ដោយករណីឆ្លងជំងឺកូវីដ១៩ កើនឡើងនៅក្នុងសហរដ្ឋអាមេរិក នាយកខុទ្ទកាល័យសេតវិមានលោក Mark Meadow បានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថា សហរដ្ឋអាមេរិក «នឹងមិនគ្រប់គ្រងការរាតត្បាតនៃជំងឺនេះទេ»។
ក៏ប៉ុន្តែ លោក Meadow បានប្រាប់ទីភ្នាក់ងារព័ត៌មាន CNN ថា៖ «យើងនឹងគ្រប់គ្រងការពិតដែលថាយើងនឹងមានវ៉ាក់សាំង វិធីព្យាបាល និងវិធីផ្សេងៗទៀតដើម្បី [កាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺនេះ]»។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយលោក Jake Tapper នៃទីភ្នាក់ងារព័ត៌មាន CNN លោក Meadow បានការពារចំណាត់ការរបស់លោកប្រធានាធិបតី Donald Trump ចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក។
លោក Meadow បានអះអាងថា៖ «នៅពេលបច្ចុប្បន្ននេះ ស្ថានការណ៍មានភាពប្រសើរជាងមុខច្រើន។ លោកប្រធានាធិបតីបានធ្វើកិច្ចការដ៏ល្អ»។ ស្របពេលនោះដែរ លោក Meadow បាននិយាយថា រីឯលោក Biden វិញ លោក «នឹងបិទសកម្មភាពសង្គមទាំងអស់»។
លោក Biden ដែលនាំមុខលោក Trump នៅក្នុងការស្ទង់មតិភាគច្រើនទាំងការស្ទង់មតិថ្នាក់ជាតិ និងការស្ទង់មតិនៅតាមបណ្តារដ្ឋដែលមានការប្រជែងខ្លាំង បានរិះគន់ភា្លមៗលើចំណាត់ការរបស់លោក Trump ចំពោះជំងឺកូវីដ១៩ នេះ ដោយបាននិយាយថា លោក Trump បានបង្ហាញឲ្យឃើញថា ខ្លួនគ្មានសមត្ថភាពនៅក្នុងការគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺនេះ។
លោក Biden បានបញ្ជាក់ដូច្នេះថា៖ «នេះជាការទទួលស្គាល់ដោយឥតលាក់លៀមនូវយុទ្ធសាស្ត្ររបស់លោកប្រធានាធិបតី Trump ដែលបានបង្ហាញតាំងពីដំបូងនៃវិបត្តិនេះ ដែលនោះគឺការលើកទង់ជ័យសចុះចាញ់ និងក្ដីសង្ឃឹមដែលថា ដោយធ្វើព្រងើយកន្តើយចំពោះវីរុសនេះ វីរុសនេះនឹងបាត់ដោយឯកឯង។ វីរុសនេះមិនបានបាត់នោះទេ ហើយវាក៏នឹងមិនបាត់ [ដោយឯកឯង] នោះដែរ»។
លោក Biden បានបន្ថែមថា៖ «វាហួសពេលយូរហើយសម្រាប់លោកប្រធានាធិបតី Trump និងរដ្ឋបាលរបស់លោកនៅក្នុងការស្ដាប់តាមអ្នកវិទ្យាសាស្ត្រ ចាត់វិធានការ និងមិនលែងសើចចំពោះការគំរាមកំហែងនៃវីរុសដែលបានធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្សរាប់ពាន់នាក់ក្នុងមួយសប្ដាហ៍ បានបណ្ដាលឲ្យមានការបិទសាលារៀន និងបានបង្ខំឲ្យពលរដ្ឋរាប់លាននាក់បាត់បង់ការងារធ្វើនេះ»។
សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក ឥឡូវនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជិត ២២៥.០០០ នាក់ និងអ្នកឆ្លងជិត ៨ លាន ៦ សែននាក់ ដែលជាចំនួនច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ ការព្រួយបារម្ភភាគច្រើនគឺការកើនឡើងខ្លាំងនូវការឆ្លងថ្មី ដែលមានរហូតដល់ទៅ ៣២% គឺស្មើនឹងជាង ៦៨.០០០ ករណីក្នុងមួយថ្ងៃកាលពីសប្ដាហ៍មុន និងកើនឡើងដល់ជិត ៨៤.០០០ ករណី កាលពីថ្ងៃសៅរ៍៕