ការលើកឡើងពីសំណាក់រដ្ឋាភិបាលកូរ៉េខាងជើងដូចនេះ កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ទៅកូរ៉េខាងជើងថា រាល់ការគំរាមកំហែងណាមួយមកលើសហរដ្ឋអាមេរិកនឹងប្រឈមជាមួយនឹងអ្វីដែលលោកប្រធានាធិបតីបានហៅថា «ភ្លើង និង កំហឹង»។ គួរបញ្ជាក់ថា សូម្បីតែការវាយប្រហារមានកម្រិតមួយពីសំណាក់សហរដ្ឋអាមេរិកទៅលើកូរ៉េខាងជើង គឺទំនងនឹងបង្កឲ្យមានការវាយប្រហារដោយប្រល័យតបមកវិញ ដែលការណ៍នេះភ្លាមៗអាចក្លាយជាសង្រ្គាមនុយក្លេអ៊ែរយ៉ាងទូលំទូលាយមួយ។
នៅក្នុងស្ថានភាពដ៏ប្រសើរបំផុតមួយ ការវាយប្រហារស្កាត់ទុកមុនពីសំណាក់សហរដ្ឋអាមេរិកទៅលើកន្លែងបង្ហោះគ្រាប់មីស៊ីល ឬកន្លែងផលិតអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង នឹងមិនប៉ះពាល់ខ្លាំងដល់សមត្ថភាពប្រយុទ្ធរបស់ប្រទេសនោះឡើយ។ ប៉ុន្តែការវាយប្រហារស្កាត់ទុកមុននេះប្រហែលអាចជំរុញឲ្យមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ស្វះស្វែងរកផ្លូវពិភាក្សា ជាជាងប្រថុយប្រថាននឹងសង្រ្គាមមួយ ដែលរូបលោកផ្ទាល់ដឹងច្បាស់ថា មិនអាចយកឈ្នះបានឡើយ។
លោក Shin In-Kyun អ្នកវិភាគផ្នែកសន្តិសុខនៃអង្គការបណ្តាញការពារជាតិកូរ៉េខាងត្បូង និយាយថា៖ «ប្រសិនបើគាត់ (លោក Kim Jong Un) មានភាពអត់ធ្មត់ និងព្យាយាមស្វែងរកដំណោះស្រាយតាមរយៈការចរចាជាមួយនឹងសហរដ្ឋអាមេរិក ដោយប្រើប្រទេសចិន និងរុស្ស៊ី គាត់ប្រហែលអាចនៅរស់រានបាន»។
ទោះបីយ៉ាងណាក៏ដោយ ហេតុផលសម្រាប់ចំណាត់ការតាមមធ្យោបាយយោធាដើម្បីកំចាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺថា ថា្នក់ដឹកនាំដ៏គឃ្លើននៅក្រុងព្យុងយ៉ាង មិនអាចត្រូវទុកចិត្តបានថា នឹងរក្សាឥរិយាបថមិនគឃ្លើននោះទេ។
អ្នកវិភាគតំបន់អាស៊ីភាគឦសាន លោក Bruce Klingner នៃអង្គការ The Heritage Foundation បាននិយាយថា៖ «អ្នកខ្លះគិតថា លោក Kim Jong Un គឺឆ្កួតលីលា ហើយប្រហែលនឹងធ្វើការវាយប្រហារ។ ប៉ុន្តែគាត់នឹងគិតគ្រប់ជ្រុងជ្រោយជាមុនសិន ហើយសម្រេចមិនឆ្លើយតបនឹងការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិកទេ»។
កូរ៉េខាងជើងបានព្រមានថា ខ្លួននឹងបង្រៀន «ធម៌ក្តៅ» ទៅកាន់សហរដ្ឋអាមេរិក តាមរយៈការឆ្លើយតបចំពោះចំណាត់ការយោធាជាមួយនឹងអាវុធនុយក្លេអ៊ែរ។
ប៉ុន្តែក្រុមអ្នកជំនាញផ្នែកយុទ្ធសាស្រ្តយោធានិយាយថា ការវាយប្រហារមានកម្រិតមួយនឹងកាន់តែបំផុសឲ្យមានការវាយប្រហារអាវុធដ៏ប្រល័យ ក៏ដូចជាអាវុធគីមី ប្រឆាំងនឹងកូរ៉េខាងត្បូងផងដែរ។ ហើយការណ៍នេះអាចបង្កជា ជម្លោះដ៏ធំមួយតាមបណ្តោយព្រំដែន ដែលមានដាក់ពង្រាយយោធាយ៉ាងខ្លាំង រវាងប្រទេសកូរ៉េទាំងពីរ និងអូសទាញកងទ័ពអាមេរិកជាង ២ម៉ឺន ប្រាំបីពាន់នាក់ឲ្យចូលដៃប្រយុទ្ធជាមួយភាគីកូរ៉េខាងត្បូង។
កូរ៉េខាងជើងមានសមត្ថភាពបាញ់គ្រាប់កាំភ្លើងកាណុងធំ ចំនួន ៣សែនគ្រាប់ ក្នុងរយៈពេលមួយម៉ោងដំបូង នៅក្នុងការវាយប្រហារមួយ ដែលអាចទៅដល់ពលរដ្ឋកូរ៉េខាងត្បូងចំនួនពាក់កណ្តាល ដែលក្នុងនោះរួមមានពលរដ្ឋ ១០ លាននាក់រស់នៅក្រុងសេអ៊ូលផងដែរ។
ការវាយប្រហារលាតសន្ធឹងជាងនេះ ដើម្បីចាត់ទីដៅលើកន្លែងផលិតមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ទាំងអស់ចាំបាច់ត្រូវតែរួមមានផែនការនានាសម្រាប់ការចូលលុកលុយពេញលេញទៅលើប្រទេសនោះ។
លោក Bruce Klingner នៃអង្គការ The Heritage Foundation បាននិយាយថា៖ «ដើម្បីធានាថា អ្នកបានបំបាត់គ្រប់សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង គឺពិតជាត្រូវការការបញ្ចប់របបដឹកនាំនៅកូរ៉េខាងជើង។
នៅទីបំផុត ក្រុមអ្នកជំនាញផ្នែកយុទ្ធសាស្រ្តយោធានិយាយថា កងកម្លាំងអាមេរិកអាចយកឈ្នះសង្រ្គាមប្រឆាំងនឹងកូរ៉េខាងជើង ប៉ុន្តែការប្រយុទ្ធគ្នានឹងបង្កវិនាសកម្មនៅក្នុងតំបន់ និងធ្វើឲ្យមនុស្សរាប់លាននាក់បាត់បង់ជីវិត។
លើសពីនេះទៅទៀត ក៏មានលទ្ធភាពដែលថា ចិននឹងចូលប្រយុទ្ធដើម្បីផ្តល់ជំនួយដល់កូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ដោយធ្វើឲ្យជម្លោះបង្ហូរឈាមគ្នានេះ កាន់តែចុះដុនដាបតទៅទៀត៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា