ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ នឹង​មិន​ពិចារណា​ឡើង​វិញ​ទៅ​លើ​ការ​ដក​ទ័ព​ពី​ស៊ីរី​នោះ​ទេ


លោក​ប្រធានាធិបតី​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​មិន​កែប្រែ​ចិត្ត​ចំពោះ​ការ​ដក​កងកម្លាំង​អាមេរិក​ចេញ​ពី​ប្រទេស​ស៊ីរី​នោះ​ទេ។ នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​នាយខុទ្ទកាល័យ​ស្តីទី​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ។

លោក Mick Mulvaney បាន​ថ្លែង​ប្រាប់​បណ្តាញ​សារព័ត៌មាន ABC ក្នុង​កម្មវិធី This Week ថា «ខ្ញុំ​គិត​ថា លោក​ប្រធានាធិបតី​បាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ​តាំង​ពី​ដំបូង​ម៉្លេះ​ថា​លោក​មិន​ចង់​ដាក់​កងកម្លាំង​អាមេរិក​ក្នុង​ប្រទេស​ស៊ីរី​ជា​រៀង​រហូត​នោះ​ទេ‍។ ហើយ​នេះ​គឺ​ជា​សមិទ្ធផល​ក្រោយ​ពី​ការងារ​របស់លោក​បាន​ដំណើរការ​អស់​រយៈពេល​ពីរ​ឆ្នាំ‍»។

នៅ​ពេល​សួរ​អំពី​ការ​លាលែង​ពី​តំណែង​របស់​លោក Jim Mattis រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​និង​លោក Brett McGurk ដែល​ជា​បេសកជន​ពិសេស​របស់​អាមេរិក​ប្រចាំ​នៅ​ក្រុម​សម្ព័ន្ធមិត្ត​សកល​ប្រឆាំង​នឹង​ក្រុម​រដ្ឋឥស្លាម លោក Mulvaney បាន​ឆ្លើយ​ថា «នេះ​មិនមែន​ជា​រឿង​មិន​ធម្មតា​នោះ​ទេ‍» សម្រាប់​សមាជិក​គណៈរដ្ឋមន្ត្រី​លាលែង​ពី​តំណែង​ចំពោះ​ការ​មិន​ព្រមព្រៀង​គ្នា​របៀប​នេះ​នោះ។​

ការ​លាលែង​ពី​តំណែង​របស់​លោក McGurk និង​លោក Mattis ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក ត្រាំ បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា ក្រុម​រដ្ឋ​ឥស្លាម​ត្រូវ​បាន​កម្ចាត់​ហើយ ហើយ​ថា​កងកម្លាំង​របស់​អាមេរិក​ចំនួន​២០០០​នាក់​ក្នុង​ប្រទេស​ស៊ីរី​នឹង​ត្រូវ​ដក​ត្រឡប់​មក​កាន់​សហរដ្ឋអាមេរិក​វិញ។ ​

ដោយ​ថ្លែង​ពី​ប្រទេស​ឆាដ កាល​ពី​ថ្ងៃ​អាទិត្យ ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​និយាយ​ថា លោក​ «មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង‍» ចំពោះ​ការ​សម្រេចចិត្ត​របស់​លោក ត្រាំ ក្នុង​ការ​ដក​កងកម្លាំង​ពី​ប្រទេស​ស៊ីរី​នោះ។

លោក​បាន​ថ្លែង​ថា «ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា​គឺ​ត្រូវ​ប្រយុទ្ធ​កៀកស្មា​នឹង​គ្នា​ ហើយ​លោក​ក៏សម្តែង​ការ​គោរព​ចំពោះ​លោក​រដ្ឋមន្ត្រី Mattis ដែល​នឹង​ចេញ​ពី​តំណែង​ ដែល​លោក​ប្រធានាធិបតី Macron ហៅ​លោក​ថា «ជា​ដៃគូ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​មួយ​រូប‍»៕

XS
SM
MD
LG