កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសកាន់តែខ្លាំងឡើងនៅក្នុងតំបន់ ហ្កាហ្សាមុនដំណើរទស្សនកិច្ចរបស់មន្ត្រីកំពូលម្នាក់របស់សេតវិមានដែលគ្រោងធ្វើឡើងដើម្បីពិភាក្សាដំណាក់ការបន្ទាប់នៃសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់និងការខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើឡើងនូវការការពារជនស៊ីវិលប៉ាឡេស្ទីនដែលជាប់នៅក្នុងការប្រយុទ្ធគ្នានេះ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានប្រាប់ពួកអ្នកយកព័ត៌មានថា ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jack Sullivan នឹងប្រើប្រាស់ការពិភាក្សានៅថ្ងៃព្រហស្បតិ៍នេះនិងថ្ងៃសុក្រស្អែកនៅក្នុងប្រទេសអ៊ីស្រា អែលដើម្បីពិភាក្សាធ្វើឲ្យប្រតិបត្តិការយោធា«មានលក្ខណៈប្រត្សក្រនិងចំគោលដៅកាន់តែច្រើនឡើងថែមទៀត»។
លោកSullivan ក៏មានគម្រោងពិភាក្សាអំពីការអំពាវនាវរបស់សហរដ្ឋអាមេរិកដល់អ៊ីស្រាអែលឱ្យអនុញ្ញាតជំនួយមនុស្សធម៌ចូលក្នុងតំបន់ហ្កាហ្សាកាត់តាមចំណុចឆ្លងកាត់ Kerem Shalom។
អ៊ីស្រាអែលនៅសប្តាហ៍នេះបានចាប់ផ្តើមត្រួតពិនិត្យទំនិញជំនួយនៅឯ Kerem Shalom ក៏ប៉ុន្តែ ការដឹកជញ្ជូនទាំងនោះនៅតែត្រូវទៅតាមច្រក Rafah។
លោកSullivanបានឈប់សំចតមុនដំបូងនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតជាទីកន្លែងដែលសេតវិមាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាលោកបានពិភាក្សាជាមួយព្រះអង្គ ម្ចាស់រជ្ជទាយាទអារ៉ាប់ប៊ីសាអូឌីត Mohammed bin Salman ពី«ការខំប្រឹងប្រែងដើម្បីបង្កើតលក្ខខណ្ឌថ្មីសម្រាប់សន្តិភាពដ៏រឹងមាំនិងស្ថិតស្ថេររវាងអ៊ីស្រាអែលនិងប៉ាឡេ ស្ទីន»និងធ្វើការដើម្បីបង្កើនលំហូរនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា។
ស្របពេលដែលបញ្ជាក់ឡើងវិញពីការគាំទ្ររបស់សហរដ្ឋអាមេរិកដល់អ៊ីស្រាអែលនិងការឆ្លើយតបខាងយោធារបស់ខ្លួនដល់ការវាយប្រហារដ៏ប្រល័យរបស់ក្រុមហាម៉ាស់ប្រឆាំងនឹងអ៊ីស្រាអែលកាលពី២ខែកន្លងមកនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសម្តែងការព្រួយកង្វល់អំពីចំនួនជនស៊ីវិលស្លាប់និងរបួសនៅក្នុងតំបន់ ហ្កាហ្សា៕
អ្នកស្រី Anita Powell អ្នកយកព័ត៌មានវីអូអេនៅសេតវិមានផ្តល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAP, AFP និង Reuters