លោកចន បូលតុន (John Bolton) ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក គ្រោងនឹងជួបចរចាជាមួយនឹងមន្ត្រីតួកគីនៅថ្ងៃចន្ទនេះក្នុងខណៈពេលដែលរដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំស្វែងរកការធានាពីកងកម្លាំងយោធាតួកគីថានឹងមិនវាយប្រហារកងកម្លាំងឃឺដ ដែលជាសម្ព័ន្ធមិត្តរបស់កងកម្លាំងសហរដ្ឋអាមេរិកទេ។
ដំណើរទស្សនកិច្ចទៅប្រទេសតួកគីកើតមានឡើងរយៈពេលមួយថ្ងៃក្រោយពីលោកបូលតុនបាននិយាយថាការការពារក្រុមអ្នកប្រយុទ្ធជាតិឃឺដគឺជាលក្ខខណ្ឌដ៏ចាំបាច់មួយសម្រាប់សហរដ្ឋអាមេរិកដកកងទ័ពចំនួន២០០០នាក់ចេញពីស៊ីរី។ ក្រុមអ្នកប្រយុទ្ធជាតិឃឺដទាំងនោះបានជួយសហរដ្ឋអាមេរិកប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។
ប្រទេសតួកគីចាត់ទុកក្រុមអ្នកប្រយុទ្ធជាតិឃឺដ ដែលមានឈ្មោះថាកងឯកភាពការពារពលរដ្ឋឃឺដនៅស៊ីរី ថាមានជាប់ពាក់ព័ន្ធនឹងក្រុម PKK ដែលជាក្រុមឃឺដដែលបានធ្វើការបះបោរជាច្រើនទសវត្សរ៍នៅតំបន់ភាគខាងត្បូងប្រទេសតួកគី។
លោកបូលតុនបន្ថែមថាពេលវេលាដកកងទ័ពសហរដ្ឋអាមេរិកចេញមិនទាន់កំណត់នៅឡើយទេ ប៉ុន្តែដំណើរការនោះក៏នឹងមិនធ្វើឡើងដោយតក់ក្រហល់ដែរ។ អត្ថាធិប្បាយរបស់លោកគឺជាការបញ្ជាក់ជាសាធារណៈលើកទីមួយថារដ្ឋបាលលោកប្រធានាធិបតីត្រាំបានដកថយពីការបញ្ជាក់កាលពីលើកមុនថាសហរដ្ឋអាមេរិកនឹងដកកងទ័ពចេញក្នុងរយៈពេល៣០ថ្ងៃ៕