ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកគ្រោងនឹងជូនដំណឹងដល់សេតវិមានអំពីការណ៍ដែលអាចបញ្ជូនទាហានអាមេរិកាំងរាប់ពាន់នាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាមេរិកកាលពីយប់ថ្ងៃពុធម្សិលមិញ។
ប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍ថា មន្ត្រីអាមេរិកាំងដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែគម្រោងនេះនៅមិនទាន់សម្រេចជាផ្លូវការនៅឡើយ បានបញ្ជាក់ថា សំណើសុំបន្ថែមទាហាននេះកើតចេញពីទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក ហើយនឹងដាក់ជូនសេតវិមាននៅថ្ងៃព្រហស្បតិ៍នេះ។
គេនៅមិនទាន់ច្បាស់ទេថាតើសេតវិមាននឹងសម្រេចគាំទ្រសំណើក្នុងការបញ្ជូនទាហានទៅតាមចំនួនដូចដែលសំណើនេះស្នើឡើង ក៏ដូចជាប្រព័ន្ធបាញ់មីស៊ីល និងនាវាចម្បាំងបន្ថែមទៀតឬក៏យ៉ាងណានោះទេ។
ក្រសួងការពារប្រទេសអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយអំពីគម្រោងអនាគត ដោយអ្នកស្រី Rebecca Rebarich ដែលជាអ្នកនាំពាក្យក្រសួងការពារប្រទេស បានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញថា៖ «ពាក់ព័ន្ធនឹងគោលនយោបាយរយៈពេលវែង យើងនឹងមិនពិភាក្សា ឬក៏ប៉ាន់ស្មានអំពីគម្រោងអនាគត និងសំណើសុំបន្ថែមទាហានណាមួយនោះទេ»។
ភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានរីករាលដាលឡើងតាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសអំពីការសម្រេចរបស់លោកនៅក្នុងការកាត់ផ្ដាច់ទាំងស្រុងនូវការនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ង់ និងការបង្កើនវត្តមានយោធាសហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកបាននិយាយថាជាការគំរាមកំហែងរបស់អ៊ីរ៉ង់៕