ឥឡូវ​នេះ​អាមេរិក​ក្លាយ​ជា​អ្នក​ផលិត​ប្រេង​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក

និមិត្ត​សញ្ញា​របស់​ក្រុមហ៊ុន Rosneft ដែល​ជា​ក្រុមហ៊ុន​ផលិត​ប្រេង​ដ៏​ធំ​របស់​រុស្ស៊ី​ត្រូវ​បាន​គេ​ឃើញ​ដាក់​នៅ​លើ​ក្តារ​ព័ត៌មាន​នៃ​សា្ថនីយ៍​ប្រេង​នៅ​ក្នុង​ទីក្រុង​មូស្គូ​ កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។

សហរដ្ឋ​អាមេរិក​បាន​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំបង្អស់របស់​ពិភពលោក​នៅ​ឆ្នាំ​២០១៤ ​នេះ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ថាមពល​ BP។

លោក Spencer Dale សេដ្ឋវិទូ​នៃ​ក្រុមហ៊ុន​ថាម​ពល BP បាន​សរសើរ​ដល់​បដិវត្តន៍​ប្រេង​ពី​ថ្ម​ចំពោះ​ការ​កើន​ឡើង​ក្នុង​ផលិតផល​ប្រេង​អាមេរិកដែល​បាន​ជួយក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​ផលិត​ប្រេង​ច្រើន​ជាង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ​ទិន្នផល​ឧស្ម័ន​ធម្មជាតិ​ និង​ប្រេង​របស់​សហរដ្ឋ​អាមេរិក​បូក​បញ្ចូល​គ្នា​នា​ពេល​ឥឡូវ​នេះ​មាន​ច្រើន​ជាង​ប្រទេស​រុស្ស៊ី​ដែល​កាល​ពី​ពេល​មុន​បាន​នាំ​មុខ​ពិភពលោក។

នៅ​ក្នុង​ការ​បង្ហាញ​ទៅ​ក្រុម​អ្នក​ជំនាញ​ថាម​ពល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​លោក Dale ​បាន​និយាយ​ថា ​យើង​កំពុង​ឃើញ​ផ្ទាល់​នឹង​ភ្នែកការ​ផ្លាស់​ប្តូរ​អ្នក​ផ្គត់ផ្គង់​ថាម​ពល​ពិភពលោក​ដោយ​មាន​ការ​ស្មុគ្រស្មាញ​កាន់​តែ​ខ្លាំង​ឡើង។ ឥឡូវនេះ ​សហរដ្ឋ​អាមេរិក​ ​បាន​ចំណាយ​កាន់តែ​តិច​ទៅលើ​ការ​នាំ​ចូល​ថាមពល ​ដែល​កាល​ពី​ពេល​មុនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​តុល្យភាព​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ជាតិ។

​ការ​កើន​ឡើង​នូវ​ផលិត​ផល​កើត​មាន​ឡើង​នៅ​ពេល​ដែល​តម្រូវការ​ថាម​ពល​កើន​ឡើង​មិន​ដល់​២​ភាគរយ​ដែល​ជា​អត្រា​ទាប​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក។ ​អ្នក​ជំនាញ​ក្រុមហ៊ុន​ថាមពល BP ​បាន​ព្យាករណ៍​ថា តម្រូវការ​ប្រេង​ចុះ​ខ្សោយ​ហើយ​និង​ការ​ផ្លាស់ប្តូរ​ក្នុង​ការ​ប្រើប្រាស់​ថាមពល​របស់​ចិន​បាន​ធ្វើ​ឲ្យ​ការ​បញ្ចេញ​សារធាតុ​កាបោន​មាន​ប្រហែលពាក់​កណ្តាល​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ។

ដោយ​មាន​ការ​ផ្គត់​ផ្គង់​ថាម​ពល​លើស​ពី​តម្រូវការ តម្លៃ​ប្រេង​បានធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​សន្សំ​ប្រាក់​សម្រាប់គោល​បំណង​ផ្សេង​ៗ​ទៀត ​ជាការ​ផ្លាស់​ប្តូរ​មួយ​ដែល​នៅ​ទី​បញ្ចប់​ត្រូវ​គេរំពឹង​ថា ​នឹង​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន៕