ហា​សម្រាប់​ប៉ាគីស្ថាន»។

លោក Thomas Lynch អ្នក​ស្រាវជ្រាវ​ល្បី​ឈ្មោះ​មួយ​រូប​ផ្នែក​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ី​ខាង​លិច​នៃ​សាកលវិទ្យាល័យ​ការពារ​ជាតិ (National Defense University) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា៖ «យើង​ឃើញ​ថា​សហរដ្ឋ​អាមេរិក​មាន​ការ​ឆ្អែតឆ្អន់​ជាមួយ​នឹង​ប្រទេស​ប៉ាគីស្ថាន។ ហេតុ​ដូច្នេះ​ហើយ ប៉ាគីស្ថាន​នឹង​ឃើញ​មាន​បញ្ហា​កើន​ឡើង​ពាក់ព័ន្ធ​នឹង​ការ​ឆ្លើយតប​បែប​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រយៈពេល​ក៏​ខ្លី​ខាង​មុខ​នេះ»។

ប្រទេស​ប៉ាគីស្ថាន​មិន​ទាន់​អាច​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ជាមួយ​នឹង​ពួក​តាលីបង់​ដើម្បី​នាំ​ពួក​តាលីបង់​នេះ​មក​កាន់​តុ​ចរចា​នៅ​ឡើយ​ទេ ហើយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក Donald Trump នា​ពេល​ឥឡូវ​នេះ ផ្ដោត​លើ​ការ​កម្ចាត់​ពួក​តាលីបង់​នេះ​ចេញ​ពី​សមរភូមិ​ប្រយុទ្ធ​តែ​ម្ដង។

ការ​លើក​ឡើង​របស់​លោក Thomas Lynch ដូច​នេះ មិន​មែន​មាន​ន័យ​ថា ដាច់​ខាត​មិន​ចាំបាច់​មាន​ការ​ចរចា​ជាមួយ​នឹង​ពួក​តាលីបង់​នោះ​ទេ ប៉ុន្តែ​មាន​ន័យ​ថា សហរដ្ឋ​អាមេរិក​នឹង​ចរចា​នៅ​ពេល​ណា​ដែល​សហរដ្ឋ​អាមេរិក​អាច​ធ្វើ​ឲ្យ​ពួក​តាលីបង់​ចុះ​ខ្សោយ​ផ្នែក​យោធា​គួរ​ឲ្យ​កត់​សម្គាល់​បាន​តែ​ប៉ុណ្ណោះ។

អ្នក​វិភាគ​ភាគ​ច្រើន​យល់ស្រប​ថា តួនាទី​របស់​ប៉ាគីស្ថាន​គឺ​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​ចរចា និង​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​តាលីបង់។

គូ​ប្រជែង​ក្នុង​តំបន់​រារាំង​មិន​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ

លោក Richard Olsen អតីត​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ប៉ាគីស្ថាន ដែល​ធ្លាប់​ធ្វើ​ជា​អ្នក​តំណាង​ពិសេស​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​នៅ​ក្នុង​រដ្ឋាភិបាល​សម័យ​លោក Barack Obamaនៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​សហរដ្ឋ​អាមេរិក​អាច​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ប៉ាគីស្ថាន​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ខ្លួន​បាន​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ ដែល​នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​ទាន់​មាន​លទ្ធភាព​ធ្វើ​នៅ​ឡើយ​ទេ​នៅ​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ ដែល​មួយ​ផ្នែក​គឺ​បណ្ដាល​មកពី​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​តំបន់។

រដ្ឋាភិបាល​ប៉ាគីស្ថាន​ខ្លាច​ថា ប្រទេស​ឥណ្ឌា ដែល​ជា​គូ​ប្រជែង​របស់​ខ្លួន និង​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន នឹង​ប្រើប្រាស់​ឱកាស​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប៉ាគីស្ថាន​មាន​ទំនាក់ទំនង​ជាមួយ​នឹង​បស្ចិម​ប្រទេស។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Moeed Yusuf និង​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Stephen Hadley។

លោក​ទាំង​ពីរ​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​បញ្ចេញ​មតិ​នៃ​សារព័ត៌មាន New York Times ថា យោធា​ប៉ាគីស្ថាន «តែងតែ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ស្ថានការណ៍​មួយ​ដែល​ប្រទេស​អាហ្វហ្គានីស្ថាន​អាច​ធ្វើ​ជា​មូលដ្ឋាន​ទី​ពីរ​របស់​ឥណ្ឌា​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​លើ​ប៉ាគីស្ថាន»។

ប្រទេស​ប៉ាគីស្ថាន​ក៏​ខ្លាច​ផង​ដែរ​ថា ប្រទេស​ឥណ្ឌា​កំពុង​ព្យាយាម​បង្អាក់​ដល់​ច្រក​របៀង​សេដ្ឋកិច្ច​ថ្មី​មួយ​ដែល​ប្រទេស​ចិន​កំពុង​ជួយ​បង្កើត​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ ច្រក​របៀង​សេដ្ឋកិច្ច​ចិន​ប៉ាគីស្ថាន គឺ​ជា​កន្លែង​ប្រមូល​ផ្ដុំ​នូវ​គម្រោង​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​រដ្ឋាភិបាល​ប៉ាគីស្ថាន​ថា នឹង​ប្រែក្លាយ​ប៉ាគីស្ថាន​ពី​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​ទន់ខ្សោយ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​ខ្លាំងក្លា។

ប្រធាន​គណៈកម្មាធិការ​នៃ​នាយ​អគ្គសេនាធិការ​ចម្រុះ​របស់​ប្រទេស​ប៉ាគីស្ថាន លោក​ឧត្ដមសេនីយ៍ Zubair Mahmood Hayat បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​មួយ​នៅ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត​ថា ទីភ្នាក់ងារ Research & Analysis Wing ដែល​ជា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ឥណ្ឌា បាន «បង្កើត​ក្រុម​ថ្មី​មួយ​ដែល​បាន​ប្រើប្រាស់​ថវិកា​ជាង ៥ រយ​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០១៥ ដើម្បី​បំផ្លាញ​ច្រក​របៀប​សេដ្ឋកិច្ច​ចិន​ប៉ាគីស្ថាន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន»។

ដោយសារតែ​គោល​នយោបាយ​អាស៊ី​ខាង​ត្បូង​ថ្មី​របស់​សហរដ្ឋ​អាមេរិក​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ឥណ្ឌា​ដើរ​តួនាទី​សំខាន់​ជាង​មុន​នៅ​ក្នុង​តំបន់ គោល​បំណង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ប៉ាគីស្ថាន​មាន​មន្ទិល​សង្ស័យ​ផង​ដែរ នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Jim Mattis បាន​ប្រាប់​គណៈកម្មាធិការ​កិច្ចការ​យោធា​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ថា ច្រក​របៀង​សេដ្ឋកិច្ច​ចិន​ប៉ាគីស្ថាន​គឺ​កាត់​តាម «ដែនដី​ដែល​មាន​ជម្លោះ» ដែល​ដែនដី​នេះ​ចង់​សំដៅ​ទៅ​លើ​តំបន់ Kashmir ដែល​បាន​ទាមទារ​កាន់កាប់​ដោយ​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន។

ការ​ទុកចិត្ត​គ្នា​ជា​បញ្ហា​មួយ

លោក Thomas Lynch និយាយ​ថា លោក​គិត​ថា ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​បុគ្គល​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ជាជាង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ប៉ាគីស្ថាន​តែ​ម្ដង អាច​មាន​ប្រសិទ្ធភាព​ជាង​អ្វីៗ​ទាំង​អស់។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា ប្រសិនបើ​ដាក់​ទណ្ឌកម្ម​រារាំង​ការ​ធ្វើ​ដំណើរ និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​នយោបាយ និង​យោធា​ចូល​និវត្តន៍​មួយ​ចំនួន នោះ​ប្រាកដ​ជា​មាន​លទ្ធផល​អ្វី​មួយ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ជាក់​ជា​មិន​ខាន។ ខ្ញុំ​គិត​ថា យើង​គួរ​ចាប់ផ្ដើម​ដាក់​ទណ្ឌកម្ម​ចំពោះ​មន្ត្រី​ចូល​និវត្តន៍​ទាំង​នោះ​សិន ហើយ​បន្ទាប់​មក យើង​នឹង​ធ្វើ​បន្ត​ទៅ​មុខ​ទៀត»។

រដ្ឋាភិបាល​ប៉ាគីស្ថាន​មាន​ជម្រើស​អាច​បិទ​ផ្លូវ​ផ្គត់ផ្គង់​របស់​អង្គការ​អូតង់​ដែល​កាត់​តាម​ដែន​ដី​របស់​ខ្លួន​បាន។ ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​ប៉ាគីស្ថាន​នានា​បាន​បង្ហាញ​ថា ពួកគេ​នឹង​មិន​ធ្វើ​ដូច្នេះ​ដោយ​មិន​មាន​ការ​ពិភាក្សា​វែកញែក​ដោយ​ប្រុង​ប្រយ័ត្ន​នោះ​ទេ។

លោក Thomas Lynch បាន​បន្ថែម​ថា៖ «រដ្ឋាភិបាល​ប៉ាគីស្ថាន​ត្រូវ​គេ​ប្រាប់​ថា ប្រសិនបើ​ពួកគេ​ព្យាយាម​ធ្វើ​រឿង​នេះ​ទោះបីជា​រយៈពេល​ខ្លី​ក៏​ដោយ នោះ​សហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​ដ៏​ទូលំទូលាយ​មួយ​ប្រឆាំង​នឹង​បុគ្គល​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ដោយ​មិន​បង្អែបង្អង់​យូរ​ឡើយ»។

ស្រប​ពេល​នោះ​ដែរ ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ធំ​របស់​ប៉ាគីស្ថាន​នៅ​ក្នុង​តំបន់ ក៏​ទំនង​ជា​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប៉ាគីស្ថាន​កាន់តែ​រលូន​ឡើង​ផង​ដែរ។

លោក Lijian Zhao អនុ​ប្រធាន​បេសកកម្ម​ការទូត​ចិន​នៅ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត ប្រទេស​ប៉ាគីស្ថាន បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ប្រទេស​ចិន​ចង់​ឃើញ​ទំនាក់ទំនង​រវាង​ប៉ាគីស្ថាន និង​សហរដ្ឋ​អាមេរិក​មាន​ភាព​រលូន​ធម្មតា។ ប៉ាគីស្ថាន និង​សហរដ្ឋ​អាមេរិក​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​ជាមួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ប្រទេស​ចិន​មាន​ការ​ពិភាក្សា​បែប​ការទូត​ជាមួយ​នឹង​ភាគី​ទាំង​ពីរ... ប្រទេស​ទាំង​ពីរ​គួរតែ​សហការ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ជាជាង​ប្រឆាំង​គ្នា។ យើង​គួរតែ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ប្រឆាំង​នឹង​ពួក​ភេរវជន»។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ លោក Lijian Zhao បាន​បញ្ជាក់​ថា កិច្ចការ​ការទូត​អាច​ដំណើរការ​បន្តិច​ម្ដងៗ ដែល​យើង​មិន​អាច​រំពឹង​ថា​នឹង​ទទួល​បាន​ដំណោះស្រាយ​ភ្លាមៗ​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា