គ្មានភស្តុតាងដំបូងនៃការបាញ់ប្រហារនៅមណ្ឌលពេទ្យ​នៃកងទ័ព​ជើង​ទឹក​អាមេរិក

ក្រុម​មន្រ្តី​ប៉ូលិស​ចូល​ទៅ​ក្បែរ​កន្លែង​ចត​ឡាន​នៃ​អគារលេខ​២៦ នៅ​មណ្ឌល​ពេទ្យ​​នៃ​កងទ័ព​ជើង​ទឹក​អាមេរិក​ នៅ​ក្នុង​ក្រុង​ San Diego រដ្ឋ​ California នៅ​ថ្ងៃ​ទី​២៦ ខែ​មករា​ ឆ្នាំ​២០១៦។​

អាជ្ញាធរ​ស.រ.អ.កំពុង​ស៊ើប​អង្កេត​អំពី​លទ្ធភាព​នៃ​ការមាន​ឧប្បត្តិហេតុ​បាញ់​កាំភ្លើង​ដោយ​សកម្ម​មួយ​ នៅ​ឯ​មណ្ឌល​ពេទ្យ​នៃ​កងទ័ព​ជើង​ទឹក​ស.រ.អ.ក្នុង​ក្រុង​ San Diego រដ្ឋ​ California ក៏​ប៉ុន្តែ​បាន​និយាយ​ថា​ ការ​ឆែកឆេរ​ដំបូង​ពួក​គេ​មិន​បាន​រក​ឃើញ​ជនរងគ្រោះ​ឬ​អ្នកបាញ់​កាំភ្លើង​ណាម្នាក់ទេ។

អាជ្ញាធរ​បាន​រាយ​ការណ៍​ថា​សាក្សី​ម្នាក់​បាន​ឮ​ស្នូរ​កាំភ្លើង​បី​គ្រាប់​នៅ​ក្នុង​ជាន់​ក្រោម​ដី​នៃ​អគារ​លេខ​២៦​នៃ​មណ្ឌល​ពេទ្យ​នេះ​ ដោយ​អាជ្ញាធរ​មន្ទីរពេទ្យ​នេះ​បាន​ណែនាំ​មនុស្ស​នៅ​ក្នុង​អគារ​នោះ​ឱ្យ​ «រត់ លាក់ខ្លួន​ ឬ​ប្រយុទ្ធ។»

នៅ​ពេល​នេះ​ក្រុម​អាជ្ញាធរ​កំពុង​ធ្វើការ​ឆែកឆេរ​បន្ថែ​មទៀត​នៅ​ក្នុង​អគារនោះ។​

គេ​បាន​បិទ​អគារ​នេះ​ហើយ​ នៅ​ពេល​ដែល​អាជ្ញាធរ​ធ្វើការ​ស៊ើប​អង្កេត។ អគារ​លេខ​២៦​មាន​កន្លែង​ហាត់ប្រាណ ការិយាល័យ ​និង​បន្ទាយ​សម្រាប់​ពួក​ទាហាន​ជើង​ទឹក​និង​ទាហាន​ម៉ារីន​ដែល​ត្រូវ​របួស៕